ចិន​ទទូច​អោយ​អាមេរិក​គោរព​គោលនយោបាយ​«​ចិន​មួយ​»​ក្រោយពី​នាវា​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

390
ចែករម្លែក

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​មករា​បាន​ទទូច​អោយ​អាមេរិក​គោរព​គោលនយោបាយ​«​ចិន​មួយ​»​របស់ខ្លួន បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​​នាវាចម្បាំង​ពីរ​គ្រឿង​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាល​ពីមួយ​ថ្ងៃមុន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួ ជុន​យី​ង បាន​និយាយថា អំពើ​របស់​កងទ័ពជើងទឹក​អាមេរិក​បង្ក​ភាព​តានតឹង​ឡើងជា​មួយ​ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​​ផ្នែក​មួយ​របស់ខ្លួន​។​

​តែ​លោក​ធី​ម ហ្គ័​រ​មែន អ្នកនាំពាក្យ​កង​នាវាចរណ៍​អាមេរិក​ប៉ាស៊ីហ្វិក​បាន​ប្រាប់​ទូរទស្សន៍​CNN ថា​នាវា​អាមេរិក ទាំងនេះ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ធម្មតា ដែល​ស្របទៅតាម​តាមច្បាប់​អន្តរជាតិ​” ។​

​លោក​បាន​និ​យ​យា​ថា “​ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​នាវា​អាមេរិក​ទាំងនេះ​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​សម្រាប់​សេរីភាព​និង​ការបើកចំហ​នៅ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច ។ កងទ័ពជើងទឹក​អាមេរិក​នឹង​បន្ត​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ ព្រមទាំង​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ក៏បាន​ឱ្យតែ​ច្បាប់​អន្តរជាតិ​អនុញ្ញាត​”​។​

​កង​នាវា​ប៉ា​ស៊ី​ហ្វិ​ច​អាមេរិក​ដែល​ពិនិត្យមើល​ប្រតិបត្តិកា​នៅ​តំបន់​នោះ​និង​ក្រសួងការពារជាតិ​តៃវ៉ាន់​បានបញ្ជាក់​អំពី​ការធ្វើ​នាវាចរណ៍​នៃ នាវា​ពិឃាត​USS McCampbell និង​នាវាចម្បាំង​USNS Walter S. Diehl​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​សូមបញ្ជាក់ថា ការធ្វើ​នាវាចរណ៍​ចុងក្រោយ​បំផុត​របស់​កង​នាវា​អាមេរិក​នេះ បានកើត​ឡើង​ពីរ​បី​ថ្ងៃ​បន្ទាប់ពី​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង Sukhoi Su-30 មួយគ្រឿង​និង យន្តហោះ​ដឹកជញ្ជូន​Shaanxi Y-8 មួយគ្រឿង​ទៅជិត​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​អង្គារ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​តៃវ៉ាន់​Taiwan News​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ធ្វើ​សមយុទ្ធ​យោធា​ជា​ញឹកញាប់​ធម្មតា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​៕ដោយ៖វាសនា

នាវា​ពិឃាត​អាមេរិក​USS McCampbell