ចិន​ត្រូវការ​កន្លែង​ថ្មី​ដើម្បី​លក់​ភ្នំ​ទំនិញ​របស់ខ្លួន

560
ចែករម្លែក
ដោយ​មើលទៅ​សង្គ្រាម​ពាណិជ្ជកម្ម​ហាក់ដូច​មិនអាច​បញ្ចប់​បាន​ក្នុងពេល​ឆាប់ៗ​នោះ ប្រទេស​ចិន​ត្រូវការ​ទីផ្សារ​ថ្មី​សម្រាប់​ទំនិញ ដែល​ខ្លួន​បាន​ផលិត

ប្រទេស​ចិន​មាន​រោងចក្រ​ច្រើនពេក ផលិត​ទំនិញ​ច្រើនពេក​។ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក ឥឡូវ​អាម៉េរិក​ដែលជា​អតិថិជន​ធំជាងគេ​បំផុត​របស់​ចិន​លែង​ទិញ​ទំនិញ​ចិន​ដូច​កាលពីមុន​ទៀតហើយ​។​

​ដូច្នេះ​ប្រទេស​ចិន​កំពុង​ស្វែងរក​អតិថិជន​ថ្មី​។ ពួកគេ​អាច​នឹង​ពិបាក​លក់ទំនិញ​ទាំងនោះ​បន្តិច​ហើយ​។​

​នៅ​សប្តាហ៍​នេះ​ប្រទេស​ចិន​បានចាប់ផ្តើម​ជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាមួយ​គោលដៅ​ធ្វើ​កិច្ចព្រមព្រៀង​ឱ្យបាន​នៅ​ខែវិច្ឆិកា​។ ប្រសិនបើ​ជោគជ័យ កិច្ចព្រមព្រៀង​នោះ​អាច​នឹង​បើក​ទីផ្សារ​ពី​ប្រទេស​អូស្ត្រាលី​រហូតដល់​ប្រទេស​ឥណ្ឌា​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​រក្សា​ដង្ហើមរស់​សម្រាប់​កិច្ចសន្ទនា​ត្រីភាគី ដែល​អាច​នឹង​កាត់បន្ថយ​ឧបសគ្គ​ពាណិជ្ជកម្ម​ក្នុងចំណោម​ប្រទេស​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​។ និយាយ​ឱ្យ​ទូលំទូលាយ​ជាងនេះទៅទៀត​គឺ​ចិន​កំពុង​កាត់បន្ថយ​ពន្ធខ្លួន​ឯង​ជា​ឯកតោភាគី​លើ​ទំនិញ​ជាច្រើន​មកពី​ទូទាំង​ពិភពលោក ទោះបីជា​ចិន​បាន​យកពន្ធ​សងសឹក​ខ្ពស់ជាង​លើ​ទំនិញ​ផលិត​នៅ​អាម៉េរិក​ក៏ដោយ​។​

​ហានិភ័យ​គឺ​សុខភាព​សេដ្ឋកិច្ច​ចិន​។ កាលពី​សប្តាហ៍​មុន ចិន​បាន​រាយការណ៍​ថា​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​បាន​ធ្លាក់ចុះ​ដល់​ល្បឿន​យឺត​បំផុត​ក្នុង​រយៈពេល​ជិត ៣ ទសវត្សរ៍ ដែល​មួយផ្នែក​គឺ​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋបាល​ត្រាំ​បានចាប់ផ្តើម​ជះឥទ្ធិពល​ដល់​វិស័យ​នាំចេញ​ដ៏​សំខាន់​របស់ខ្លួន​។​

​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​សកលលោក​ជាច្រើន​កំពុង​សម្លឹងមើល​ការ​រើ​ទីតាំង​រោងចក្រ​ទៅ​ប្រទេស​ដទៃទៀត​ដើម្បី​បញ្ចៀស​នូវ​អ្វីដែល​អាចជា​សង្គ្រាម​ពាណិជ្ជកម្ម​អូសបន្លាយ​ពេល​យូរ​។​

​ដោយ​មើលទៅ​សង្គ្រាម​ពាណិជ្ជកម្ម​ហាក់ដូច​មិនអាច​បញ្ចប់​បាន​ក្នុងពេល​ឆាប់ៗ​នោះ ប្រទេស​ចិន​ត្រូវការ​ទីផ្សារ​ថ្មី​សម្រាប់​ទំនិញ ដែល​ខ្លួន​បាន​ផលិត​។​

​សាស្ត្រាចារ្យ ចេង ទីង​ទីង អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជី​ណាន​ក្នុង​ខេត្ត​ក្វាង​ចូ​វ ប្រទេស​ចិន បាន​និយាយថា “​វា​ពិបាក​ក្នុងការ​ជំនួស​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​អ្នក​ត្រូវតែ​ព្យាយាម អ្នក​ត្រូវតែ​ធ្វើ​ឱ្យទៅជា​ចម្រុះ​។ យើង​មិន​ចង់​ពឹង​ផ្អែកលើ​ទីផ្សារ​អាម៉េរិក​ជា​រៀងរហូត​ទេ ទោះបី​វា​សំខាន់​ក៏ដោយ​”​។​

​ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិបាក​នឹងធ្វើ​បាន​ណាស់ ហើយ​ដៃគូ​ពាណិជ្ជកម្ម​សេរី​ទំនងៗ​របស់​ចិន​មាន​ហេតុផល​ច្រើន​ត្រូវ​ព្រួយបារម្ភ​។​

​គ្មាន​ប្រទេស​ណាមួយ​អាច​ស្រូបយក​បរិមាណ​ទំនិញ ដែល​ចិន​លក់​ឱ្យទៅ​អតិថិជន​អាម៉េរិក​បានទេ​។ ប្រទេសជិតខាង​ក្នុង​តំបន់​របស់​ចិន​កំពុង​ប្រកួតប្រជែង​នឹង​ចិន​ក្នុង​ឧស្សាហកម្ម​មួយចំនួន​។ ហើយ​ប្រទេស​ចិន​នៅតែ​បន្ត​រក្សា​ពន្ធ​ខ្ពស់​និង​របាំង​ផ្សេងទៀត​ដើម្បី​ការពារ​ឧស្សាហកម្ម​ផ្ទាល់​របស់ខ្លួន ពោល របាំង​ទាំងនោះ​មុខតែ​នឹងត្រូវ​បោះបង់ចោល ប្រសិនបើ​ចិន​ចង់ឱ្យ​ប្រទេស​ទាំងនោះ​ចុះ​កិច្ចព្រមព្រៀង​។​

​ការប៉ះទង្គិច​ខាង​សេដ្ឋកិច្ច​រវាង​អាម៉េរិក​និង​ចិន​បានធ្វើឱ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​បាត់បង់​តុល្យភាព​។ ប្រទេស​ចិន​មាន​អតិរេក​ប្រចាំឆ្នាំ​នៅក្នុង​ពាណិជ្ជកម្ម​ទំនិញ​ដែល​ផលិត​បាន​ចំនួន​ជិត ១ លាន​លាន​ដុល្លារ ដែល​នេះ​មានន័យថា ចិន​លក់ទំនិញ​ច្រើន​នៅលើ​ពិភពលោក​ជាង​ការដែល​ខ្លួន​ទិញ​ពី​គេ​ប្រចាំឆ្នាំ​។ ជិត​ពាក់កណ្តាល​នៃ​អតិរេក​នោះ​គឺ​បានមកពី​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​ការនាំចេញ​សរុប​របស់​ចិន​ទៅ​អាម៉េរិក​បាន​ធ្លាក់ចុះ ៨,៥ ភាគរយ​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។ ការនាំចេញ​របស់​ចិន​ទៅកាន់​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​បាន​កើនឡើង​ត្រឹមតែ ២,១ ភាគរយ​ប៉ុណ្ណោះ​។ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ទីក្រុង​ប៉េកាំង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ឈាន​ចូលដល់​ឆ្នាំ​ទី ២ សំណួរ​នៅពេលនេះ​គឺ តើ​អ្នកណា​នឹង​ទិញ​ទំនិញ​រោងចក្រ​បន្ថែម​របស់​ចិន បើ​អាម៉េរិក​មិន​ទិញ​ផង​នោះ​។​

​បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ញាំញី​ដោយ​សមត្ថភាព​លើសលប់​សម្រាប់​ការផលិត​រថយន្ត ដែកថែប និង​ផលិតផល​ផ្សេងទៀត​នៃ​ពាណិជ្ជកម្ម​ពិភពលោក​។ ការ​ថយ​ល្បឿន​នៃ​រោងចក្រ​ជាច្រើន​និង​ការបិទទ្វារ​រោងចក្រ​កាន់តែច្រើន​ទៀត​អាច​នឹង​បណ្តាលឱ្យ​បាត់បង់​ការងារ​និង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​ថែមទៀត​។​

​ដោយ​កំពុង​ប្រឈមមុខ​នឹង​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​បន្ថែមទៀត​នោះ ទីក្រុង​ប៉េកាំង​កំពុង​ស្វែងរក​ការបើក​ទីផ្សារ​ផ្សេង​ជាច្រើន​ទៀត​។ ចំណុច​សំខាន់​នៃ​កិច្ចប្រឹងប្រែង​របស់ខ្លួន​នៅ​រដូវក្តៅ​នេះ​គឺ​ជំរុញ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​ហៅថា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ឬ​ហៅ​កាត់​ថា RCEP ។ ភាពជា​ដៃគូ​នេះ​នឹង​រួមបញ្ចូល​ប្រទេស​អាស៊ាន​ទាំង ១០ បូក​ទាំង​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង​។​

​ក្រុមមន្ត្រី​ពាណិជ្ជកម្ម​ថ្នាក់កណ្តាល​និង​ជាន់ខ្ពស់​មកពី​ទូទាំង​តំបន់​បានចាប់ផ្តើម​ប្រជុំ​នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង​ចេង​ចូ​វប្រ​ទេស​ចិន​។ បន្ទាប់មក​រដ្ឋមន្ត្រីរ​បស់​ពួកគេ​នឹងចូលរួម​ជាមួយ​ពួក​មន្ត្រី​ទាំងនោះ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ២ និង​ទី ៣ ខែសីហា​។ គោលដៅ​គឺ​ត្រូវ​បង្ហាញ​ពី​កិច្ចព្រមព្រៀង​មួយ​ដែល​មេដឹកនាំ​អាស៊ី​អាច​នឹង​ធ្វើបាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​បាងកក​នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​លោក វូ ចៀន​ហាវ អគ្គនាយក​នៃ​នាយកដ្ឋាន​កិច្ចការ​អាស៊ី​នៅ​ក្រសួងការបរទេស​ចិន​បាន​និយាយថា “​យើង​កំពុង​បន្ត​ពិភាក្សា​អំពី​បញ្ហា​នេះហើយ​យើង​សង្ឃឹមថា​យើង​អាច​បង្កើនល្បឿន​ដើម្បីឱ្យ​កិច្ចព្រមព្រៀង​អាចធ្វើ​រួចរាល់​នៅក្នុង​ឆ្នាំនេះ​”​។​

​ចាប់តាំងពី​ឆ្នាំ​២០១២​មក ពួក​មេដឹកនាំ​ចិន​បាន​និយាយ​អំពី​លទ្ធភាព​នៃ​ភាពជា​ដៃគូ​ក្នុង​តំបន់​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​របស់​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចម្រុះ​មួយ​ហៅថា​ភាពជា​ដៃគូ​ឆ្លងកាត់​តំបន់​ប៉ាស៊ីហ្វិក ដែល​មិន​រាប់បញ្ចូល​ប្រទេស​ចិន​។ ការធ្វើ​កិច្ចព្រមព្រៀង​មួយ​បាន​គឺ​ត្រូវ​តម្រូវឱ្យមាន​ការដោះស្រាយ​បញ្ហាលំបាក​ជាច្រើន​។​

​លោក ថា​កេ​ស៊ី នី​អ៊ី​ណា​មី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Suntory ដែលជា​ក្រុមហ៊ុនស្រា​បៀរ​ជប៉ុន​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ដែល​ផ្តល់យោបល់​ដល់​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ​អំពី​បញ្ហា​សេដ្ឋកិច្ច បាន​និយាយថា “​ខ្ញុំ​មិនមាន​សុទិដ្ឋិនិយម​ថា​កិច្ចព្រមព្រៀង​នោះ​នឹង​សម្រេចបាន​នៅ​ខែវិច្ឆិកា​នោះទេ​។ ប្រហែល​យើង​ត្រូវការ​ពេលវេលា​បន្ថែមទៀត​”​។​

​ឧបសគ្គ​ធំ​បំផុត​គឺ​ពន្ធ​ដ៏​ខ្ពស់​របស់​ចិន​។ ប៉េកាំង​មានការ​ព្រួយបារម្ភ​ជា​យូរ​មកហើយ​ថា​ប្រសិនបើ​ខ្លួន​កាត់​បន្ថយពន្ធ នោះ​រោងចក្រ​ផលិត​នឹង​រត់គេច​ពី​ប្រាក់​ឈ្នួល​ដែល​កំពុង​កើនឡើង​នៅ​ប្រទេស​ចិន​និង​ស្វែងរក​កន្លែង​ដែល​ស៊ីប្រាក់​ឈ្នួល​ទាប​ក្នុងប្រទេស​ដទៃ ដូចជា​វៀតណាម​និង​បង់​ក្លា​ដែ​ស​។​

​គិតពី​ខែឧសភា​ឆ្នាំមុន​មក ប្រទេស​ចិន​បានចាប់ផ្តើម​កាត់បន្ថយ​ពន្ធ​របស់ខ្លួន​។ ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​។ មេដឹកនាំ​ចិន​ក៏មាន​ឆន្ទៈ​កាន់តែខ្លាំង​ឡើង​ក្នុង​ការបន្ថយ​ជញ្ជាំង​ការពារ​ជុំវិញ​ឧស្សាហកម្ម​បច្ចេកវិជ្ជា​ទាប​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម​របស់​ប្រទេស​ដើម្បី​ផ្តោតលើ​ផលិតកម្ម​ទំនើប​វិញ​។​

​ទោះបីជា​ពន្ធគយ​ជា​មធ្យម​នៅតែ​ខ្ពស់ជាង​ពន្ធ​របស់​សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​ប្រភេទ​ទំនិញ​ដែល​ចិន​បាន​កាត់​បន្ថយពន្ធ​គឺមាន​ទំនិញ​បច្ចេកវិជ្ជា​ទាប​ជាច្រើន​ដូចជា​កាបូបដៃ​និង​សម្លៀកបំពាក់​តម្លៃ​ទាប ដែល​ប្រទេសជិតខាង​ចិន​ជាច្រើន​ចង់​នាំចេញ​។​

​នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃទី ២ ខែកក្កដា​នៅ​ទីក្រុង​ដា​លៀន​ប្រទេស​ចិន នាយករដ្ឋមន្ត្រី​ចិន​លី កេ​ឈាំ​ង បាន​និយាយថា “​យើង​នឹង​បន្ត​បន្ថយពន្ធ​ទូទៅ​ដោយ​ស្ម័គ្រចិត្ត ដក​របាំង​មិនមែន​ពន្ធគយ បង្កើន​ការនាំ​ចូល​ទំនិញ​និង​សេវាកម្ម និង​បង្កើន​ការសម្របសម្រួល​ការនាំ​ចូល​”​។​

​បើ​ទទួលបាន​ការគាំទ្រ ចិន​នឹង​ចំណេញ​។ ឧទាហរណ៍​ជាក់ស្តែង ប្រទេស​ឥណ្ឌា​ដែលមាន​ទំហំ​និង​កំណើនសេដ្ឋកិច្ច​លឿន អាចជា​អ្នកទិញ​ដ៏​ធំ​នៃ​ទំនិញ​របស់​ចិន​។ ប៉ុន្តែ​ឥណ្ឌា​ការពារ​ទីផ្សារ​របស់ខ្លួន​ដោយ​ការយក​ពន្ធគយ​ជា​មធ្យម​ដ៏​ខ្ពស់បំផុត​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ពិភពលោក ហើយ​ឥណ្ឌា​ខ្លាច​បំផុត​គឺ​ជំនន់​នៃ​ការ​នាំចូល​ទំនិញ​តម្លៃ​ទាប​ពី​ប្រទេស​ចិន​។​

​ទោះយ៉ាងណា ក្រុមហ៊ុន​ផលិត​ឱសថ​ឥណ្ឌា​នៅតែ​ចង់​នាំចេញ​ថ្នាំ​ទូទៅ​ជាច្រើន​ប្រភេទ​ទៅកាន់​ប្រទេស​ចិន​។ ឧស្សាហកម្ម​សេវាកម្ម​ដូចជា​កម្មវិធី​កុំព្យូទ័រ​ជាដើម​ចង់​ធ្វើឱ្យ​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ​ជនជាតិ​ឥណ្ឌា​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ទិដ្ឋាការ​ការងារ​បណ្តោះអាសន្ន​នៅ​ចិន​។​

​លោក គូ​រ៉ាវ ដាល់​មី​យ៉ា ប្រធាន​ក្រុមហ៊ុន Dalmia Group Holdings ដែលជា​ក្រុមហ៊ុន​ឧស្សាហកម្ម​និង​ហិរញ្ញវត្ថុ​របស់​ឥណ្ឌា បាន​និយាយថា “​មាន​វិស័យ​ជាច្រើន​ងាយ​រងគ្រោះ ហើយ​មាន​វិស័យ​ជាច្រើន​ទៀត អាច​ទទួលបាន​ផលចំណេញ​ច្រើន ដូចជា វិស័យ​សេវាកម្ម​”​។​

​ទោះយ៉ាងណា ចិន​នៅតែ​ប្រុងប្រយ័ត្ន​ក្នុងការ​បើកទ្វារ​ផ្ទះ​រប​ស់​ខ្លួន​ឱ្យ​ឱសថ​និង​កម្មករនិយោជិត​រប​ស់​ឥណ្ឌា​ចូលមកក្នុង​ស្រុក​ខ្លួន​។ លោកស្រី ម៉ា​រី ប៉ាន​ហ្គេ​ស្ទូ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​បាន​និយាយថា លទ្ធភាព​មួយ​គឺថា​ការចរចា​អាច​ឈានដល់​កិច្ចព្រមព្រៀង ដែល​ពីមុនមក​មិនបាន​រួមបញ្ចូល​ប្រទេស​ឥណ្ឌា​ទេ​។ ប៉ុន្តែ​នោះ​នឹង​រឹតត្បិត​ផលប្រយោជន៍​សម្រាប់​ប្រទេស​ដទៃទៀត​នៅក្នុង​កិច្ចពិភាក្សា​។​

​ទោះបី​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​ក៏ដោយ ក៏​គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ប្រទេស​ចិន​នឹង​អាច​ទទួលបាន​ផលចំណេញ​ប៉ុន្មាន​នោះដែរ​។ សមាជិក​សក្តានុពល​មួយចំនួន​ដូចជា​ជប៉ុន​និង​កូរ៉េខាងត្បូង​គឺជា​អ្នក​ផលិត​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់ ហើយ​ពួកគេ​ប្រហែលជា​មិន​នាំចូល​ច្រើន​ទេ​។​

​ប្រទេស​ចិន​ក៏​បាននិងកំពុង​ពិភាក្សាគ្នា​ជា​យូរ​មកហើយ​ជាមួយ​ជប៉ុន​និង​កូរ៉េខាងត្បូង​អំពី​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ត្រីភាគី​។ ប៉ុន្តែ​ការរំពឹងទុក​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ណាមួយ​រវាង​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​ត្រូវបាន​ចោទសួរ ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែល​កើតឡើង​ថ្មីៗ​នេះ​។​

​លោក ប្រ៊ែ​ត សេត​ស័​រ អតីតមន្ត្រី​ក្រសួង​រតនាគារ​នៅក្នុង​រដ្ឋបាល​លោក​អូ​បា​ម៉ា​ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស​ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា បើទោះបី​ចិន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​បាន​ក៏ដោយ ក៏​ចិន​នៅតែ​ប្រឈម​នឹង​សម្ពាធ​ក្នុងការ​ស្វែងរក​ទីផ្សារ​សម្រាប់​ទំនិញ​ច្រើន​លើសលប់ ដែល​ខ្លួន​បាន​ផលិត​។​

​លោក​និយាយថា “​គ្មាន​ប្រទេស​ណា​ផ្សេងទៀត​នៅលើ​ពិភពលោក​នេះ​មាន​ឆន្ទៈ​ក្នុងការ​ជំនួស​សហរដ្ឋ​អាម៉េរិក​ដើម្បី​ទទួលយក​ឱនភាព​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជិត ៤០០ ពាន់​លាន​ដុល្លារ​គិត​ជា​ទំនិញ ជាមួយ​ប្រទេស​ចិន​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Straitstimes