ចិន​ថា​មាន​ឆន្ទៈ​ចង់​ចរចា​ថែម​ទៀត​ជាមួយ​ឥណ្ឌា​អំពី​ការដាក់​អ្នក​វាយប្រហារ​នៅ​តំបន់​កា​ស្មៀរ​ក្នុង​បញ្ជីខ្មៅ​

135
ចែករម្លែក
  • 24
    Shares

​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​ថា ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការពិភាក្សា​បន្ថែមទៀត​ជាមួយ​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដោយ​រួមទាំង​ឥណ្ឌា​ក្នុង​ការដាក់​ក្រុម​ជន​សកម្ម​​ប្រយុទ្ធ​Jaish-e-Mohammed (JeM)​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​ទៅក្នុង​បញ្ជីខ្មៅ ។​

​ក្រុម​នេះ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទៅលើ​ក្បួន​យោធា​របស់​ឥណ្ឌា នៅ​តំបន់​កា​ស្មៀរ​ដែល​មាន​ជម្លោះ​កាលពី​ខែ​កុម្ភៈ​។​

​ចិន​បាន​រារាំង​គណៈកម្មាធិការ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ពី​ការដាក់​លោក Masood Azhar អ្នក​ស្ថាបនិក​នៃ​ក្រុម​JeM ទៅក្នុង​បញ្ជីខ្មៅ​។​

​ឥណ្ឌា​បាន​និយាយថា​ខ្លួន​មាន​ការខកចិត្ត​ចំពោះ​ការរារាំង​នេះ​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការអំពាវនាវ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឱ្យ​ធ្វើ​ពហិការ​ចំពោះ​ផលិតផល​ចិន​នៅក្នុង​ស្រុក​ ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​និយាយថា​ការបដិសេធ​របស់​ចិន​នេះ​វា​ប្រឆាំង​នឹង​គោលដៅ​ដែល​ខ្លួន​មាន​ជាមួយ​ចិន​ដើម្បី​សម្រេច​បាន​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បញ្ជូន​ទៅ​ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters កាលពី​ល្ងាច​ថ្ងៃ​សុក្រ ក្រសួងការបរទេស​ចិន​បានបញ្ជាក់​សាជាថ្មី​ថា​”​ការរៀបចំ​និង​គ្រប់​​គ្រង​បច្ចេកទេស​”​អំពី​បញ្ជីខ្មៅ​នេះ​គឺ​ផ្តល់​ពេលវេលា​បន្ថែមទៀត​សម្រាប់​គណៈកម្មាធិការ​នេះ ដើម្បី​ធ្វើ​ការពិគ្រោះ​យោបល់​បន្ថែម​ទៀត​និង​សិក្សា​អំពី​បញ្ហា​នេះ​។​

​ដោយ​ឆ្លើយតប​ទៅ​នឹង​សំនួរ​របស់​សារព័ត៌មាន​Reuters​អំពី​ការ​អំពាវ​នា​ធ្វើពហិការ​នៅ​ប្រទេស​ឥណ្ឌា​នោះ ក្រសួងការបរទេស​ចិន​បាន​និយាយថា ចិន​សង្ឃឹម​ថា​សកម្មភាព​របស់ គណៈកម្មាធិការ​នេះ​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការកាត់បន្ថយ​ស្ថានភាព​តានតឹង​និង​ការពារ​ស្ថិរភាព​ក្នុង​តំបន់​។​

​សេចក្តីថ្លែងការណ៍ បាន​បន្ថែម​ថា​ចិន​មាន​ឆន្ទៈ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ភាគី​ទាំងអស់​ដោយ​រួម​ទាំង​ឥណ្ឌា​ផងដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​សមរម្យ​។​

​សហរដ្ឋអាមេរិក​អង់គ្លេស​និង​បារាំង​បានស្នើ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​រដ្ឋ​ឥស្លាម​និង​ក្រុម​អាល់​កៃ​ដា​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ ឱ្យ​ដាក់ Masood Azhar​ក្នុង​បម្រាម​ឃាត់​អាវុធ​និង​ការធ្វើដំណើរ​និង​បង្កក​ទ្រព្យសម្បត្តិ​។ គណៈកម្មាធិការ​ដែល​មាន​ប្រទេស​ជា​សមាជិក​១៥​នេះ ធ្វើ​ប្រតិបត្តិការ​ដោយ​ការមូល​មតិ​គ្នា​។​

​ចិន​ក៏​បាន​រារាំង​គណៈកម្មាធិកា​រដាក់​ទណ្ឌកម្ម​នេះ​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ Masood Azhar កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។​

​ការវាយប្រហារ​កាលពី​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​យ៉ាងហោចណាស់​៤០​នាក់​គឺជា​អំពើហិង្សា​សម្លាប់​មនុស្ស​ដ៏​ច្រើន​បំផុត​នៅក្នុង​អំពើ​បះបោរ​ប្រឆាំង​​នៅ​តំបន់​កា​ស្មៀរ​អស់​រយៈពេល​៣០​ឆ្នាំ​មក​នេះ​ដែល​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​គ្នា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​៕​ដោយ​៖​សុខា​/sn

ក្រុមបាតុករ ជាន់​លើ​រូបថត​Masood Azhar មេដឹកនាំ​ក្រុម​JeM ក្នុងពេល​ធ្វើការ​តវ៉ា​មួយ នៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​