ចិន​និង​ប៉ា​គី​ស្ថាន​ព្រមព្រៀង​ជំរុញ​ការកសាង​របៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន

2672
ចែករម្លែក

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់( Imran Khan ) បានជួប លោក វ៉ាងយី(Wang Yi )ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន នៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យទី៩កញ្ញា។ ភាគីទាំង២ បានព្រមព្រៀងគ្នាជំរុញឆ្ពោះទៅការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ។

លោក អ៊ីមរ៉ាន ខាន់បាននិយាយថា ការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន គឺជាគម្រោងដ៏សំខាន់ មួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២ ហើយវាក៏ជាផ្នែកមួយដ៏សំខាន់នៃគំ​និតផ្តួចផ្តើម ” ខ្សែក្រវាត់មួយ និងផ្លូវមួយ ” ។ លោកបានិយាយថាភាគីប៉ាគីស្ថានមានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយចិនដើម្បីកសាងគម្រោងនេះ។

លោក អ៊ីមរ៉ាន ខាន់បានស្នើ លោក វ៉ាង យី នាំយកនូវការសម្តែងការគោរពប្រកបដោយមិត្តភាពស្និទ្ធស្នាលចំពោះក្រុមមេដឹកនាំចិន។ លោក បាននិយាយថា ប៉ាគីស្ថាននិងចិនគឺជាដៃគូយុទ្ធសាស្រ្តគ្រប់សម័យកាល ហើយថារដ្ឋាភិបាលរបស់លោក ប្តេជ្ញាក្នុងការលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិន ជាពិសេសសង្ឃឹមថានឹងបានរៀនសូត្រអំពីសមិទ្ធផលនិងបទពិសោធន៍របស់ចិនក្នុងការកាត់បន្ថយភាពក្រីក្រនិងប្រឆាំងអំពើពុករលួយ។

លោកក៏បាននិយាយផងដែរថា លោករំពឹងថានឹងចូលរួម “ពិព័រណ៍នាំចូលជាអន្ដរជាតិចិនលើកទីមួយ” នៅខែវិច្ឆិកានិងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

លោក វ៉ាង យី បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការថ្លែងរបស់ លោក អ៊ីមរ៉ាន ខាន់ ដែលបានធ្វើឡើងនៅពេលលោកបានសង្កត់ធ្ងន់ថា លោកនឹងបន្តជំរុញឱ្យមានការស្ថាបនាច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន រវាងចិននិងប៉ាគីស្ថាន។ លោកបាននិយាយថា រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការធ្វើការយ៉ាងសកម្មជា មួយប៉ាគីស្ថាន ដោយចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ការប្រឆាំងអំពើពុករលួយ ក៏ដូចជាវិស័យដទៃទៀតផងដែរ៕ដោយ:សុខា/sn

លោក អ៊ីមរ៉ាន ខាន់ (រូបទី២ពីស្តាំ)បានជួបជាមួយ លោក វ៉ាងយី (រូបទីមួយពីឆ្វេង)នៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យ