ចិន​ទិញ​មាស​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម​ចំពេល​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក

508
ចែករម្លែក

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​បញ្ចប់​ការដំឡើង​ពន្ធគយ​របស់​ពួកគេ​ក៏ដោយ ក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​នៅតែ​ជាប់ផុង​កាន់តែខ្លាំង​នៅក្នុង​ជម្លោះ​សេដ្ឋកិច្ច​ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បានប្រកាស​នូវ​គោលបំណង​របស់គាត់​ក្នុងការ​យកពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​។ ការ​វាយ​សំពង​ថ្មីៗ​នេះ​បាន​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ នៅពេលដែល​លោក​ត្រាំ​បន្ទោស​ចិន​ចំពោះ​ការរៀបចំ​កំណត់​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន​ដោយ​ខុសច្បាប់​។​

​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ចិន​បាន​ទិញ​មាស ៨ ខែ​ជាប់ៗ​គ្នា​និង​បាន​បន្ថែម​មាស​ចំនួន ១០ តោន​ទៅក្នុង​ទុនបម្រុង​លោហៈ​មានតម្លៃ​ដ៏​សម្បូរហូរហៀ​របស់ខ្លួន​ក្នុង​ខែកក្កដា​។ ប៉េកាំង​បាន​ទិញ​មាស​ទម្ងន់ ៩៤ តោន ដែល​គេ​ចាត់ទុកជា​ឋានសួគ៌​ដ៏​សុវត្ថិភាព​សម្រាប់​ការវិនិយោគ​ចាប់​តាំងពីដើម​ឆ្នាំនេះ​។ យោងតាម​ធនាគារ​ប្រជាជន​ចិន ការកាន់កាប់​មាស​របស់​ប្រទេស​ចិន​បាន​កើន​ឡើងដល់​ប្រហែល ១.៩៤៥ តោន​ស្មើនឹង ៦២,២៦ លាន​អោន​។ មាស​ទាំង ៩៤ តោន​នោះ​មានតម្លៃ​ប្រហែល ៩០ ពាន់​លាន​ដុល្លារ​ក្នុងតម្លៃ​មាស​បច្ចុប្បន្ន​ប្រហែល ១.៥០០ ដុល្លារ​ក្នុង​មួយ​អោន​។​

​ក្នុងពេល​បច្ចុប្បន្ន តម្លៃ​មាស​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៦ ឆ្នាំ ចំពេល​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក​និង​ធនាគារកណ្តាល​នានា​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​។ ដូចដែល​អ្នកវិភាគ​ម​ក​ពី​ក្រុមហ៊ុន Societe Generale បានចង្អុលបង្ហាញ​អ៊ីចឹង ប្រទេស​ចិន​បាន​បន្ត​ទិញ​មាស​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទុនបម្រុង​របស់ខ្លួន​ពី​រូបិយវត្ថុ​របស់​អាម៉េរិក​និង​ការពារ​ខ្លួន​ពី​ហានិភ័យ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។​

​ក្រុមអ្នកវិភាគ​របស់​ក្រុមហ៊ុន​នេះ​បាន​និយាយថា “​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​អំពី​សង្គ្រាម​រូបិយវត្ថុ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​អាច​បន្ថែម​នូវ​សន្ទុះ​នៃ​ការទិញ​មាស​និង​បង្ហាញ​ពី​និ​ន្ន​ការ​ទាំងស្រុង​ទោរទន់​ទៅរក​មាស​”​។​

​ការលើកឡើង​បែបនេះ​ត្រូវបាន​បន្ទរ​ដោយ​លោក ខូលីន ហា​មី​ល​តុ​ន នាយក​គ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ​ទំនិញ​របស់​ក្រុមហ៊ុន BMO Capital Markets ដែល​បាន​លើកឡើងថា វិធានការ​របស់​ធនា​គារ​កណ្តាល​ចិន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម​។​

​លោក​ហា​មី​ល​តុ​ន​បាន​ប្រាប់​សារព័ត៌មាន Kitco News ថា “​នៅ​កម្រិត​ធនាគារកណ្តាល ចំណាត់ការ​បែបនេះ​គឺ​ច្បាស់​ជា​ដើម្បី​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម​”​។​

​ទោះយ៉ាងណា ខណៈដែល​សារព័ត៌មាន Kitco News បានបង្ហាញ ទំហំ​នៃ​ការកាន់កាប់​មាស​របស់​ចិន​នៅតែមាន​ចំនួន​ស្មើនឹង ៣,១ លាន​លាន​ដុល្លារ​កាលពី​ខែ​មុន​។​

​ទោះយ៉ាងណា​ប្រទេស​ចិន​បាន​ក្លាយជា​អ្នក​នាំមុខ​មួយ​ក្នុងចំណោម​អ្នក​នាំមុខ​ជាច្រើន​ទៀត​ក្នុងការ​ស្វែងរក​ទិញ​មាស​ថ្មីៗ​រួមជាមួយ​ប៉ូឡូញ​និង​រុស្ស៊ី ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទុនបម្រុង​របស់​ពួកគេ​។ ធនាគារកណ្តាល​រុស្ស៊ី​បាន​ស្តុក​មាស​ទុក ៩៦,៤ តោន​គិត​ចាប់តាំងពី​ខែមករា ដោយបាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា​ទុនបម្រុង​សរុប​របស់​ប្រទេស​នេះ​បាន​កើនឡើង​ដល់ ១០០,៣ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី ១ ខែកក្កដា​។ ក្រុមប្រឹក្សា​មាស​ពិភពលោក​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា សរុប​ជារួម​ធនាគារកណ្តាល​ទាំងអស់​លើ​ពិភពលោក​បាន​ទិញ​មាស​ចំនួន ៣៧៤ តោន​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ដែលជា​ការទិញ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ពី​ស្ថាប័ន​សាធារណៈ​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​ការទិញ​មាស​កើតឡើង​ចំពេល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​កើនឡើង​ថែមទៀត​នៅ​សប្តាហ៍​នេះ​។ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ថ្កោលទោស​លើ​ចំណាត់ការ​របស់​ប៉េកាំង​ក្នុងការ​បញ្ចុះតម្លៃ​ប្រាក់​យ័ន ដោយ​ហៅ​ចំណាត់ការ​នេះ​ថា​ជា ការរៀបចំ​កំណត់​តម្លៃ​រូបិយវត្ថុ​ខុសច្បាប់ ព្រោះ​ប៉េកាំង​បានអនុញ្ញាត​ឱ្យប្រាក់​យ័ន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល ១១ ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ ដោយ​បណ្តាលឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ធ្លាក់ចុះ​។ ការ​ថ្កោលទោស​របស់លោក​ត្រាំ​កើតឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​រតនា​គារ​អាម៉េរិក​លោក ស្តេ​វិ​ន មេ​នូ​ជីន និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា វ៉ាស៊ីនតោន​បានចាត់ទុក​ចិន​ជា អ្នករៀបចំ​កំណត់​តម្លៃ​រូបិយវត្ថុ​ខុសច្បាប់ ដោយ​សម្អាង​លើ​ការរំលោភបំពាន​ជាច្រើន​ពី​សំណាក់​ទីក្រុង​ប៉េកាំង និង ធនាគារកណ្តាល​ចិន ដែល​បាន​ប្តេជ្ញា​នៅ​កិច្ចប្រជុំ G20 ថា​នៅ​ឱ្យ​ឆ្ងាយ​ពី​ការ​បញ្ចុះតម្លៃ​លុយ​របស់ខ្លួន​។​

​ជាការ​ឆ្លើយតប ធនាគារកណ្តាល​ចិន​បាន​រិះគន់​លើ​ការចាត់ទុក​ចិន​ជា​អ្នកកំណត់​តម្លៃ​លុយ​ខុសច្បាប់ ដោយ​ទទូចថា​ភាគី​អាមេរិក “​មិន​យកចិត្តទុកដាក់​លើ​អង្គហេតុ​និង​ចាត់ទុក​ចិន​បែបនេះ​ដោយ​មិន​សម​ហេតុផល​”​។​

​រឿងនេះ​កើតឡើង បន្ទាប់ពី​លោក​ត្រាំ​សន្យាថា​នឹង​ដំឡើង​ពន្ធ ១០ ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែកញ្ញា ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​និង​ចិន​ទើប​ធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​រួច​នៅ​ទីក្រុង​សៀង​ហៃ​៕ ដោយ៖ កញ្ញាដាលីស

ចិន​ទិញ​មាស ៨ ខែ​ជាប់​គ្នា​នៅ​ដើមឆ្នាំ​នេះ
#