ចិន​ថ្កោលទោស​ពួក​សមាជិក​សភា​អាម៉េរិក​ចំពោះ​ការគាំទ្រ​បាតុកម្ម​ហុងកុង​

520
ចែករម្លែក

​អ្នកនាំពាក្យ​សភា​ចិន​បាន​ថ្កោលទោស​សេចក្តីថ្លែងការណ៍​របស់​ពួក​សមាជិកសភា​អាម៉េរិក ដែល​គាំទ្រ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​។​

​លោក​យូ វេន​ហ្សេ បាន​ហៅ​សេចក្តីថ្លែងការណ៍​នេះ​ថា​ជា​«​ការរំលោភ​ទាំង​កំរោល​លើ​ស្មារតី​នៃ​នីតិរដ្ឋ ជា​ស្តង់ដា​ទ្វេ​និង​ជា​ការជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​របស់​ចិន​ទាំងស្រុង​»​។​

​លោក​ថា ប្រជាជន​ហុងកុង​៧,៥​លាន​នាក់​និង​ប្រជាពលរដ្ឋ​ចិន​ទាំងមូល​ប្រឆាំង​នឹងំ​ពើ​របស់​«​អ្នក​ប្រឆាំង​តវ៉ា​ហិង្សា​មួយ​ក្រុម​តូច​»​ព្រមទាំង​«​ការ​លូកដៃ​ណាមួយ​របស់​កម្លាំង​បរ​​ទេស​»​។​

មាន​ការចោទប្រកាន់​អំពី​ការ​លូក​ដៃ​របស់​បរទេស​បន្ទាប់ពី​សមាជិក​សភា​អាម៉េរិក​គាំទ្រ​លើកទឹកចិត្ត​ការត​វ៉ា​ប្រឆាំង​នៅ​ហុងកុង​ហើយ​អ្នកការទូត​អាម៉េរិក​ជួប​មេដឹកនាំ​បាតុកម្ម​

​លោក​យូ​មិន​បាន​និយាយ​ចំ​ឈ្មោះ​សមាជិក​សភា​ណា​ឬ សម្តី​អ្វី​ទេ តែ​ព្រឹទ្ធសមាជិក​និង​សមាជិក​សភា​អាម៉េរិក​ជាច្រើនរូប រួមមាន​ប្រធាន​សភា ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​អះអាង​អំពី​​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​សិទ្ធិមនុស្ស​និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ហុងកុង​បញ្ចប់​ការប្រឈមមុខ​។​

​ប្រតិកម្ម​របស់​សភា​ចិន​កើតឡើង​ចំពេល​មាន​របាយការណ៍​ថា ក្រុមរ​ណ​ស្សិរ​សិទ្ធិមនុស្ស​ស៊ីវិល (CHRF)​ដែល​រៀបចំ​ធ្វើការ​ប្រឆាំង​តវ៉ា​នៅ​ហុងកុង មិន​បាន​ច្រានចោល​លទ្ធភាព​​នៃ​ការ​ស្វះស្វែង​រក​ជំនួយ​ពី​បណ្តា​ប្រទេស​នានា បន្ទាប់​ពី​មេដឹកនាំ​ប្រឆាំង​ហុងកុង​បាន​ជួបប្រជុំ​ជាមួយ​អ្នកការទូត​អាម៉េរិក​។​

​វ៉ុង យី​ក​ម៉ូ អនុប្រធាន​CHRF​បាន​និយាយថា​« ពិត​ហើយ យើង​អាច​សុំ​ជំនួយ​ពី​ប្រទេស​ផ្សេងៗ យើង​ក៏​អាច​ទៅ​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​»​។​

​លោក​វ៉ុង​ក៏បានច្រានចោល​ការអះអា​ង​ថា ការជួប​ជាមួយ​មន្ត្រី​ទូត​អាម៉េរិក​មានន័យ​ស្មើនឹង​ការជ្រៀតជ្រែក​របស់​បរ​ទេស ហើយ​សង្ឃឹម​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹងមិន​ប្រើ​​កម្លាំងយោធា​ដើម្បី​បង្ក្រាប​ការប្រឆាំង​តវ៉ា​ឡើយ​។​

​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​បាន​ឈាន​ដល់​សប្តាហ៍​ទី​១២​ហើយ តែ​កាលពី​ថ្ងៃ​សៅរ៍​មាន​បាតុកម្ម​ប្រឆាំង​និង​គាំទ្រ​រដ្ឋាភិបាល ហើយក៏​ជា​លើក​ដំបូង​ដែរ​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​​មក​នេះ​ដែល​ការតវ៉ា​ប្រឆាំង​មិន​កើត​មាន​អំពើហិង្សា​។​

​ការតវ៉ា​ប្រឆាំង​មហា​ជននេះ​បាន​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​ពាក់កណ្តាល​ស្វ័យភាព​នេះ​កាលពីដើម​ខែ​មិថុនា ជា​ការឆ្លើយតប​នឹង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស ដែល​នឹង​អនុញ្ញាត​​អោយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិនដីគោក​។​ទោះ​ជា​រដ្ឋាភិបាល​ព្យួរ​វា​ចោល ក៏​បាតុករ​ទាមទារ​អោយ​លុប​វា​ចោល​ទាំងស្រុង​និង​អនុវត្ត​ការបោះឆ្នោត​សកល​ហើយ​​ដកចេញ​ការចោទប្រកាន់​ព្រហ្មទណ្ឌ​លើ​អ្នក​ប្រឆាំង​តវ៉ា​រាប់រយ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កន្លងមក​៕​ដោយ​៖​វាសនា​

​វា​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​សីហា ដែល​ការតវ៉ា​ប្រឆាំង​មិន​មាន​អំពើហិង្សា​

#