ចិន​និង​កម្ពុជា ជា​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​

1036
ចែករម្លែក

(​ភ្នំពេញ​)៖ ភាពជា​ដៃគូ​រវាង​ចិន​និង​កម្ពុ​ជាមាន​សារៈសំខាន់​ណាស់​លើ​គ្រប់​វិស័យ​។​ក្រោម​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ប្រទេស​ទាំងពីរ​បាន​ស​ហ​ការ​គ្នា​ជា​មិត្ត​ជិតស្និទ្ធ​និង​ជា​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​គឺមាន​បំណង​កំណត់​នូវ​វិស័យ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​នៅតាម​បណ្តោយ​ផ្លូវ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​នៅក្នុង​តំបន់​អាស៊ី​កណ្តាល អាស៊ី​ខាងលិច អាស៊ី​ខាងត្បូង ប្រទេស​រុស្សី ទ្វីបអឺរ៉ុប តាម​ឈូង​សមុទ្រ​ពែ​ក្ស តាម​មហាសមុទ្រ ឥណ្ឌា និង​ទៅ​ថ្ងៃ​អនាគត​ទៅដល់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក តាមរយៈ​ការតភ្ជាប់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​និង​កំពង់ផែ​។​

​ចំពោះ​កម្ពុជា រាជរដ្ឋាភិបាល​និង​សាធ​រណ​រដ្ឋ​ប្រជាមានិត​ចិន បានរួម​គ្នា​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​និង​កិច្ច​សហ​​ប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​ដែល​គេ​ហៅថា កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​។​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ​ប្រទេស​តាំងពីរ នឹង​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​នានា វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​ពង្រឹង ភាពជា ដៃគូ​លើ​វិស័យ​វិនិយោគ ឧស្សាហកម្ម ពា​ណិ​​ជ្ជ​កម្ម​ហិរញ្ញវត្ថុ និង​វប្បធម៌​។​
​ ​
​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នោះ​ឆ្នាំ​២០១៦​គឺជា​ឆ្នាំ​ដែល​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឈានដល់​កម្រិត​ខ្ពស់​បំផុត​ដែល​ក្នុងនោះ​ចិន​សម្រេច​លុប​បំណុល​ប្រមាណ ៦០០ លាន​យ័ន​ពី​កម្ពុជា​និង​បន្ថែម​ប្រាក់​ជំនួយ​១០០ លាន​យ័ន (​ប្រមាណ ១៤ លាន​ដុល្លារ​អាម៉េរិក​)​ផងដែរ​។​

•​ទំនាក់ទំនង​មិត្តភាព វិនិយោគ ពាណិជ្ជកម្ម កើនឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក ប្រធានាធិបតី​ស៊ី ជីន​ភីង តប​តាម​ការអញ្ជើញ​​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​​ថ្ងៃទី​១៣​ដល់ទី​១៤​ខែតុលា​ឆ្នាំ​២០១៦​។​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​លោក ស៊ី ជីន​ភីង​បាន​ជួប​សំណេះសំណាល​ជា​​មួយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ចិន​ផ្តល់​ផលចំណេញ​ច្រើន​ដល់​កម្ពុជា​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​កម្ពុជា​របស់លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ប្រៀប​ដូចនឹង​ការនាំយក​ឱកាស​មាស​មក​កម្ពុជា​ព្រោះ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ក្រុម​សេដ្ឋវិទូ​នៅ​កម្ពុជា​​សម្តែង​សុទិដ្ឋិនិយម​ថា បានផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ប៉ុន្តែ​ពួកគេ​ក៏​ដាស់តឿន​ឱ្យ​កម្ពុ​ជាមាន​គោលជំហរ​​និង​ឆន្ទៈ​ច្បាស់លាស់​ចំពោះ​ប្រទេស​ចិន​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ជីន​ភីង ត្រូវបាន​គេ​យល់ឃើញថា នឹង​ធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា​-​ចិន​កាន់តែ​ល្អប្រសើរ​ថែមទៀត ហើយ​ប្រទេស​ចិន​ក៏បានផ្តល់​តម្លៃ​ដល់​កម្ពុជា​កាន់តែខ្លាំង​ផងដែរ​។ ប្រធានាធិបតី​ចិន​មក​ទីនេះ​ប្រៀប​បីដូច​ជាការ​បើកទ្វារ​ស​ម្រា​ប់​​កម្ពុជា​ដើម្បី​ទាក់ទាញ​វិនិយោគិន​ចិន​ឱ្យធ្វើ​ការពិចារណា​ក្នុងការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។​ទន្ទឹមនឹងនេះ​ក៏​នឹង​ធ្វើឱ្យ​វិនិយោគិន​ចិន​​ដែល​បាននិងកំពុង​តែ​បោះទុន​វិនិយោគ​នៅ​កម្ពុជា កាន់​តែមាន​ភាពកក់ក្តៅ​និង​ទំនុកចិត្ត​ទ្វេ​ឡើង​ថែមទៀត​។​

​យោងតាម​ទិន្នន័យ​ភាគី​ចិន​បាន​បង្ហាញថា ឆ្នាំ​២០១៥​ទំហំ​ពាណិជ្ជកម្ម​ចិន​-​កម្ពុ​ជាមាន​រហូតដល់ ៤,៤៣ ប៊ី​លាន​ដុល្លារ​អាម៉េរិក កើនឡើង​១៨%​។ ក្នុងនោះ​ចិន​បាន​នាំ​ចេញមក​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់ ៣,៧៧​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ខណៈ​នាំចូល​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់ ៦៧០ លាន​ដុល្លារ​អាម៉េរិក​។​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៦​ទំហំ​វិនិយោគ​កិច្ចព្រមព្រៀង​សរុប​របស់​ប្រទេស​ចិន​មក​​លើ​កម្ពុ​ជាមាន​ចំនួន ១២ ប៊ី​លាន​ដុល្លារ​អាម៉េរិក​។ ក្នុងនោះ​ទឹកប្រាក់​កិច្ចសន្យា​ថ្មី​ដែល​សហគ្រាស​ចិន​បាន​ចុះហត្ថលេខា​នៅ​កម្ពុជា​​នា​ឆ្នាំ​២០១៥​មាន​ចំនួន​១,៤២ ប៊ី​លាន​ដុល្លារ​អាម៉េរិក កើនឡើង​០,៥%​ទឹកប្រាក់​អាជីវកម្ម​ដែល​សម្រេចបាន​មាន​ចំនួន​១,២១​ប៊ី​លាន​​ដុល្លារ​អាម៉េរិក កើនឡើង​២៥,៨%​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​ពិធីសារ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ដែល​រួមមាន​វិស័យ​ការទូត រួមគ្នា​កសាង “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” កិច្ចសហប្រតិបត្តិការ​សមត្ថភាព​ផលិត វិនិយោគ ធារាសាស្ត្រ សារព័ត៌មាន និង វិស័យ​សមុទ្រ​។​ល​។​​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​ពិធីសារ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​វិស័យ​ឯកជន​ចិន និង រវាង​វិស័យ​ឯកជន​កម្ពុជា​និង​វិស័យ​ឯកជន​ចិន សរុប​ចំនួន​៣១៖

​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន​៖១- កិច្ចព្រមព្រៀង​ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងដំណាក់កាល​ថ្មី​។​

២-​អនុស្សារណៈ​យោគយល់​គ្នា​ស្ដីពី​ការរៀបចំ​ចំណុច​នៃ​ផែនការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​និង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​។​

៣​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១,២​ប៊ី​លាន​យ័ន​(CNY) (​ប្រមាណ​១៧៦​លាន​ដុល្លារ​អាម៉េរិក​)​។​

៤-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​មុ​ទ្រ​។​

៥- កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យុ​និង​ទូរទស្សន៍​។​

៦- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អធិការកិច្ច​។​

៧-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កម្មវិធី​ផ្លាស់ប្ដូរ​ទស្សនកិច្ច​អ្នក​វិទ្យាសាស្ដ្រ​។​

៨- កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​។​

៩-​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​សាងសង់​អគារ​ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​។​

១០-​ពិធីសារ​ស្តីពី​ការ​លុប​ឥណទាន​ឥត​ការប្រាក់​។​

១១-​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​ការសន្យា​ផ្តល់​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២​។​

១២-​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​ជា​ឥណទាន​ឥត​ការប្រាក់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារ៉ា​សា​​ស្ត្រ​វៃ​កូ ជំហាន​ទី​២​។​

១៣- កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​ការសន្យា​ផ្តល់​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥១​។​

១៤-​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​ជា​ឥណទាន​ឥត​ការប្រាក់​សម្រាប់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥១​។​

១៥- កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​ការសន្យា​ផ្តល់​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​២​។​

១៦-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​សិក្សា​ប្លង់​មេ​ស្តីពី​ផែនការ​សម្រោង​ធនធានទឹក​នៅ​កម្ពុជា​និង​គម្រោង​រៀបចំ​និង​គាំទ្រ​​សម្ភារៈ​ដល់​គម្រោង​វិទ្យាស្ថាន​ធនធានទឹក​។​

១៧-​លិខិត​ប្តូរ​សារ​ស្តីពី​ប្រព្រឹត្ត​កម្ម​មិន​ជាប់​ពន្ធគយ​ចំនួន​៩៧%​នៃ​មុខទំនិញ​សរុប​។​

១៨-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជំរុញ​គម្រោង​កិច្ចសហប្រតិបត្តិការ​វិនិយោគ​ឧ​ស្សហកម្ម​គន្លឹះ​។​

១៩-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចារកម្ម​ពាក់ព័ន្ធ​លើ​វិស័យ​អនុវត្ត​ច្បាប់​សន្តិ​​សុខ​ផ្ទៃ​ប្រទេស​។​

២០-​កិច្ចព្រមព្រៀង​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​​ចំណែក​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​វិស័យ​ឯកជន​ចិន​មាន​៖

២១-​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​។​

២២- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២​។​

២៣-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥១​។​

២៤- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​២​។​

២៥-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​ដុល្លារ​អាម៉េរិក​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ​ជំហាន​ទី​៥​និង​ទី​៦​។​

២៦- កិច្ចសន្យា​សាងសង់​ផ្លូវជាតិ​លេខ​១១ អ្នក​លឿង​-​ថ្នល់ទទឹង​។​

២៧- អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Green Trade កម្ពុជា និង ក្រុមហ៊ុន COFCO ចិន ស្តីពី​ការនាំ​អង្ករ​២០​ម៉ឺន​តោន​ទៅ​ចិន​។​

២៨- កិច្ចសន្យា​សាងសង់​នៃ​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០ KV ជំហាន​ទី​២​រីឯ​រវាង​វិស័យ​ឯកជន​កម្ពុជា​និង​វិស័យ​ឯកជន​ចិន​៖

២៩- អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការវិនិយោគ​និង​អភិវឌ្ឍន៍​ខ្សែបណ្តាញ​អគ្គិសនី​ជាតិ​។​

៣០- កិច្ចព្រមព្រៀង​ពិធីសារ​សម្រាប់​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ៤៥០ MW នៅ​ក្រុងព្រះសីហនុ​

៣១- កិច្ចព្រមព្រៀង​ផ្តល់ប្រាក់​កម្ចី ៤០០ លាន​យ័ន (​ប្រមាណ​៥៨ លាន​ដុល្លារ​អាម៉េរិក​)៕ ​ដោយ ៖សុផល

​លោក ស៊ី ជីន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៣​ដល់ទី​១៤​ខែតុលា​ឆ្នាំ​២០១៦