ចិន​និង​អាមេរិក​ចាប់ផ្តើម​កិច្ចចរចា​ពាណិជ្ជកម្ម​លើកចុងក្រោយ​បំផុត​របស់ខ្លួន បន្ទាប់ពី​ទទួលទាន​អាហារ​ការងារ​ដ៏​ឆ្ងាញ់​

376
ចែករម្លែក

ចិន​និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​កិច្ចចរចា​ចុងក្រោយ​បំផុត​របស់ខ្លួន​នៅក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​ទី​១​ឧសភា​នេះ​ក្នុង​គោលបំណង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អាមេរិក​លោក​ស្តេ​វិ​ន អេ​ម​ញូ​ជីន បាន​និយាយថា លោក​បាន​ទទួលទាន​អាហារ​ការងារ “​ដ៏​ឆ្ងាញ់​” កាលពី​ពេលយប់​ថ្ងៃ​អង្គារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ​។​

​លោក​អេ​ម​ញូ​ជីន​រួមជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ បាន​កំពុង​រៀបចំ​កិច្ចពិភាក្សា​ពេញ​មួយថ្ងៃ មុនពេល​លោក​លីវ​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​សម្រាប់​កិច្ចចរចា​មួយទៀត​នៅក្នុង​អ្វីដែល​អាចជា​ការបញ្ចប់​នៃ​ការចរចា​។​

​លោក​លីវ​បាន​ស្វាគមន៍​លោក​អេ​ម​ញូ​ជីន​និង​លោក​ឡៃ​ធី​ស​ហ្ស័​រ ខណៈដែល​ពួកគេ​បាន​ទៅដល់​ផ្ទះសំណាក់​រដ្ឋ​នៅ​ទីក្រុង​ប៉េកាំង ហើយ​បុរស​បីនាក់​បានបង្ហាញ​ក្តី​រីករាយ​ចំពោះ​គ្នា​ទៅវិញទៅមក ប៉ុន្តែ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់​ទៅកាន់​អ្នកយកព័ត៌មាន​នោះទេ​។​

​លោក​អេ​ម​ញូ​ជីន​បាន​ប្រាប់​លោក​លីវ​ថា “​ល្អ​ណាស់ ដែល​បាន​ជួប​លោក វា​ពិតជា​ល្អ​ណាស់​ដែល​បាន​ត្រឡប់មក​ទីនេះ​វិញ​”​។ បន្ទាប់មក ពួកគេ​ទាំងបី​បាន​ចូលទៅក្នុង​បន្ទប់​ប្រជុំ​តែម្តង​។​

​លោក​លីវ​បាន​ផ្តល់ជូន​ការកម្សាន្ត​ដល់​ភ្ញៀវ​អាមេរិក​របស់គាត់​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​ពួកគេ​បានមក​ដល់​ចិន​។​

​លោក​អេ​ម​ញូ​ជីន​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​នៅ​សណ្ឋាគារ​ប៉េកាំង នៅពេល​សួរថា​តើ​លោក​បាន​ជួប​ជាមួយ​លោក​លីវ​កាលពី​ថ្ងៃ​អង្គារ​ដែរ​ឬ​អត់ យ៉ាង​ដូច្នេះ​ថា “​យើង​បាន​ជួបគ្នា​។ យើង​បាន​ទទួលទាន​អាហារ​ការងារ​ដ៏​ឆ្ងាញ់​។ អរគុណ​”​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​បានលើកឡើង​ពី​វឌ្ឍនភាព​លើ​បញ្ហា​នានា​ដែល​រាប់បញ្ចូល​ទាំង​កម្មសិទ្ធិបញ្ញា​និង​ការផ្ទេរ​បច្ចេកវិជ្ជា​ដោយ​បង្ខំ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​កត់សម្គាល់​ដោយ​ការដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក ដែល​បណ្តាលឱ្យ​ភាគី​ទាំងពីរ​ខាង​បង់​រាប់ពាន់​លាន​ដុល្លារ បង្អាក់​ដល់​សង្វាក់​ផ្គត់ផ្គង់ និង ធ្វើឱ្យប៉ះពាល់​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​។​

​ប៉ុន្តែ​មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​ជា​លក្ខណៈ​ឯកជន​ថា យន្តការ​អនុវត្ត​ច្បាប់​សម្រាប់​កិច្ចព្រមព្រៀង​និង​ការកំណត់​ពេលវេលា​សម្រាប់​ដក​ការដំឡើង​ពន្ធ គឺជា​ចំណុច​សំខាន់​។​

​មន្ត្រី​ចិន​ក៏បាន​ទទួលស្គាល់ថា​ពួកគេ​ចាត់ទុក​យន្តការ​នេះ​ថា​មាន​សារៈសំខាន់​ដែរ ប៉ុន្តែ​និយាយថា​វា​ត្រូវតែ​ធ្វើឡើង​តាម​ពីរ​វិធី ហើយ​មិន​អាចដាក់​កំហិត​តែ​លើ​ចិន​បានទេ​។​

​នៅ​ទីក្រុង​វ៉ាស៊ីនតោន មនុស្ស​ដែល​ដឹង​ពី​កិច្ចចរចា​នេះ​បាន​និយាយថា សំណួរ​ថា​តើ​នៅពេលណា​ដែល​ពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ នឹងត្រូវ​លុបចោល​នោះ ប្រហែលជា​នឹង​ក្លាយជា​បញ្ហា​ចុងក្រោយ​ដែល​ត្រូវ​ដោះស្រាយ​។​

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​និយាយថា លោក​អាច​នឹង​រក្សាទុក​ពន្ធ​មួយចំនួន​លើ​ទំនិញ​របស់​ចិន​សម្រាប់ “​រយៈពេល​យូរ​”៕ ដោយ៖ កញ្ញាដាលីស

ឧបនាយករដ្ឋមន្ត្រី​ចិន​លោក លីវ ហឺ (​ស្តាំ​) ស្វាគមន៍​រដ្ឋមន្ត្រី​រត​នាគារ​អាមេរិក​លោក​ស្តេ​វិ​ន អេ​ម​ញូ​ជីន នៅ​ទីក្រុង​ប៉េកាំង