ចិន​ថ្កោលទោស​វិធានការ​របស់​ព្រឹទ្ធសភា​អាម៉េរិក​ស្តីពី​សិទ្ធិមនុស្ស​ហុងកុង​

177
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា បាន​ថ្កោលទោស​វិធានការ​របស់​ព្រឹទ្ធសភា​អាម៉េរិក​មួយ​ស្តីពី​ហុងកុង ដោយ​ប្តេជ្ញា​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ការពារ​អធិបតេយ្យភាព​​និង​សន្តិសុខ​របស់​ខ្លួន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​ចិន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​គួរ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​និង​ចិន​និង​រារាំង​ពង្រាងច្បាប់​ចុងក្រោយ​នេះ​កុំ​​អោយ​វា​ក្លាយជា​ច្បាប់​។​

​ព្រឹទ្ធសភា​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ បានអនុម័ត​ជា​ឯកច្ឆន្ទ ពង្រាង​ច្បាប់​មួយ​ក្នុង​បំណង​ការពារ​សិទ្ធិមនុស្ស​នៅ​ហុងកុង ចំ​ពេល​មាន​ការប៉ះទង្គិច​ខ្លាំង​ឡើង​រវាង​បាតុករ​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​និង​ប៉ូលិស​។​

​ច្បាប់​នេះ​នឹង​ដាក់​ទណ្ឌកម្ម​ការទូត​និង​សេដ្ឋកិច្ច​លើ​ហុងកុង​និង​ចិន បើសិនជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យល់ឃើញថា រដ្ឋាភិបាល​ចិន​ប៉េកាំ​ង​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម​​នៅ​ក្នុងការ​ធ្វើ​អោយ​សឹក​រិល​ស្វ័យភាព​ហុងកុង​។​

​រំលឹកថា ច្បាប់​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​នេះ ត្រូវបាន​សភា​អាម៉េរិក​អនុម័យ​ជា​ឯកច្ឆន្ទ​ផង​ដែរកាល​ពី​ខែ​មុន ។​វា​នឹង​ត្រូវ​ប្រគល់ជូន​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ចុះហត្ថលេខា​ដើម្បី​ក្លាយជា​ច្បាប់​ពេញទី​។​

​វា​ទាមទារ​អោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​បញ្ជាក់​អះអាង យ៉ាងហោចណាស់​ក៏​មួយ​ឆ្នាំ​ម្តង​សម្រាប់​រយៈពេល​៧​ឆ្នាំ​ទៅ​មុខ ថា​តើ​ហុងកុង​នៅ​រក្សា​ស្វ័យភាព​គ្រប់គ្រាន់​ដែរ​ឬ​អត់​​ក្នុង​បំណង​ជំរុញ​អោយ​ចិន​ប៉េកាំង​គោរព​ស្វ័យភាព​ហុងកុង បើ​មិន​ដូច្នេះ​ទេ​ទីក្រុង​នេះ​នឹង​បាត់បង់​ឋានៈ​ពិសេស​របស់​ខ្លួន​នៅក្រោម​ច្បាប់​អាម៉េរិក​។​ច្បាប់​នេះ​ក៏​អាច​ដាក់​ទណ្ឌ​​កម្ម​លើ​មន្ត្រី​ណា​ដែល​រកឃើញ​ថា​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ហុងកុង​។​

​ការអនុម័ត​ច្បាប់​នេះ​កើតឡើង​ចំពេល​មាន​ការប៉ះទង្គិច​កាន់តែ​ខ្លាំង​ឡើង​រវាង​អ្នក​ប្រឆាំង​តវ៉ា​និង​ប៉ូលិស​ហុងកុង រួម​មាន​ការប្រឈមមុខ​គ្នា​ដ៏​ស្រួចស្រាល់​នៅ​សកល​វិទ្យាល័យ​​ពហុ​បច្ចេកវិទ្យា​ហុងកុង និង​មនុស្ស​ជាង​១.១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​។​

​សូមបញ្ជាក់​ថា ទោះ​ជា​រដ្ឋាភិបាល​ហុងកុង​លុបចោល​ពង្រាង​ច្បាប់​បត្យាប័ន ដែល​ជា​ដើមចម​នៃ​ការប្រឆាំង​តវ៉ា ក៏​ការប្រឆាំង​តវ៉ា​មិន​ត្រូវបាន​បញ្ឈប់​និង​ការទាមទារ​មាន​កាន់​​តែ​ច្រើន​ជាពិសេស​កំណែ​ទំរង់​នយោបាយ ដោយ​ពួក​គេ​ចង់អោយ​ក្រុម​មេដឹកនាំ​និង​សភា​ហុងកុង​ត្រូវ​បោះឆ្នោត​ដោយ​ប្រជាជន​ហុងកុង​ដោយផ្ទាល់​៕​ដោយៈ​វាសនា​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ថ្កោលទោស​ការអនុម័ត​ច្បាប់​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ដោយ​ព្រឹទ្ធសភា​អាម៉េរិក​