ចិន​និង​អាម៉េរិក​ដកចេញ​ការដំឡើង​ពន្ធ​បណ្តើរៗ​នៅពេល​កិច្ចពិភាក្សា​មាន​ភាពជឿនលឿន​

220
ចែករម្លែក

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំ​ង​បាន​យល់ព្រម​លុបចោល​ការដំឡើង​ពន្ធ​បណ្តើរៗ​​នៅពេល​ការចរចា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការរីកចំរើន​ទៅ​មុខ​។​

​លោក​ហ្កា​វ ហ្វេ​ង អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​០៧​វិច្ឆិកា​ថា តំណាង​ចរចា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង លុបចោល​ការដំឡើង​ពន្ធ​ជា ​ដំណាក់កាលៗ​អាស្រ័យ​លើ​ការ​វិវឌ្ឍន៍​នៃ​ការចរចា​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បើ​ភាគី​ទាំង​ពីរ​ឈានដល់​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ នោះ​ផ្អែកលើ​កិច្ច​ព្រមព្រង​នោះ គេ​នឹង​លុបចោល​ពន្ធ​ដែល​ត្រូវបាន​ដាក់​ដោយ​​មិន​សមស្រប​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ និង​សម​ភាគី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ខែ​មុន​បាន​ព្រមព្រៀង​អោយ​បន្ត​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម ក្នុង​បំណង​​ដោះស្រាយ​ជម្លោះ​ជាង​មួយ​ឆ្នាំ​មក​ហើយ​អំពី​បច្ចេកវិទ្យា​និង​គោលនយោបាយ​ឧស្សាហកម្ម​។ ជា​ផ្នែក​នៃ​ការព្រមព្រៀង​នេះ ពួក​លោក​បាន​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​ផង​គ្នា​​បន្ថែម​ទៀត​ជា​បណ្តោះអាសន្ន​។​

​ទោះជា​យ៉ាងណា ភាគី​ទាំងពីរ​បាន​យកពន្ធ​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​នាំ​ចូល​មក​ពី​ភាគី​ម្ខាងៗ និង​របាយការណ៍​និយាយថា​ចិន​ចង់អោយ​ដក​ពន្ធ​ទាំងនោះ​ចេញ​វិញ​នៅក្នុង​​កិច្ចព្រមព្រៀង​ណាមួយ​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាម៉េរិក​លោក វី​ល​បួ​រ រ៉ូ​ស បាន​និយាយថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​ណាមួយ​មាន​លក្ខណៈ​ទូទៅ​ហើយ​នឹង​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​ជាក់​​លាក់​ខ្លះ​ដូចជា សណ្តែកសៀង​និង​ឧស្ម័ន​ធម្មជាតិ រីឯ​បញ្ហា​ស្មុគស្មាញ​ផ្សេង​ទៀត​នឹង​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ការចរចា​ជុំ​បន្តបន្ទាប់​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក​ហ្កា​វ ហ្វេ​ង ស្តាប់​សំណួរ​អ្នកកាសែត​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​៧​វិច្ឆិកា