ចិន​ថ្កោលទោស​ការបើក​ឆ្លងកាត់​របស់​នាវាចម្បាំង​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​

706
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា បាន​ថ្កោលទោស​ការបើក​ឆ្លងកាត់​នៃ​នាវាចម្បាំង​អាម៉េរិក​មួយ​នៅ​ជិត​ប្រជុំ​កោះមាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចាត់ទុក​វា​ជាការ​រំ​​លោភ​អធិបតេយ្យភាព​របស់​ខ្លួន ចំ​ពេល​មាន​ភាព​តានតឹង​ជាខ្លាំង​អំពី​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​។​

​អ្នកនាំពាក្យ​កងទ័ព​បាន​និយាយថា កងទ័ព​រំដោះប្រជាជន​បាន​បញ្ជា​ទៅ​កងកម្លាំង​អាកាស​និង​ជើង​ទឹក​ធ្វើ​ការព្រមាន​នាវា USS Preble​ឲ្យ​ចាកចេញ​ក្រោយ​ពី​វា​បាន​ចូល​​ក្នុង​ដែនទឹក​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​Scarborough Shoal របស់​ចិន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា​« អំពើ​របស់​ភាគី​អាម៉េរិក​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ទាំង​នាវា​និង​នាវិក​ចិន​និង​អាម៉េរិក ហើយ​ប៉ះពាល់​អធិបតេយ្យភាព​និង​សុវត្ថិភាព​របស់​ចិន​។​​យើង​សូម​ប្រឆាំង​ដាច់ខាត​»​។​

​មុន​នេះ​កងទ័ព​អាម៉េរិក​បាន​និយាយថា ​នាវា​មួយ​ក្នុចំណោម​នាវាចម្បាំ​ង​ច្រើន​គ្រឿង​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ បាន​បើក​នៅ​ជិត​កោះ​Scarborough Shoal​ដែល​ចិន​​អះអាង​សិទ្ធិ​កាន់កាប់​។​

​ផ្លូវទឹក​ដ៏​មមាញឹក​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចំណុច​ជម្លោះ​តានតឹង​ខ្លាំង​ឡើង​រវាង​សហរដ្ឋអាម៉េរិក​និង​ចិន ដោយ​រួមទាំង​សង្គ្រាម​ពាណិជ្ជកម្ម ទណ្ឌកម្ម​អាម៉េរិក​និង​បញ្ហា​កោះ​តៃវ៉ាន់​។​

​ចិន​បាន​បង្កើន​សំឡេង​តតាំង​ខ្លាំង​ឡើង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាម៉េរិក​នៅ​កាលពី​ថ្ងៃ​សុក្រ​។ ការពិភាក្សា​ពាណិជ្ជកម្ម​ដ៏​តឹងតែង​ដែល​បញ្ចប់​ដោយ​​គ្មាន​កិច្ចព្រមព្រៀង​និង​នាំឲ្យអាម៉េរិក​ដំឡើង​ព​ន្ធលើ​ទំនិញ​ចិន​រាប់រយ​ពាន់​លាន​ដុល្លារ​នោះ ក៏​បណ្តាលឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ចេញ​ការ​សងសឹក ដោយ​ការ​ដាក់​ពន្ធ​ថ្មី​។​

​លោក Clay Doss អ្នកនាំពាក្យ​របស់​កង​ទ័ពជើងទឹក​អាម៉េរិក​ទី​៧​នេះ បាន​និយាយថា​”​នាវា​ពិឃាត​Preble បាន​បើក​នៅ​ចម្ងាយ​១៩​គីឡូម៉ែត្រ​ពី​កោះ​Scarborough Reef ​ដើម្បី​ប្រឆាំង​ការកាន់កាប់​ទឹកដី​សមុទ្រ​ច្រើន​លើសលប់​និង​ការពារ​សិទ្ធិ​ចេញ​ចូល​កាត់​ផ្លូវទឹក​នេះ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​”​។​

​នេះ​ជា​ប្រតិបត្តិការ​ដោយ​កងទ័ព​អាម៉េរិក​លើក​ទី​២​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​រយៈពេល​១​ខែ​មកនេះ​៕ដោយ៖វាសនា/Ha

កងទ័ពជើងទឹក​អាម៉េរិក តែង​អនុវត្ត​«​សេរីភាព​នៃ​ប្រតិបត្តិកា​រ​នាវាចរណ៍​»​ដើម្បី​ប្រឆាំង​នឹង​ការអះអាង​ដែនសមុទ្រ​ចិន​ខាងត្បូង​ដ៏​លើសលប់​ពី​សំណាក់​ចិន​