ចិន​និង​អាម៉េរិក​ចោទប្រកាន់​គ្នា នៅពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ចប់​ទាំង​កំបុត​ឆ្កុយ​

653
ចែករម្លែក

​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី​៣១​កក្កដា​បាន​និយាយថា អាម៉េរិក​ជា​អ្នក​ត្រូវ​បន្ទោស​ចំពោះ​ភាព​ត្រឡប់ត្រឡិន​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​រយៈពេល​១​ឆ្នាំ​មក​​នេះ ក្រោយ​ពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ការជាប់គាំង​កិច្ចពិភាក្សា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី ហួ ជុន​យី​ង បាន​និយាយ​ដូច្នេះ​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​ប្រចាំថ្ងៃ​និង​ចំពេល​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​និង​ចិន​បញ្ចប់​កិច្ច​​ចរចា​ពាណិជ្ជកម្ម​ជុំ​ទី​១​របស់​គេ​នៅ​ក្រុង​សៀង​ហៃ​មុន​ការរំពឹង​ទុក​។​

​កាលពី​ថ្ងៃ​ពុធ អ្នកចរចា​អាម៉េរិក​និង​ចិន​បាន​ជួបពិភាក្សា​ផ្ទាល់​មុខជា​លើកដំបូង ចាប់តាំងពី​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​កាលពី​ខែ​មុន​​តែ​ជំនួប​រយៈពេល​ដ៏​ខ្លី​នេះ ត្រូវ​បាន​រំខាន​ដោយសារ​វាយប្រហារ​មក​ពី​ប្រធានាធិបតី​ត្រាំ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នោះ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំ​ង​បាន​វាយ​ពន្ធ​សងសឹក​គ្នា​លើ​ទំនិញ​តំលៃ​ជាង​៣៦០​ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ដោយសារ​ជម្លោះ​មួយ​ផ្តោត​លើ​​ការទាមទារ​របស់​អាម៉េរិ​កអោយ​ចិន​ទប់ស្កាត់​ចោរ​បច្ចេក​វិទ្យា​របស់​ខ្លួន​និង​ផ្តល់ឱកាស​រកស៊ី​ស្មើភាព​សំរាប់​ក្រុមហ៊ុន​អាម៉េរិក​។​

​តំណាង​ពាណិជ្ជកម្ម​និង​រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិក បាន​ស្វាគមន៍​ឧបនាយក​រដ្ឋមន្ត្រី​ចិន​នៅ​មុន​ជំនួប​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​ក្រុម​នេះ​បាន​ពិភាក្សា​គ្នា​អស់​៤​ម៉ោង​ហើយ​​ក្រុម​អាម៉េរិក​បាន​ចាកចេញ​ទៅ​កាន់​អាកាសយានដ្ឋាន​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត​ទេ​។​

​កាលពី​ថ្ងៃ​អង្គារ លោក​ត្រាំ​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដោយ​វាយប្រហារ​រិះគន់​អ្វីដែល​លោក​ថា កង្វះ​ចេតនា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​សម្របសម្រួល​អោយ​មាន​កិច្ច​​ព្រមព្រៀង​មួយ​ឡើង​។​

​លោក​បាន​និយាយថា​«​ក្រុម​របស់​ខ្ញុំ​កំពុង​ចរចា​ជាមួយ​ពួកគេ​ឥឡូវ តែ​នៅ​ចុងបញ្ចប់​ពួកគេ​តែងតែ​ដូរ​ការព្រមព្រៀង​គ្នា​រួច​ដើម្បី​ផលប្រយោជន៍​របស់​គេ​»​។​

​មេដឹកនាំ​អាម៉េរិក​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទំនងជា​ចាប់ផ្តើម​ទិញ​កសិកម្ម​ផល​អាម៉េរិក តែ​ពួកគេ​មិន​បាន​បង្ហាញ​សញ្ញា​ថា ពួកគេ​នឹង​ធ្វើ​ដូច្នោះ​។​«​នេះ​ជា​បញ្ហា​​ជាមួយ​ចិន ពួក​គេ​គ្រាន់តែ​មិន​បាន​គោរព​ការសន្យា​»​។​

​កាលពីមុន​ត្រាំ​ក៏​បាន​ចោទប្រកាន់​ចិន​បាន​បំភ្លេច​ការសន្យា​របស់​ខ្លួន នៅពេល​កិច្ចពិភាក្សា​បរាជ័យ​កាលពី​ខែ​ឧសភា​។​

​កាលពី​សប្តាហ៍​មុន លោក​ត្រាំ​ក៏​បាន​និយាយថា លោក​ជឿថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ពន្យារ​កិច្ចព្រមព្រៀង​ណាមួយ​រហូត​ដល់​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ ដោយ​ថា​ចិន​ចង់ឃើញ​គូ​ប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ណា​ម្នាក់​នឹង​ឈ្នះ​ឆ្នោត​ដើម្បី​ខ្លួន​អាច​«​បន្ត​ហែកហួរ​អាម៉េរិក​»​។​

​នៅ​ប៉ុន្មាន​ថ្ងៃមុន​កិច្ចប្រជុំ​ក្រុង​សៀង​ហៃ លោក​ត្រាំ​បាន​គំរាម​ដក​ការទទួលស្គាល់​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​របស់​ចិន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ជា​ទង្វើ​ដែល​រដ្ឋា​​ភិបាល​ក្រុង​ប៉េកាំង​ថា​«​ឈ្លើយ​»​។​

​តាំងពី​មុន​ជំនួប ការរំពឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ជំនួប​នេះ​មាន​ទាប ដោយ​អ្នកជំនាញ​ម្នាក់​បាន​និយាយថា​«​ជំនួប​រយៈពេល​ខ្លី​បែបនេះ សំរាប់​រូបខ្ញុំ​វា​គ្រាន់តែ​ជាការ​ស្ទាបស្ទង់​។​វា​​បង្ហាញថា មិន​មាន​ការ​ទម្លុះទម្លាយ​ភាពទាល់ច្រក​ណា​ទេ និង​ការរំពឹង​អំពី​ការសំរេច​បាន​លទ្ធផល​ល្អ​នោះ​ទាប​ណាស់​»៕​ដោយ​៖​វាសនា​

​តំណាង​ពាណិជ្ជកម្ម​និង​រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិក និង​ឧបនាយករដ្ឋមន្ត្រី​ចិន​(​កណ្តាល​)​នៅ​មុន​ជំនួប​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ពុធ​

#