ចិន​និយាយថា​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​ពិតជា​អាច​ដោះស្រាយបាន​

416
ចែករម្លែក

​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា​ថា​បញ្ហា​ពាណិជ្ជកម្ម​ដ៏​ស្មុគស្មាញ​ដែល​ធ្វើឱ្យ​រង្គោះរង្គើ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាម៉េរិក​គឺអាច​ដោះស្រាយបាន បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ត្រូវបាន​ចាប់ផ្តើម​ឡើងវិញ​ដោយ​កិច្ចប្រជុំ​រវាង​លោក​ត្រាំ​និង​លោក​ស៊ី​នៅក្នុង​ប្រទេស​ជប៉ុន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​បាន​វាយប្រហារ​គ្នា​ទៅវិញទៅមក​ជាមួយ​ពន្ធគយ ដែល​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ​ជាង ៣៦០ ពាន់​លាន​ដុល្លារ ដោយ​ធ្វើឱ្យ​ខូចខាត​ដល់​ក្រុមហ៊ុន​ផលិត​របស់​ប្រទេស​ទាំងពីរ​។​

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​ចិន​លោក​ស៊ី ជីន​ពីង​បាន​ព្រមព្រៀងគ្នា​ដើម្បី​ស្តារ​ការចរចា​ឡើងវិញ នៅពេល​ពួកគេ​បាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា​កាលពី​ថ្ងៃទី ២៩ មិថុនា​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក​កៅ ហ្វេ​ង បាន​និយាយថា “​ការព្រួយបារម្ភ​ស្នូល​របស់​ចិន​ត្រូវតែ​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ យើង​ជឿថា​ភាគី​ទាំងពីរ​អាច​យកចិត្តទុកដាក់​លើ​កង្វល់​ទាក់ទង​នឹង​ច្បាប់​របស់​គ្នា​ទៅវិញទៅមក​តាមរយៈ​ការចរចា ដែលមាន​លក្ខណៈ​ស្មើភាព​គ្នា​”​។​

​លោក​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​ពិតជា​អាច​រកឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​”​។​

​ក្រុម​អ្នកចរចា​កំពូល​របស់​អាម៉េរិក​និង​ចិន​បានធ្វើ​កិច្ចចរចា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ប៉ុន្ដែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​របួស​ដាច់​រហែក​ដ៏​ធំ​ដែល​បាន​កើតឡើង​ចាប់តាំងពី​ការចរចា​បាន​បរាជ័យ​កាលពី​ខែឧសភា អាច​ដេរ​ផ្ចិត​បាន​ឬ​យ៉ាងណា​នោះទេ​។​

​ចាប់តាំងពី​ការចរចា​បរាជ័យ​មក​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ប្រើ​សំឡេង​ជាតិនិយម​កាន់តែខ្លាំង​ឡើង ដោយ​ដាក់ចេញ​នូវ​អត្ថបទ​និង​អត្ថាធិប្បាយ​ជាច្រើន ដែល​រិះគន់​ទៅលើ​អាម៉េរិក​និង​ពន្ធគយ​របស់ខ្លួន​។​

​ប៉េកាំង​ក៏បាន​គូសបញ្ជាក់​ពី​កង្វល់​ស្នូល​ចំនួន​បី​ដែល​ខ្លួន​បាន​និយាយថា​ត្រូវតែ​សម្រេច​ឱ្យបាន​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ផងដែរ នោះ​គឺ ការលុបចោល​ពន្ធគយ​ទាំងអស់​ដែល​បានដាក់​ក្នុងអំឡុង​សង្គ្រាម​ពាណិជ្ជកម្ម ការ​ឈានដល់​តួលេខ​សម​ហេតុ​សម​ផល​សម្រាប់​ការទិញ​ទំនិញ​អាម៉េរិក​ពី​សំណាក់​ចិន និង ការធានា​ឱ្យមាន​សំណេរ “​មាន​តុល្យភាព​” នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​អំពាវនាវ​ឱ្យ​អាម៉េរិក​ទម្លាក់ចោល​ទណ្ឌ​កម្ម​ភ្លាមៗ​ប្រឆាំងនឹង​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Huawei ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជីខ្មៅ​កាលពី​ខែឧសភា​ជុំវិញ​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ជាតិ​។​

​លោក​កៅ​បាន​និយាយថា “​យើង​បាន​កត់សម្គាល់ថា ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចិន​ផ្សេងទៀត​នៅតែ​ស្ថិតនៅក្នុង​បញ្ជី​គ្រប់គ្រង​ការនាំចេញ​របស់​សហរ​ដ្ឋ​អាម៉េរិក យើង​សូម​ជំ​រុញឱ្យ​សហរដ្ឋ​អាម៉េរិក​បំពេញ​តាម​ការសន្យា​របស់ខ្លួន ហើយ​ឈប់​ប្រើប្រាស់​អំណាច​រដ្ឋ​ដើម្បី​ផ្តួល​ក្រុមហ៊ុន​ចិន​”​។​

​លោក​ត្រាំ​មុននេះ​បាន​និយាយថា លោក​អាច “​ស្រមៃ​ឃើញ​ក្រុមហ៊ុន Huawei ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ទម្រង់​មួយចំនួន​ឬ​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​” ហើយ​នៅ​ទីក្រុង​អូ​សា​កា​លោក​បាន​យល់ព្រម​បន្ថយ​ការ​រឹតត្បិត​មួយចំនួន​លើ​ការលក់​សមាសធាតុ​សំខាន់ៗ​របស់​សហរដ្ឋ​អាម៉េរិក​ឱ្យទៅ​ក្រុមហ៊ុន​នេះ​៕ ដោយ៖ កញ្ញាដាលីស

ចិន​និយាយថា​បញ្ហា​ពាណិជ្ជកម្ម​ដ៏​ស្មុគស្មាញ​ដែល​ធ្វើឱ្យ​រង្គោះរង្គើ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាម៉េរិក​គឺអាច​ដោះស្រាយបាន