ចិន​ធ្វើឱ្យ​ឥណ្ឌា​ខឹងសម្បារ​អំពី​តំបន់​កា​ស្មៀរ នៅ​២​ថ្ងៃមុន​ជំនួប​កំពូល​

175
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ញូវដែលី​កាលពី​ថ្ងៃ​ពុធ​ទី​៩​ខែតុលា​បាន​ប្រតិកម្ម​តប​បន្ទាប់ពី លោក ស៊ី​ជីន ពីង ប្រធានាធិបតី​ចិន បាន​បង្ហាញ​ការគាំទ្រ​ជា​ថ្មី​ដល់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​​លោក អ៊ី​ម​រ៉ា​ន់ ខាន់​អំពី​តំបន់​កា​ស្មៀរ គឺ​នៅ​ពេល​តែ​២​ថ្ងៃ​មុន​ពេល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ទទួល​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​​សម្រាប់​កិច្ច​ជំនួប​កំពូល​ក្រៅផ្លូវការ​។​

​តំបន់​កា​ស្មៀរ​ដែល​បាន​បែងចែក​រវា​ង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​តាំងពី​ឆ្នាំ​១៩៤៧ មក​នោះ​បាន​ឆ្លងកាត់​សង្គ្រាម​២​រ​រវាង​ប្រទេស​ជា​សត្រូវ​ទាំង​២​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះហើយ​​ចំណាត់ការ​របស់​ឥណ្ឌា​ដើម្បី​ដក​ស្វ័យភាព​នៃ​តំបន់​នេះ​កាលពី​ខែ​សីហា បាន​បង្ក​ភាព​តានតឹង​បន្ថែមទៀត​។​

​សារព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​ថា លោក ស៊ី ជីន​ពីង បាន​ប្រាប់ លោក អ៊ី​ម​រ៉ា​ន់ ខាន់​នៅ​ទីក្រុង​ប៉េកាំង នៅ​មុន​ជំនួប​របស់​ក្រុង​មេដឹកនាំ​ចិន​ជា​មួយ លោក ណារិ​នដ្រា ម៉ូ​ឌី​​នៅ​ទីក្រុង​ឆេន​ណាយ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​សុក្រ និង ថ្ងៃ​សៅរ៍​ទី​១២​តុលា ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​អំពី​ស្ថានការណ៍​នៅ​កា​ស្មៀរ​ហើយ​ថា នោះ​ជា​​ការពិត​យ៉ាងច្បាស់​។​

​លោក ស៊ី ជីន​ពីង បាន​និយាយថា​”​ចិន​គាំទ្រ​ប៉ា​គី​ស្ថាន​ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ហើយ​សង្ឃឹម​ថា​ភាគី​ពាក់ព័ន្ធ​អាច​ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​តាមរយៈ​ជំនួប​ចរចា​​ដោយ​សន្តិវិធី​”​។​

​សេចក្តីថ្លែងការណ៍​រួម​បាន​បន្ថែមទៀតថា ចិន​ប្រឆាំង​រាល់​សកម្មភាព​ឯកតោ​ភាគី ដែល​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ ខណៈ​ដែល​ជម្លោះ​នេះ​គួរតែ​ត្រូវបាន​ដោះស្រាយ​ឱ្យបាន​​ត្រឹមត្រូវ​និង​ដោយ​សន្តិវិធី​ដោយ​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ សេចក្តីសម្រេច​ចិត្ត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​និង​កិច្ចព្រមព្រៀង​​ទ្វេភាគី​។​

​ប៉ុន្តែ​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយថា “​ជំហរ​របស់​ឥណ្ឌា​មិន​ប្រែប្រួល​និង​ច្បាស់លាស់​ថា​រដ្ឋ​ចា​មុយ​-​កា​ស្មៀរ​(Jammu-Kashmir) គឺជា​ផ្នែក​សំខាន់​មួយ​របស់​ឥណ្ឌា​។ ចិន​​ដឹង​ច្បាស់​អំពី​ជំហរ​របស់​យើង​។ វា​មិនមែន​សម្រាប់​ប្រទេស​ដទៃ​ទៀត ចេះ​តែ​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ឥណ្ឌា​បាន​នោះ​ទេ​”​។​

​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ចិន​មាន​ភាព​ល្អក់កករ​ជា​យូរអង្វែង​មកហើយ​ហើយ​ព្រឹត្តិការណ៍​ថ្មីៗ​ជុំវិញ​បញ្ហា​តំបន់​កា​ស្មៀរ​នេះ ជាពិសេស​ការគាំទ្រ​ការទូត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​​កាំ​ង​ដល់​រដ្ឋាភិបាល​អ៊ី​ស្លា​ម៉ា​បាដ​(​ប៉ា​គី​ស្ថាន​)​នៅ​អង្គការ​សហប្រជាជាតិ បាន​បង្ក​ភាព​តានតឹង​បន្ថែមទៀត​៕ដោយ៖សុខា/sn

​លោក ស៊ី ជីន​ពីង និង លោក ណារិ​នដ្រា ម៉ូ​ឌី ស្ថិតនៅ​ក្នុង​ពិធិ​ចុះហត្ថលេខា​មួយ​នៅ​ទីក្រុង​Qingdao ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៨​។​មេដឹកនាំ​ទាំង​ពីរ​គ្រោង​ជួប​គ្នា​នៅ​សប្តាហ៍​​នេះ​