ចិន​ត្រៀម​បង្ហោះ​ផ្កាយរណប​សង្កេត​ផែនដី ដែល​បញ្ជា​ទាំងស្រុង​ដោយ​ប្រព័ន្ធ AI

338
ចែករម្លែក

របាយការណ៍​របស់​ទូ​រ​ទស្សន៍ CCTV បាន​លើកឡើងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​នឹងដាក់​ផ្កាយរណប​សង្កេត​ផែនដី​ចំនួន ១៩២ ចូលទៅក្នុង “​ក្រុម​ផ្កាយ​” នៅ​ឆ្នាំ ២០២១ ដែល​គេ​ស្គាល់​ថា Xingshidai ។ ទូរទស្សន៍​នេះ​បានលើកឡើង​ពី​ប្រភព​មួយ​ដែល​និយាយថា “​វា​មាន​សុវត្ថិភាព​ក្នុងការ​និយាយថា​ផ្កាយរណប​នៅតែ​ជា​ឧបករណ៍​គ្រប់គ្រង​ពី​ចម្ងាយ​។ នោះ​មានន័យថា ពួកវា​ពុំមាន​មុខងារ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​ទេ​។ គេ​រំពឹងថា ក្រុម​អ្នកបង្កើត​នឹង​បំពាក់​ប្រព័ន្ធ​បង្ហោះ​ផ្កាយរណប Leo ថ្មី​ជាមួយ​សមត្ថភាព​បញ្ជា​ខ្លួន​វា​ដោយ​ស្វ័យប្រវត្តិ​”​។​

​ក្រុម​ផ្កាយរណប Leo នឹងត្រូវ​បង្កើតឡើង​សម្រាប់​ការត្រួតពិនិត្យ​បរិស្ថាន ការបង្ការ​គ្រោះមហន្តរាយ និង​ការគ្រប់គ្រង​ចរាចរណ៍​។​

​បច្ចេកវិជ្ជា AI នឹង​ដំណើរការ​រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​មាន Resolution ចម្រុះ​។​

​តាម​វិធី​នេះ រូបភាព​គុណភាព​អន់​នឹងត្រូវ​ដកចេញ ហើយ​មានតែ​ទិន្នន័យ​ដែលមាន​ប្រយោជន៍​ប៉ុណ្ណោះ នឹងត្រូវ​បញ្ជូន​ត្រឡប់មក​ផែនដី​វិញ​។​

​ផ្កាយរណប​ទាំងនេះ​ទំនងជា​នឹងត្រូវ​បាញ់​បង្ហោះ​ដោយ​ប្រើ​យាន​រ៉ុក្កែត Julang-1 ដែល​បង្កើតឡើង​សម្រាប់​ការបាញ់​បង្ហោះ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​។​

​យាន Julang-1 មាន​សមត្ថភាព​ដឹក​ផ្កាយរណប​មួយ​ឬ​ច្រើន​ដែលមាន​ទម្ងន់​រហូតដល់​១៥០ គីឡូក្រាម​ចូលទៅ​ដង​តារាវិថី​នៅ​កម្ពស់ ៦០០ គីឡូម៉ែត្រ​។​

​ក្រុម​អ្នក​អភិវឌ្ឍ​បាន​ប៉ាន់ប្រមាណ​ថា ការចំណាយ​នៃ​ការបាញ់​បង្ហោះ​តាម​យាន Julong-1 ម្តងៗ​គឺ​ប្រហែល ២៥ លាន​យ័ន (៣,៦៤ លាន​ដុល្លារ​)​។​

​ផ្កាយរណប​ទាំងនេះ​កំពុង​ត្រូវបាន​កសាងឡើង​ដោយ​ក្រុមហ៊ុន ADASpace ដែលជា​ក្រុមហ៊ុន​ឯកជន​របស់​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ចេង​ទូ​នៃ​ខេត្ត​ស៊ី​ឈួន​ភាគ​និរតី​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប​សង្កេត​ផែនដី​នឹងត្រូវ​បញ្ជា​ដោយ​ប្រព័ន្ធ AI