ចិន​ថា យន្តហោះ​ដ្រូ​ន​ឥណ្ឌា​បាន​ហោះចូល “​ដែនអាកាស​របស់ខ្លួន​” ហើយ​ធ្លាក់​

126

​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែធ្នូ​ថា​យន្តហោះ​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​)​មួយ​របស់​ឥណ្ឌា បាន​ហោះ​រំលោភ​ចូល​ដែនអាកាស​របស់​ចិន ហើយ​ធ្លាក់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង គឺ​ប៉ុន្មាន​ខែ បន្ទាប់ពី​ប្រទេសជិតខាង​គ្នា​នេះ បានបញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ក្នុង​ភាពទាល់ច្រក​ជម្លោះព្រំដែន​ដ៏​អាក្រក់​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​។​

​លោក ចាង ស៊ុយ​លី អនុប្រធាន​នៃ​ការិយាល័យ​កងទ័ព​ចិន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ទង្វើ​ឥណ្ឌា​នេះ បាន​បំពាន​អធិបតេយ្យភាព​ដែនដី​របស់​ចិន​។ យើង​សម្តែង​ការមិន​ពេញចិត្ត​និង​ការប្រឆាំង​របស់​យើង​” ។​

​លោក ចាង ស៊ុយ​លី មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ពេលវេលា​ឬ​កន្លែង​ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នោះទេ​។​

​លោក​បាន​និយាយថា កងទ័ព​ព្រំដែន​ចិន​មានការ​ឆ្លើយតប​ប្រកបដោយ​វិជ្ជាជីវៈ​និង​មានការ​ទទួលខុសត្រូវ និង​បានធ្វើ​ការបញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​យន្តហោះ​ប្រភេទ​នេះ​។​

​លោក​បាន​បន្ថែមថា “​យើង​នឹង​បំពេញបេសកកម្ម​របស់​យើង​យ៉ាង​ស្វិតស្វាញ​និង​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស​យើង យ៉ាងរឹងមាំ​” ។​

​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​៕ ដោយ៖ សុខា

​ចិន​ថា យន្តហោះ​ដ្រូ​ន​ឥណ្ឌា​បាន​ហោះចូល ” ដែនអាកាស​របស់ខ្លួន ” ហើយ​ធ្លាក់ (​រូប​ឯកសារ​)