ចិន​និង​រុស្ស៊ី​បង្ហាញ​គំរូ​យន្តហោះ​ដឹក​អ្នកដំណើរ​ទំហំ​ប៉ុន​យន្តហោះ​មែនទែន នៅ​ពិព័រណ៍​យន្តហោះ​ក្រុង​ជូ​ហៃ​

244

​ចិន​និង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​៦​វិច្ឆិកា​បានបង្ហាញ​គំរូ​យន្តហោះ​ធុន​ធំ​បើក​ចម្ងាយ​ឆ្ងាយ​ប៉ុន​យន្តហោះ​មែនទែន​នៅឯ​ពិធី​បើក​ពិព័រណ៍​យន្តហោះ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន ដោយបាន​បង្ហាញឱ្យឃើញ​ពី​កិច្ចប្រឹងប្រែង​រួមគ្នា​របស់​ពួកគេ​ដើម្បី​សម្រុកចូល​ទីផ្សារ​យន្តហោះ​ដឹក​អ្នកដំណើរ ដែល​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Airbus​។​

​ពិព័រណ៍ Airshow China រាល់​ពីរ​ឆ្នាំ​ម្តង​ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ឆ្នេរសមុទ្រ ជូ​ហៃ (Zhuhai) ចាប់ពី​ថ្ងៃទី ៦-១១ វិច្ឆិកា គឺជា​ព្រឹត្តិការណ៍​មួយ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្អួត​នូវ​អំណាច​អាកាសចរណ៍​របស់ខ្លួន​ដែល​កំពុងមាន​ភាព​រីក​ចម្រើន ប៉ុន្តែ​វា​ក៏​កើតឡើង​ចំ​ពេលដែល​ប្រទេស​ចិន​កំពុង​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ល្វីង​ជូរចត់​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ​។​

​ក្រុមហ៊ុន​រដ្ឋ​ចិន Commercial Aircraft Corporation of China និង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី United Aircraft Corporation (UAC) បានបង្ហាញ​ពី​គំរូ​នៃ​កាប៊ីន​យន្ដហោះ​ដឹក​អ្នកដំណើរ CR929 នៅក្នុង​ពិធី ដែល​ចូលរួម​ដោយ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​រដ្ឋ​ទាំង​២​នេះ​។​

​លោក យូ​រី ស្ល៊ី​យូ​សា ប្រធាន​ក្រុមហ៊ុន UAC បាន​និយាយថា “​កម្មវិធី​របស់​យើង​កំពុង​រីកចម្រើន​និង​ធ្វើតាម​ការគ្រោងទុក​។ បច្ចុប្បន្ននេះ​វា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​រចនា​ដំបូង​ហើយ​យើង​ក៏​ស្ថិតនៅ​ក្នុងដំណាក់កាល​ជ្រើសរើស​អ្នកផ្គត់ផ្គង់​និង​សម្ភារៈ ដែល​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ ២០១៩ ផងដែរ​”​។​

​ប៉ាន់​គំរូ​យន្តហោះ ដែលមាន​ប្រវែង ២២ ម៉ែត្រ កម្ពស់ ៦,៥ ម៉ែត្រ និង​ទទឹង ៥,៩ ម៉ែត្រ បង្ហាញ​បន្ទប់​ខាងក្នុង​ដ៏​ធំ​ទូលាយ ជាមួយ​កៅអី ៩ ជួរ​សម្រាប់​ប្រភេទ​លំដាប់ថ្នាក់​សេដ្ឋកិច្ច (​មនុស្ស​ទូទៅ​)​។​

​កាប៊ីន​យន្ដហោះ​មាន​ឧបករណ៍​គំរូ​ជាច្រើន ក្នុងនោះ​រួមមាន​ដៃចង្កូត​យន្តហោះ​ស្រដៀង​នឹង​ដៃចង្កូត​របស់ Airbus​។​

​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​លោកខាងលិច​មួយរូប​បាន​និយាយថា “​វា​មើលទៅ​ដូច Airbus ជាង Boeing”​។​

​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​មួយរូប​របស់​ក្រុមហ៊ុន COMAC បាន​និយាយ​កាលពី​ខែមិថុនា​ថា យន្តហោះ CR929 មានបំណង​ធ្វើការ​ហោះហើរ​ជា​លើកដំបូង​របស់ខ្លួន​ចាប់ពី​ឆ្នាំ ២០២៣៕ ដោយ៖ កញ្ញាដាលីស

គំរូ​យន្ដហោះ​ដឹក​អ្នកដំណើរ CR929 ត្រូវបាន​បង្ហាញ​នៅ​ពិព័រណ៍ Airshow China នៅ​ទីក្រុង​ជូ​ហៃ