ចិន​និង​កម្ពុជា ៖​បង្ហាញ​មនោសញ្ចេតនា​ពិតប្រាកដ​នៅ​គ្រាអាសន្ន

286
ចែករម្លែក

នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម​ស៊ី ជីន​ភីង​ប្រធានាធិបតី​ចិន បាន​ជួប​ប្រស្រ័យ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សភា​ប្រជាជន​ចិន​ក្នុង​ក្រុង​ប៉េកាំង​។​

ឯកឧត្តម​ស៊ី ជីន​ភីង មានប្រសាសន៍ថា​បច្ចុប្បន្ន រដ្ឋាភិបាល​និង​ប្រជាជន​ចិន​កំពុង​ខិតខំ​យ៉ាង​ពេញទំហឹង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ខណៈពេល​ដ៏​ពិសេស​នេះ​ប្រជាជន​កម្ពុជា​បាន​ឈរ​ជាមួយ​យើងខ្ញុំ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ចិន​-​កម្ពុជា​ដែល​មិនអាច​បំបែក​បានឡើយ​និង​ការជឿទុកចិត្ត​លើ​គ្នា​រវាង​ប្រទេស​ទាំងពីរ​ព្រមទាំង​បានបង្ហាញ​ឱ្យឃើញ​ពី​អត្ថន័យ​នៃ​ពាក្យ​“​រួមសុខទុក្ខ​ជាមួយគ្នា​”​ដែលជា​ចំណុច​ស្នូល​នៃ​សហគមន៍​រួម​វាសនា​ចិន​-​កម្ពុជា​។

ឯកឧត្តម ស៊ី ជីន​ភីង​សង្កត់ធ្ងន់ថា​ឈរលើ​ស្មារតី​ទំនួល​ខុសត្រូវ​កម្រិត​ខ្ពស់​ចំពោះ​ប្រជាជន​ចិន​និង​សហគមន៍​អន្តរជាតិ គណបក្ស​និង​រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​តឹងរ៉ឹង​បំផុត​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​។ សព្វថ្ងៃ ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​កំពុង​ទទួល​នូវ​សមិទ្ធផល​ជាក់ស្តែង​។ ប្រទេស​ចិន​មាន​ជំនឿ​ចិត្ត​និង​មាន​សមត្ថភាព​អាច​ទទួលបាន​នូវ​ជ័យជម្នះ​ក្នុង​យុទ្ធនាការ​ទប់ទល់​នឹង​ជំងឺឆ្លង​នេះ​។ យើងខ្ញុំ​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​នានា​ដោយ​ឈរលើ​គោលជំហរ​ដែល​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​និង​ប្រកបដោយ​តម្លាភាព​រួមគ្នា​ទប់ទល់​នឹង​ជំងឺឆ្លង​ថែរក្សា​សុវត្ថិភាព​សុខាភិបាល​លើ​ពិភពលោក​និង​ក្នុង​តំបន់ ។​យើងខ្ញុំ​នឹង​ថែរក្សា​ឱ្យបាន​ល្អប្រសើរ​នូវ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅក្នុង​ប្រទេស​ចិន​ដូច​ថែរក្សា​ប្រជាពលរដ្ឋ​ចិន​អ៊ីចឹង​រួមទាំង​និស្សិត​ខ្មែរ​ដែល​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ដើម្បី​ផ្តល់​កិច្ចធានា​ដល់​ការរស់នៅ​និង​ថែរក្សា​សុខភាព​របស់​ពួកគេ​។​

សម្តេច​តេ​ជោ​ហ៊ុន សែន មានប្រសាសន៍ថា​ក្នុង​គ្រា​ដែល​ប្រទេស​ចិន​បាន​ជួបនឹង​ការ លំបាក​នេះ​ប្រជាជន​កម្ពុជា​តស៊ូ​ជាមួយ​ប្រជាជន​ចិន​ឥត​ងាករេ​រួមសុខទុក្ខ​ជាមួយគ្នា​សហការគ្នា​ដើម្បី​ពុះពារ​ឧបសគ្គ​ជា​មិត្ត​ដែក​ពិតប្រាកដ ។​ភាគី​កម្ពុជា​សូម​ថ្លែងអំណរ គុណ​ចំពោះ​ភាគី​ចិន​ដែល​បាន​យកចិត្តទុកដាក់​និង​ផ្តល់​កិច្ចធានា​ដល់​ការរស់នៅ​និង​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​ប្រទេស​ចិន ។​ខ្ញុំ​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​លើក​នេះ​នឹង​អាច​នាំមក​នូវ​ជំនឿ​ចិត្ត​ដល់​ពួកគេ​។ ភាគី​កម្ពុជា​នឹង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​រួម​សហការគ្នា​ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​កម្ពុជា​-​ចិន​ ៕ (​ស៊ីន​ហួ​ចិន​)

ថ្ងៃទី ៥ ខែកុម្ភៈ ឯកឧត្តម​ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ជួប​ប្រស្រ័យ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សភា​ប្រជាជន​ចិន​ក្នុង​ក្រុង​ប៉េកាំង​។