ចិន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាម៉េរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ​

595
ចែករម្លែក

​កាលពី​ថ្ងៃ​សៅរ៍​ទី​១​មិថុនា ចិន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​អាម៉េរិក​តម្លៃ ៦០ ពាន់​លាន​ដុល្លារ ខណៈ​ចិន​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​បរទេស “​មិនអាច​ទុកចិត្តបាន​” ដែល​ក្រុមអ្នកវិភាគ​និយាយថា​មានបំណង​ដាក់ពិន័យ​ក្រុមហ៊ុន​អាមេរិក​និង​បរទេស​ណា​ដែល​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឱ្យទៅ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ។​

​ពន្ធ​ថ្មី​ដែលមាន​ចាប់ពី ៥ ទៅ ២៥​ភាគរយ​នេះ គឺ​សងសឹក​ចំពោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ដំឡើង​ពន្ធ​ពី​៥​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០ ពាន់​លាន​ដុល្លារ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​បាន​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​កាលពី​ខែ​មុន នៅពេល​ការចរចា​នៅ​អាម៉េរិក​បានបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង ដោយ​ពួក​អ្នកចរចា​អាម៉េរិក​ចោទប្រកាន់​ពួក​អ្នកចរចា​ចិន​ថា​ក្បត់​ការប្តេជ្ញាចិត្ត​ពីមុន​របស់​ពួកគេ​។​

​ប្រទេស​ទាំង​ពីរបាន​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​លើ​ទំនិញ​តម្លៃ​សរុប ៣៦០ ពាន់​លាន​ដុល្លារ​។​

​សង្គ្រាម​ពន្ធ​ទៅវិញទៅមក​នេះ​បាន​កើនឡើង​ខ្លាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយសារ​អាម៉េរិក​ដាក់​ក្រុមហ៊ុន Huawei ក្នុង​បញ្ជីខ្មៅ​ដោយសារ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ជាតិ ដោយ​គំរាមកំហែង​ដល់​មហិច្ឆតា​របស់ Huawei ក្នុងការ​ក្លាយខ្លួនជា​អ្នក​ឈានមុខ​គេ​លើ​ឧបករណ៍ 5G ។​

​ក្រសួងពាណិជ្ជកម្ម​អាម៉េរិក​បានដាក់​ក្រុមហ៊ុន Huawei នៅក្នុង “​បញ្ជី​អង្គភាព​មិនគួរ​ទុកចិត្ត​” ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​សន្តិសុខ​ជាតិ​នៅ​ថ្ងៃទី ១៦ ខែឧសភា ជា​វិធានការ​មួយ​ដែល​ទប់ស្កាត់ Huawei ពី​ការទិញ​គ្រឿងបន្លាស់​និង​សូ​ហ្វ​វែ​ផលិត​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ឧបករណ៍​របស់​ក្រុមហ៊ុន​។ ក្រោយមក អាម៉េរិក​បានផ្តល់​ការពន្យារពេល​រយៈពេល ៩០ ថ្ងៃ​ដល់ Huawei សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​របស់​អា​ម៉េ​រិ​ក​។​

​ដោយ​វាយបក​ទៅលើ​អាម៉េរិក​វិញ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​ឧសភា​ថា ខ្លួន​នឹង​ចេញ​នូវ​បញ្ជី “​អង្គភាព​មិនគួរ​ទុកចិត្ត​” ដែល​ក្បត់​កិច្ចសន្យា​ពាណិជ្ជកម្ម​របស់​ពួកគេ​និង​បញ្ឈប់​ការផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចិន​៕ ដោយ៖ កញ្ញាដាលីស

ការដំឡើង​ពន្ធ​របស់​ចិន​ធ្វើឡើង​បន្ទាប់ពី​អាម៉េរិក​ធ្វើបាប​ក្រុមហ៊ុន​ចិន Huawei