ចិន​និយាយថា​ខ្លួន​ចង់បាន​ការចរចា “​ប្រកបដោយ​ភាពស្ងប់ស្ងាត់​” ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​

448
ចែករម្លែក

ឧបនាយករដ្ឋមន្ត្រី​ចិន​លោក លីវ ហឺ ដែល​បាន​ដឹកនាំ​កិច្ចចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ២៦ សីហា​ថា ចិន​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក​តាមរយៈ​ការចរចា “​ប្រកបដោយ​ភាពស្ងប់ស្ងាត់​” និង​ជំទាស់​ដាច់ខាត​ចំពោះ​ការបង្កើន​ជម្លោះ​។​

​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​នៅលើ​ពិភពលោក​បាន​កើនឡើង​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជាមួយ​ភាគី​ទាំងពីរ​បាន​បង្កើន​ពន្ធ​គយ​លើ​ការនាំចេញ​របស់​គ្នា​ទៅវិញទៅមក​។​

​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​តម្លៃ ៥៥០ ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ចិន​បានបង្ហាញ​ពន្ធ​សងសឹក​លើ​ទំនិញ​អាម៉េរិក​តម្លៃ ៧៥ ពាន់​លាន​ដុល្លារ​។​

​លោក​ត្រាំ​ក៏បាន​គំរាម​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាម៉េរិក​ចាក​ចេញពី​ប្រទេស​ចិន​ផងដែរ ទោះបីជា​គាត់​ហាក់​បដិសេធ​រឿងនេះ​វិញ​កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ​។​

​លោក​លីវ​បាន​និយាយ​នៅក្នុង​សន្និសីទ​បច្ចេកវិជ្ជា​នៅ​ទីក្រុង​ឆុង​ឈី​ង​ភាគ​ខាងលិច​ប្រទេស​ចិន​ថា គ្មាន​នរណាម្នាក់​ទទួល​បាន​ផលចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​។​

​លោក​លីវ ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង​បាន​និយាយថា “​យើង​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការពិគ្រោះ​យោបល់​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ឥរិយាបថ​ស្ងប់ស្ងាត់​និង​ជំទាស់​នឹង​ការបង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​”​។​

​លោក​បាន​បន្ថែមថា “​យើង​ជឿថា​ការបង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​គឺ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ចិន សហរដ្ឋ​អាម៉េរិក និង ប្រជាជន​លើ​ពិភពលោក​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ឧបនាយករដ្ឋមន្ត្រី​ចិន​លោក លីវ ហឺ