ចិន​ធ្វើតេស្ត​យាន​សម្រាប់​ចុះចត​លើ​ភព​អង្គារ​រួចរាល់​នៅមុន​បេសកកម្ម​ឆ្នាំ​២០២០

270
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១៤ វិច្ឆិកា​) បានធ្វើ​តេស្ត​រួចរាល់​នូវ​យាន​រុករក​ភព​ព្រះ​អង្គារ​របស់ខ្លួន​នៅមុន​បេសកកម្ម​ដំបូង​របស់​ប៉េកាំង​ទៅកាន់​ភព​ក្រហម​ដែល​គ្រោង​នឹងធ្វើ​នៅ​ឆ្នាំ ២០២០ ។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កំពុង​ចាក់​បញ្ចូល​លុយរាប់​ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​អវកាស​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់ខ្លួន ដោយ​សង្ឃឹមថា​នឹងមាន​ស្ថានីយ​អវកាស​មាន​មនុស្ស​ប្រចាំការ​ក្នុង​ឆ្នាំ ២០២២​។​

​ការធ្វើ​តេស្ត​ហោះហើរ​លើ​អាកាស​និង​ឆ្លងកាត់​ឧបសគ្គ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បានធ្វើ​ឡើង​នៅ​ទីក្រុង​ហួ​អ៊ី​ឡាយ​ខេត្ត​ហឺ​ប៉ី​ភាគ​ខាងជើង​ប្រទេស ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីតាំង​មួយ ដែល​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​នៅលើ​ភព​ព្រះ​អង្គារ​។​

​វេទិកា​ពណ៌​ក្រហម​មួយ​ដែលមាន​ខ្សែកាប​ដែកថែប​ភ្ជាប់​ជាមួយ បានធ្វើ​ត្រាប់​តាម​ទំនាញ​ភព​អង្គារ នៅពេលដែល​យាន​នោះ​ចុះចត​ពី​សំណង់​ដែក​ខ្ពស់​មួយ​។​

​លោក ចាង កេ​ចៀន នាយក​រដ្ឋបាល​អវកាស​ជាតិចិន (CNSA) បាន​និយាយថា ការសាកល្បង​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​ចុះចត​នៅលើ​ភព​ព្រះ​អង្គារ​របស់​ចិន​។​

​លោក​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បច្ចុប្បន្ន​ការងារ​អភិវឌ្ឍន៍​ទាំងអស់​កំពុងដំណើរកា​រ​ទៅ​យ៉ាង​រលូន​”​។​

​ប្រទេស​ចិន​កំពុង​ជំរុញ​ទៅមុខ​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក​និង​ក្លាយជា​មហាអំណាច​អវកាស​មួយ ដែលមាន​មហិច្ឆតា​យក​មនុស្ស​ទៅ​ដាក់​នៅលើ​ឋាន​ព្រះ​ចន្ទ​៕ ដោយ៖​កញ្ញាដាលីស

ចិន​សាកល្បង​យាន​សម្រាប់​ស្រាវជ្រាវ​ភព​អង្គារ​រួចរាល់​ហើយ​មុនពេល​បេសកកម្ម​ឆ្នាំ​២០២០​មកដល់