ចិន​ថ្កោលទោស​អាម៉េរិក​ចំពោះ​ការ​រឹតត្បិត​ទិដ្ឋាកា​លើ​មន្ត្រី​ចិន​

129
ចែករម្លែក

​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​៨​តុលា​បាន​ថ្កោលទោស​ការ​រឹតត្បិត​ទិដ្ឋាកា​របស់​អាម៉េរិក​សំរាប់​មន្ត្រី​ចិន​ខ្លះ​ដោយសារ​តែ​អាម៉េរិក​ចោទប្រកាន់ថា​ចិន​ប្រព្រឹត្ត​មិន​​គប្បី​លើ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​នៅ​ស៊ីន​ជាំ​ង ជា​ការចោទប្រកាន់​ដែល​ចិន​ចាត់ទុកថា​មិន​ពិត​និង​ជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

​អ្នកនាំពាក្យ​ស្ថានទូត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ការសំរេចចិត្ត​នេះ​រំលោភ​ធ្ងន់ធ្ងរ​លើ​បទដ្ឋាន​គោល​នៃ​ទំនាក់ទំនង​អន្តរជាតិ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​​ចិន​និង​ធ្វើអោយ​ខូច​ផលប្រយោជន៍​ចិន​។​ចិន​សោកស្តាយ​និង​ប្រឆាំង​នឹង​ការសំរេចចិត្ត​បែប​នេះ​»​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយទៀតថា «​ស៊ីន​ជាំ​ង​មិនមាន​អ្វី​ដែល​អាម៉េរិក​ហៅថា បញ្ហា​សិទ្ធិមនុស្ស នោះទេ​។​ការចោទប្រកាន់​ដោយ​ភាគី​អាម៉េរិក​គ្រាន់តែ​ជា​លេស​ប្រឌិត​ឡើង​​មួយ​សំរាប់​ការជ្រៀតជ្រែក​របស់ខ្លួន​»​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​ប្រកាស​ផែនការ​រឹតត្បិត​ទិដ្ឋាកា​រនេះ​នៅ​ពេល​តែ​១​ថ្ងៃ​ក្រោយ​ពី​ក្រសួង​ពាណិជ្ជកម្ម​អាម៉េរិក បាន​និយាយ​យោង​ដល់​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​​របស់​អាជ្ញាធរ​ចិន​លើ​ពួក​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ និង​ក្រុម​ជនជាតិភាគតិច​ដទៃទៀត​នៅ​ចិន ដើម្បី​ដាក់​ការិយាល័យ​សន្តិសុខ​សាធារណៈ​ចិន​ចំនួន​២០​និង​ក្រុមហ៊ុន​ចិន​ចំនួន​៨​ទៅ​​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​។​

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​ចាត់​វិធានការ​មុតមាំ​និង​ដាច់ខាត​ដើម្បី​ការពារ​សន្តិសុខ​អធិបតេយ្យ​របស់ខ្លួន ដោយ​​អោយ​សញ្ញា​ថា​ខ្លួន​ទំនងជា​នឹង​សង​សឹក​ដោយ​ដាក់​ក្រុមហ៊ុន​អាម៉េរិក​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​វិញ​៕​ដោយ​៖​វាសនា​