ចិន​ទទួល​ក្រុម​មេដឹកនាំ​អាហ្វ្រិក ចំពោះ​ពេល​មានការ​រិះគន់​អំពី​ការ​ផ្តល់ជំនួយ​

765
ចែករម្លែក

​ចិន​ទទួល​ក្រុម​មេដឹកនាំ​អាហ្វ្រិក​នៅ​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​គោលបំណង​លើកកម្ពស់​ចក្ខុវិស័យរ​បស់​ប៉េកាំង​សម្រាប់​ការអភិវឌ្ឍ​នៅ​ទ្វីបអាហ្វ្រិក ទោះបី​ចិន​មើលឃើញ​ការរិះគន់​កាន់តែខ្លាំង​ឡើង​ជុំវិញ​វិធីសាស្ត្រ​បំណុល​ដ៏​ធ្ងន់​របស់ខ្លួន​ចំពោះ​ជំនួយ​បរទេស​ក៏ដោយ​។​

​ប្រធានាធិបតី​ចិន​ស៊ី​ជីន​ពីង​និង​មេដឹកនាំ​មកពី​ទូទាំង​ទ្វីបអាហ្វ្រិក​នឹង​រៀបចំ​វេទិកា​រយៈពេល ២ ថ្ងៃ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក (FOCAC) ដែល​កិច្ចពិភាក្សា​នេះ​រំពឹងថា​នឹង​ផ្តោតលើ​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ “​ក្រវាត់​និង​ផ្លូវ​” របស់លោក​ស៊ី​។​

​គម្រោង​ដ៏​ធំ​នេះ​សំដៅ​បង្កើន​លទ្ធភាព​របស់​ចិន​ក្នុង​ការចូល​ទៅដល់​ទីផ្សា​រ​ជាច្រើន​និង​ធនធាន​បរទេស និង​ជំរុញ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​បរទេស​។​

​គេ​បានឃើញ​ជាក់ស្តែង​រួចហើយ​ថា​ប្រទេស​ចិន​ផ្តល់ប្រាក់​កម្ចី​រាប់ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​នៅ​អាស៊ី​និង​អាហ្វ្រិក​សម្រាប់​សាងសង់​ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និង​គម្រោង​សាងសង់​សំខាន់ៗ​ដទៃទៀត​។​

​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​ព្រមាន​ថា គម្រោង​ដ៏​មហិច្ឆតា​របស់លោក​ស៊ី​កំពុង​កប់​ប្រទេស​មួយចំនួន​នៅក្រោម​ភ្នំ​បំណុល​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ប្រាប់​សម​ភាគី​អាហ្វ្រិក​របស់លោក​កាលពី​ថ្ងៃអាទិត្យ​ទី​២​កញ្ញា​ថា លោក​ស៊ី​នឹង​ប្រើប្រាស់​កិច្ចប្រជុំ​កំពូល​នេះ​ជា​ឱកាស​មួយ​ដើម្បី​គូសបញ្ជាក់​នូវ “​ចក្ខុវិស័យ​ជាក់ស្តែង​ស្តីពី​ការកសាង​សហគមន៍​ចិន – អាហ្វ្រិក​ដែលមាន​អនាគត​រួមគ្នា និង​ប្រកាស​ពី​សំណើ​និង​វិធានការ​នានា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អាហ្វ្រិក​”​។​

​សម្រាប់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាហ្វ្រិក​ខាងត្បូង លោក លីន​ឌី​វី ស៊ី​ស៊ូ​លូ បាន​និយាយថា FOCAC ត្រូវតែ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ជាស​កល​ដូចជា “​ការ​ងើបឡើង​នូវ​ឥរិយាបថ​ជាតិនិយម ប្រជា​និយម ឯកតោភាគី​និយម ការ​គាំពារ​និយម និង សង្គ្រាម​ពាណិជ្ជកម្ម​សកល​”៕ ដោយ៖ កញ្ញាដាលីស

លោក​ប្រធានាធិបតី​ស៊ី​និង​មេដឹកនាំ​មកពី​ទូទាំង​ទ្វីបអាហ្វ្រិក​នឹង​រៀបចំ​វេទិកា​រយៈពេល​២​ថ្ងៃ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក