ចិន​និង​កម្ពុជា​បង្កើត​សហគមន៍​រួម​វាសនា​

292
ចែករម្លែក

•«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​រួមចំណែក​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅ​ប្រទេស​កម្ពុជា​

​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដែល បង្កើតឡើង​ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង​ក្នុង​គោលបំណង​ផ្តោតជាសំខាន់​លើ​ការតភ្ជាប់​និង​បង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​និង​អាស៊ី​។​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​បាន​ទាក់ទាញ​វិនិយោគិន​ចិន​ជាច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដែលជា​កត្តា​លី​ករ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​កាន់តែច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​គំនិត​ផ្តួចផ្តើម​នេះ​ក៏បានផ្តល់​មក កម្ពុជា​នូវ​ជំនួយ​ហិរញ្ញប្បទាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន​ក្នុងការ​ស្តារ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ជាច្រើន​ទៀត​។​

​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ចិន​ចំពោះ​កម្ពុជា​ពី​ឆ្នាំ​២០១៦​ដល់​២០១៨​មាន​ចំនួន​៣.៦០០​លាន​យ័ន​។​យើង​អាច​សាងសង់​ស្ពាន​បាន​ចំនួន​ប្រាំពីរ​និង​កំពុង​សាងសង់​ស្ពាន​ស្ទឹងត្រង់ ក្រូចឆ្មារ មួយទៀត កសាង​ផ្លូវថ្នល់​បាន​ជាង​៣.០០០​គីឡូម៉ែត្រ​និង​យើង​កំពុង​ពង្រីក​ការ​សាង សង់​ជា​បន្តបន្ទាប់​ទៀត ។ ចិន​បានធ្វើ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំពីរ​មាន​ទំហំ​ទឹកប្រាក់ រហូតដល់​១០០០​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ចែកចាយ​ថាមពល​អគ្គិសនី​ដល់​ប្រជា ពលរដ្ឋ​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត​/​ក្រុង​។​ចិន​បាន​បន្ត​ជួយ​ដល់​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត ចំនួន​បួន​ពាន់​លាន​យ័ន​ស្មើនឹង​៦០០​លាន​ដុល្លារ​សម្រាប់​រយៈពេល បី​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។​ឆ្នាំ​២០១៦ ចិន​សម្រេច​លុប​បំណុល​ប្រមាណ​៦០០ លាន​យ័ន​ពី​កម្ពុជា​និង​បន្ថែម​ប្រាក់​ជំនួយ​១០០ លាន​យ័ន (​ប្រមាណ ១៤​លាន​ដុល្លារ អាម៉េរិក​)​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ននេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន សហប្រតិបត្តិការ និង​ជំនួយឥតសំណង​របស់​មិត្ត​ចិន បាន​សាងសង់​រួច​មាន​ចំនួន ២៣​ខ្សែ មាន​ប្រវែង​សរុប​២.៣០១​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​១.៣០០​លាន ដុល្លារ​។​គម្រោង​កំពុង​សាងសង់​មាន​ចំនួន​ប្រាំមួយ​ខ្សែ មាន​ប្រវែង​ប្រមាណ​៦០០ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​៤៩០​លាន​ដុល្លារ​។ គម្រោង​ត្រៀម​សាងសង់​ក្នុង ឆ្នាំ​២០១៨ មាន​ចំនួន ០២​គម្រោង គឺ​គម្រោង​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែលមាន​ប្រវែង​សុ​រប ១៨៧ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៤៨៣​លាន ដុល្លារ ។​ស្ពាន​ធំៗ​ដែល​បាន​សាងសង់​រួច​មាន​ចំនួន​ប្រាំពីរ​ស្ពាន មាន​ប្រវែង​សរុប ៦.៨២៤​ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ និង​ស្ពាន​កំពុង​សាងសង ចំនួន​០១ គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូច​ឆ្នា ។ សរុប​គម្រោង​ដែល​ប្រើប្រាស់ ហិរញ្ញប្បទាន​សហ ប្រតិបត្តិការ និង​ជំនួយឥតសំណង​របស់​មិត្ត​ចិន​ដែល​បាន​សាង សង់​រួច កំពុង​សាងសង់ និង​ត្រៀម​សាងសង់ មាន​ទឹកប្រាក់​ប្រមាណ​២,៥៥៣​លាន ដុល្លារ​។​

​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម «​ផ្លូវ​និង​ខ្សែក្រវាត់ »​រវាង​កម្ពុជា ចិន អ្នកនិពន្ធ​ជនជាតិ ចិន​មួយរូប គឺ​លោក ឆាង ជើ​ស៊ី (Zhang Gexi) បាន​ចែករម្លែក​គំនិត​និង​ទស្សនា ទាន​ទាក់ទង​នឹង​ការជួយ​របស់​ចិន​ចំពោះ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ជាពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

​ប្រទេស​កម្ពុ​ជាមាន​ព្រំព្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ឡាវ​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ហើយ​ភាគខាងត្បូង​ជាប់​ឆ្នេរ​ឈូង សមុទ្រ​ថៃ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលជា​ប្រទេសមួយ​ស្ថិតក្នុង​តំបន់​ស្នូល​នៃ ឧបទ្វីប​ឥណ្ឌូចិន​និង មហា​អនុតំបន់​ទន្លេមេគង្គ​ដែលមាន​ទីតាំង​ភូមិសាស្ត្រ​យ៉ាង​ល្អ ប្រសើរ និង​ជា​ចំណត​ដ៏​សំខាន់ មួយ​របស់​ផ្លូវ​សូត្រ​សមុទ្រ​។​

​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​«​យុទ្ធសាស្ត្រ​ចតុកោណ​» ដែលជា​ការរួម​ផ្សំ​ដ៏​សំខាន់​នៃ​«​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​(MDGs)» «​ផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច​-​សង្គមកិច្ច​ប្រាំ​ឆ្នាំ​លើក​ទី​ពីរ​(២០០១-២០០៥)» និង​«​យុទ្ធ សាស្ត្រ​ជាតិ​កាត់បន្ថយ ភាពក្រីក្រ​(២០០៣-២០០៥)» ដែល​ត្រូវ​បាននិងកំពុង​អនុវត្ត ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ព្វ​ថ្ងៃ​ផងដែរ​។​ខ្លឹមសារ​នៃ​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និង​វិធានការ​កំណែទម្រង់​ខាងលើ ត្រូវបាន​ដាក់ចេញ​ដោយ​ឆ្លងកាត់​ការ ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​រវាង​ស្ថាប័ន​មូលដ្ឋាន ក្រសួង និង​អង្គការ​ជំនួយ អន្តរជាតិ​នានា​ក្នុង​គោលបំណង​កែសម្រួល​និង​លើកកម្ពស់​អភិបាលកិច្ច​របស់​ស្ថាប័ន​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់​ពង្រឹង​កំរិត​គ្រប់គ្រង​ជំរុញ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ដើម្បី​អំណោយផល​ដល់​កំណើនសេដ្ឋកិច្ច ផ្ដល់ឱកាស​ការងារ​ជូន​ប្រជាជន​ធានា សមធម៌​សង្គម និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​វិស័យ សាធារណៈ​ក៏ដូចជា​ការពារ ធា​ធាន​ធម្មជាតិ​និង​វប្បធម៌​នៃ​ប្រទេសជាតិ​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​និរន្តរភាព​និង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

​ចតុកោណ​ទី​២ នៃ​«​យុទ្ធសាស្ត្រ​ចតុកោណ​» ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល កម្ពុជា គឺ បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត​។ យុទ្ធសាស្ត្រ​នេះ​ស្របគ្នា​យ៉ាង ខ្លាំង​ជាមួយ​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​។​

​ចតុកោណ​ទី​១ នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត គឺ​ការបន្ត​ស្តារ និង​កសាង​ប្រព័ន្ធ​គមនាគមន៍​។ នៅក្នុង​វិស័យនេះ សហគ្រាស​ចិន​បាន​ចូលរួមចំណែក យ៉ាងខ្លាំង​។ ក្នុងចំណោម​ផ្លូវជាតិ​ប្រវែង ៦.០០០​គីឡូម៉ែត្រ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ មាន​ផ្លូវជាតិ​ប្រវែង ៣០០០ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ដោយ​សហគ្រាស​ចិន រីឯ​ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែលជា​ផ្លូវ​ល្បឿន​លឿនទី​មួយ​នៅ​កម្ពុជា​បច្ចុប្បន្ន ត្រូវបាន​បើក​ការដ្ឋាន​ជាស្រេច ហើយ និង​សាងសង់​ដោយ​ក្រុមហ៊ុន China Road & Bridge Corporation ។​

​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក​បាន​ត​ភ្ជាប់​គ្រប់​ខេត្ត​ក្នុងប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា ក្លាយទៅជា​តួអង្គ​សេដ្ឋកិច្ច​សមាហរណកម្ម​មួយ​ម្យ៉ាងទៀត​បណ្ដាញ​គមនាគមន៍​កម្ពុជា ក៏បាន​ត​ភ្ជាប់​ជាមួយ​បណ្ដាញ​គមនាគមន៍​នៅ​ប្រទេស​វៀតណាម ថៃ និង​ឡាវ ដោយ​ផ្លូវ ជាតិ​លេខ​១ លេខ​៥ និង​លេខ​៧ បាន​ផ្សារភ្ជាប់​គ្នា​នូវ​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក​រវាង តំបន់​ឧបទ្វីប​ឥណ្ឌូចិន​ទាំងមូល​និង​អាស៊ាន​ហើយ​បានធ្វើ​សមាហរណកម្ម​ទីផ្សារ ក្នុងស្រុក និង​ជា​ធាតុ​ជំរុញ​កម្ពុជា​ចូលរួម​នឹង​អង្គ​សេដ្ឋកិច្ច​អាស៊ាន​និង​ពិភពលោក​។​

​ចតុកោណ​ទី​២ នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត គឺ​ការគ្រប់គ្រង ធនធានទឹក​និង​ប្រព័ន្ធធារាសាស្ត្រ​។​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ស្រោចស្រព​និង​អនុវត្ត​ការគ្រប់គ្រង​ធនធានទឹក យកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ ធារាសាស្ត្រ​បច្ចុប្បន្ន ហើយ​បន្ត​អភិវឌ្ឍ​និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​សមាគម ប្រើប្រាស់​ទឹក ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ពី​គ្រោះថ្នាក់​ធម្មជាតិ​មកលើ​ប្រជាជន និង​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​អាកាសធាតុ​ខ្លាំង​របស់​វិស័យ​កសិកម្ម​។ បឹង​ទន្លេ សាប​នៅ​ប្រទេស​កម្ពុជា​ជា​បឹង​ទឹកសាប​ធំជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​តំបន់ ជុំវិញ​បឹង​ទន្លេសាប​ក៏​ជា​តំបន់​ផលិត​ស្រូវ​ដ៏​សំខាន់​បង្អស់​របស់​កម្ពុ​ជា​ផងដែរ ក៏ប៉ុន្តែ កាលពីមុន ដោយសារ​កង្វះខាត​ប្រព័ន្ធធារាសាស្ត្រ​កម្រិត​មូលដ្ឋាន​សម្រាប់​កសិកម្ម តំបន់​នេះ​ដែល​ស្ថិតក្នុង​តំបន់​ត្រូពិច ច្រើនតែ​ធ្វើ​ស្រូវ​បាន​ម្ដង​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ​ទេ​។ ក្រោម​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ អា​ចាង ដែល​សហការ​សាងសង់​ដោយ​ភាគី​ចិន​និង​កម្ពុជា​បាន​ពង្រីក​ការធ្វើ​ស្រែ​ពីមួយ ឆ្នាំ​បានតែ​ម្ដង​ដល់​មួយឆ្នាំ​បាន​ពីរដង​ធ្វើ​ឲ្យ​មាន​កំណើន​ផលិតផល​ស្រូវ​ក្នុង​មួយឆ្នាំ ជាច្រើន និង​លើកកម្ពស់​កម្រិតជីវភាព​របស់​កសិករ​ក្នុង​តំបន់​។​

​ចតុកោណ​ទី​៣​នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត គឺ​ការអភិវឌ្ឍ វិស័យ​ថាមពល​និង​បណ្ដាញ​អគ្គិសនី​។ ផ្នែក​ដ៏​សំខាន់​ជាងគេ​មួយ​នៃ​គោលនយោបាយ សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បន្ត​អភិវឌ្ឍ​វិស័យ​ថាមពល ដើម្បី​ឆ្លើយតប​ឲ្យ មាន​ប្រសិទ្ធភាព​ចំពោះ​ការទាមទារ​ឲ្យ​បញ្ចុះតម្លៃ​ភ្លើង​ជា​រៀងរហូត​។ ក្នុង​ផែនការ​សកម្ម ភាព​របស់​រាជរដ្ឋាភិបាល នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ការបន្ថែម​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី និង​ការ​បញ្ចុះតម្លៃ​អគ្គិសនី សម្រាប់​អ្នកប្រើប្រាស់​ប្រភេទ​ពាណិជ្ជកម្ម​ត្រូវបាន​ស្ថិតក្នុង​ចំណាត់​អាទិភាព​។ ក្រៅពី​សាងសង់​វា​រី​អគ្គិសនី​និង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ដ៏​ធំ​រាជរដ្ឋាភិបាល កម្ពុជា​នៅតែ​ខំប្រឹងប្រែង​កសាង​បណ្ដាញ​ចែកចាយ​អគ្គិសនី​មិន​គ្រាន់តែ​បាន​ត​ភ្ជាប់ ទីក្រុង​និង​ជនបទ​ទូទាំងប្រទេស ថែមទាំង​បាន​ផ្សារភ្ជាប់​គ្នា​ជាមួយ​ប្រទេសជិតខាង​តាម រយៈ​បណ្ដាញ​អគ្គិសនី​ផងដែរ ដើម្បី​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​មាន​ស្ថេរភាព និង​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ចសង្គម​។​

​ក្នុង​វិស័យនេះ ការវិនិយោគ​ពី​ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​យ៉ាងខ្លាំង ក្នុងការ​បន្ថែម​ផ្គត់ ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ វា​រី​អគ្គិសនី​ធំ​ទាំងអស់​នៅ​កម្ពុជា​សុទ្ធតែ វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ហើយ​គម្រោង​វា​រី​អគ្គិសនី​និង​រោងចក្រ​ថាមពល អគ្គិសនី​ធ្យូងថ្ម​ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​បាន​ផលិត​ថាមពល​អគ្គិសនី​ប្រហែល ៨០​ភាគរយ នៃ​បរិមាណ​ផលិត​អគ្គិសនី​ទូទាំងប្រទេស​កម្ពុជា និង​ប្រព័ន្ធ បញ្ជូន​តង់ស្យុង​ខ្ពស់​ដែល​សង់​រួច​ដោយ​ក្រុមហ៊ុន​ចិន មាន​ប្រវែង ៣៥​ភាគរយ​នៃ ប្រវែង​សរុប​របស់​ប្រព័ន្ធ​បញ្ជូន​តង់ស្យុង​ខ្ពស់​ក្នុងប្រទេស​កម្ពុជា​។​

​ចតុកោណ​ទី​៤ នៃ​គោលដៅ​បន្ត​ស្តារ​និង​កសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​រូបវន្ត គឺ​ការអភិវឌ្ឍ បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ដោយមាន​ការអភិវឌ្ឍ បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​យ៉ាង​ឆាប់រហ័ស​រាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​សម័យ​ទំនើប​។​

​កាលពី​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំនេះ អំឡុងពេល​អញ្ជើញ​វត្តមាន​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​»​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបប្រជុំគ្នា​នឹង​លោក លី ជីន​កឺ (Li Jin’ge) អនុប្រធាន​ក្រុមហ៊ុន​ហួ​វៃ​( HUAWEI )​ប្រទេស​ចិន​។ ភាគី​ទាំងពីរ បាន​ផ្លាស់ប្ដូរ​យោបល់​ស៊ីជម្រៅ​អំពី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ហើយក៏​បាន ចូលរួម​ជា​សក្ខីភាព​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥(5G) រវាង​ក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd និង ទូរគមនាគមន៍​កម្ពុ​ជា (Telecom Cambodia)​ផងដែរ​។​

​ក្រុមហ៊ុន HUAWEI បាន​សន្យា​ខំប្រឹងប្រែង​ជួយ​កម្ពុជា​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា (ICT) ដើម្បី​ទ្រទ្រង់​ការ អនុវត្ត​ជាក់ស្ដែង​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន HUAWEI ជឿជាក់ថា ឆ្នាំ​២០១៩​នឹង​ជា​ឆ្នាំ​ដំបូង​នៃ​ការអភិវឌ្ឍ 5G នៅ​កម្ពុជា ក្រុមហ៊ុន​មានបំណង នាំ​បច្ចេកវិទ្យា​និង​ផលិតផល 5G ចុងក្រោយ​បំផុត​មកកាន់​ប្រទេស​កម្ពុជា ក៏ដូចជា ចែករំលែក​នូវ​បទពិសោធន៍​ជាក់ស្តែង​ជា​សកល​របស់​ក្រុមហ៊ុន ជាមួយ​ទូរគមនាគមន៍ កម្ពុជា ដើម្បី​កែលម្អ​កម្រិត​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា​ប​ង្កើ​ត​ប្រព័ន្ធ​ឌីជីថល កម្ពុជា និង​គាំទ្រ​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​បាន​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​វិស័យ ICT របស់​កម្ពុជា ហើយ​សម្តេច​គឺជា​នាយករដ្ឋមន្ត្រី នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មានវិទ្យា​(ICT)​។ សម្តេច​តេ​ជោ​បាន​ប្រៀបធៀប​អ៊ិន ធឺ​ណិ​តទៅ​នឹង​ផ្លូវ​ល្បឿន​លឿន​នៃ​ឌីជីថល​ហើយ​ប្រទេស​កម្ពុជា​ក៏​គួរតែ​សង្កត់ធ្ងន់ លើ​ការអភិវឌ្ឍ​សមត្ថភាព​ទាក់ទង​នឹង​អ៊ីនធឺណិត​នេះ​ផងដែរ​។ ប្រទេស​កម្ពុជា​មិន មែន​ស្ថានីយ​ប្រមូល​បច្ចេកវិទ្យា​អន់ថយ​បែរជា​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ថ្មី​បំផុត​លើ​សាល​កលោក ហើយ​សង្ឃឹមថា ក្រុមហ៊ុន HUAWEI អាចជួយ​កម្ពុជា​ក្នុងការ​បង្កើនល្បឿន អ៊ីនធឺណិត​បាន​។​

​ក្រោយ​ជំនួប លោក លី ស្យុ​ង​វៃ (Li Xiongwei) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd. និង​លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​នៃ​ទូរគមនាគមន៍​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី​៥ (5G) នៅ​កម្ពុជា ហើយ​ក៏បាន​ប្ដូរ​សារលិខិត​ទៅវិញទៅមក​គ្នា​។​ភាគី​ទាំងពីរ​នឹង​រួម​ព្យាយាម​បង្កើត​បរិយាកាស​ប្រព័ន្ធ​អេកូ​ដ៏​ល្អប្រសើរ​សម្រាប់​អភិវឌ្ឍន៍ 5G នៅ​កម្ពុជា និង​ជំរុញ​កម្ពុជា​ក្លាយ ទៅជា​ប្រទេស 5G នាំមុខ​ក្នុង​តំបន់​អាស៊ាន​។​

​កាលពី​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំនេះ ផែនការ​សកម្មភាព​ស្ដី​ពី​ការកសាង​សហគមន៍ រួម​វាសនា​រវាង​ចិន​និង​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​។​លោក វ៉ាង វឹ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានទទួល​បទ សម្ភាសន៍​ពី​អ្នកយកព័ត៌មាន​នៃ​ទីភ្នាក់ងារសារព័ត៌មាន ស៊ីន ហួ នៅ​រាជធានី​ភ្នំពេញ ដោយ​ថ្លែងថា ផែនការ​សកម្មភាព​នេះ​បាន​បង្ហាញថា ទំនាក់ទំនង​ភាពជា​ដៃគូ​កិច្ច សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​បាន​ឈានដល់ កម្រិត​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ ហើយក៏​នឹង​ក្លាយជា «​ក្បាលម៉ាស៊ីន​»​ក្នុង​ការជំរុញ​អភិវឌ្ឍន៍ ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ជា​«​ជ័រស្អិត​»​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ជាមួយ​ប្រទេសជិតខាង និង​ជា «​ស្រែ​ពិសោធន៍​» ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​ផងដែរ​។​

​ក្នុងចំណោម​បណ្ដា​ប្រទេស​អាស៊ាន កម្រិត​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​នៅ​អន់ថយ នៅឡើយ និង​មាន​គម្លាត​ធំ​ជាមួយនឹង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​។ ទោះជា​ស្ថានភាព ប្រទេស​ចិន​និង​កម្ពុជា​មានការ​ខុសគ្នា​ជាច្រើន​ក៏ដោយ ក៏ប៉ុន្តែ​តាមរយៈ​ចំណង​អភិវឌ្ឍន៍ «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» និង​ពឹង​អាស្រ័យ​លើ​ជំនឿ​ទុកចិត្ត​គ្នា​ផ្នែក​នយោបាយ​ការ បំពេញ​សេចក្ដីត្រូវការ​ផ្នែក​សេដ្ឋកិច្ច និង​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​ប្រជាជន​ចិន​និង កម្ពុជា​អាច​កសាងបាន​នូវ​«​សហគមន៍​រួម​វាសនា​អភិវឌ្ឍន៍​» ដែលជា​សហគមន៍ អំណោយផល​ទៅវិញទៅមក ឈ្នះ​ឈ្នះ និង​ពឹងផ្អែក​គ្នា ហើយ​បង្កើតជា «​សហគមន៍ រួម​វាសនា​រវាង​ចិន​និង​កម្ពុជា​» ដែល​អាចជួយ​ឈឺឆ្អាល​គ្នា​សំដៅ​នាំមក​នូវ​សុភមង្គល ជូន​ប្រជាជន​ចិន​និង​កម្ពុជា​៕ ដោយៈ​សុផល​