ចិន​ទាមទារ​ឱ្យ​អាម៉េរិក​លុបចោល​ការលក់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ តែ​អាម៉េរិក​ថា​វា​ជួយ​រក្សា​សន្តិភាព​និង​ស្ថិរភាព​

602
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​បាន​ទាមទារ​ឱ្យ​សហរដ្ឋ​អាម៉េរិក​លុបចោល​ភ្លាម​នូវ​ការលក់​អាវុធ​តម្លៃ​ចំនួន​២,២​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ដោ​​យ​រួម​ទាំង​រថក្រោះ​ប្រយុទ្ធ​និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​រាប់រយ​ដើម ដែលនាំឱ្យ​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​ប្រទេស​មហាអំណាច​ទាំង​២​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង សួង បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​ចិន​បាន​ដាក់ពាក្យ​តវ៉ា​ជា​ផ្លូវការ​តាម​រយៈ​បណ្តាញ​ការទូត​ដោយ​បង្ហាញ​អំពី​​ការ​មិន​ពេញចិត្ត​និង​ការជំទាស់​ចំពោះ​ទង្វើ​នេះ​។​

​ទោះជា​យ៉ាងណា អាម៉េរិក​បាន​ឆ្លើយតប​ភ្លាម​ថា ការលក់​សព្វាវុធ​ទៅអោយ​កោះ​តៃវ៉ាន់​នេះ នឹង​ចូលរួម​ចំណែក​រក្សា​ស្ថិរភា​ពនៅ​អាស៊ី​។​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយ​​ថា​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​នេះ មិនបាន​ផ្លាស់ប្តូរ​ការទទួលស្គាល់​របស់​អាម៉េរិក ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​តែមួយគត់​របស់​ចិន​ទេ​។​«​ផលប្រយោជន៍​របស់​យើង​នៅ​​តៃវ៉ាន់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការលក់​គ្រឿង​បរិក្ខា​យោធា​ទាំងនេះ គឺ​ដើម្បី​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ និង​ពាសពេញ​តំបន់​។​ដូច្នេះ​វា​មិន​មាន​ការផ្លាស់ប្តូរ​​ទិសដៅ​គោលនយោបាយ​ចិន​មួយ​ជា​យូរ​មក​ហើយរ​បស់​យើង​ទេ​»​។​

​សូមបញ្ជាក់​ថា​វា​នឹង​ក្លាយជា​ការលក់​អាវុធ​យោធា​ដ៏​ធំ​លើក​ទី​មួយ​របស់​សហរដ្ឋអាម៉េរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​​មកនេះ​ហើយ​កើតឡើង ចំពេល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបា​ល​ក្រុង​ប៉េកាំង បាន​រង​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​។​

​កិច្ចព្រមព្រៀង​លក់​អាវុធ​នេះ គឺ​រួម​មាន​រថក្រោះ​M1A2T Abrams ចំនួន​១០៨​គ្រឿង​មី​ស៊ី​ល​”Stinger”​ប្រឆាំង​យន្តហោះ​ចំនួន​២៥០​គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​គ្រឿង​អាវុធ​​មួយចំនួន​ទៀត​ក្នុងតម្លៃ​ជាង​២,២​ពាន់​លាន​ដុល្លារ​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ប្រតិបត្តិការ​នៃ​ក្រសួង​ការពារជាតិ​អាម៉េរិក​។​

​ទីភ្នាក់ងារ​ប្រតិបត្តិការ​នៃ​ក្រសួង​ការពារជាតិ​អាម៉េរិក បាន​និយាយថា ការលក់​អាវុធ​ដែល​ត្រូវ​បាន​ស្នើ​នេះ​នឹង​ចូល​រួមចំណែក​ដល់​ការធ្វើ​ទំនើបកម្ម​នៃ​កងរថក្រោះ​ប្រយុទ្ធ​​របស់​អ្នកទទួល បង្កើន​សមត្ថភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​និង​គាំទ្រ​គោលនយោបាយ​ការប​រទេស​រួមទាំង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​តាមរយៈ​ជួយ​បង្កើន​​សមត្ថភាព​សន្តិសុខ​និង​ការការពារ​ខ្លួន​របស់​តៃវ៉ាន់​តែ « វា​នឹង​មិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​ជា​មូលដ្ឋាន​នៅក្នុង​តំបន់​ទេ​» ។

​តែ​លោក​ហ្គេង សួង បាន​និយាយថា កិច្ចព្រមព្រៀង​ដែល​ស្នើឡើង​នេះ បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​” គោលការណ៍​ចិន​តែមួយ និង​ជ្រៀតជ្រែក​ខ្លាំង​ក្នុង​កិច្ចការ​ផ្ទៃ​​ក្នុង​របស់​ប្រទេស​ចិន​។​

​លោក​បាន​និយាយថា ចិន​បាន​ទទូច​ដល់​សហរដ្ឋ​អាម៉េរិក​ឱ្យ​លុបចោល​ការលក់​អាវុធ​ដែល​បាន​គ្រោងទុក​នេះ​ជា​បន្ទាន់​និង​បញ្ឈប់​ទំនាក់ទំនង​យោធា​ជាមួយ​រដ្ឋបាល​ក្រុង​​តៃប៉ិះ​ដើម្បី​ចៀសវាង​ការ​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ចិន​-​អាម៉េរិក​និង​ធ្វើឱ្យ​ខូច​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ” ។​

​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដោយ​ឡែក​ពី​ប្រទេស​ចិន ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​កាលពី​ឆ្នាំ​១៩៤៩​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​​របស់​ខ្លួន​ដែល​នឹង​ត្រូវ​យក​មក​គ្រប់គ្រង​វិញ​ដោយ​ប្រើ​កម្លាំងយោធា បើសិន​ចាំបាច់​នោះ​៕​ដោយ​៖​សុខា​/​វាសនា​

#