ចិន​និយាយថា​យល់ព្រម​ជាមួយ​វៀតណាម​លើ​ការគ្រប់គ្រង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

324

​អ្នកការទូត​ជាន់ខ្ពស់​ចិន​ម្នា​ក់បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៣​វិច្ឆិកា​នេះ​ថា ចិន​និង​វៀតណាម​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការគ្រប់គ្រង​ជម្លោះ​របស់​ពួកគេ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​កិច្ចចរចា​ប្រកបដោយ​មិត្តភាព បន្ទាប់ពី​មាន​ជម្លោះ​ដ៏​អាក្រក់​អា​ក្រី​កាលពី​រដូវក្តៅ​រវាង​ប្រទេសជិតខាង​កុ​ម្មុនី​ស្ត​ទាំងពីរ​នេះ​។​

​ប្រទេស​ទាំងពីរ​បានជា​ប់​ផុង​ក្នុង​ជម្លោះ​ជា​យូរ​មកហើយ​អំពី​ផ្លូវទឹក​យុទ្ធសាស្ត្រ ដែលជា​ច្រក​ឆ្លងកាត់​នៃ​ទំនិញ​តម្លៃ​ជាង​៣​លាន​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដោយ​ភាគី​វៀតណាម​បង្ហាញខ្លួន​លេចធ្លោ​ជាងគេ​ក្នុងនាម​ជា​សំឡេង​ប្រឆាំងនឹង​ការអះអាង​កាន់កាប់​ទឹកដី​ពី​សំណាក់​ភាគី​ចិន​លើ​ផ្នែក​ភាគច្រើនបំផុត​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​

​កិច្ចប្រជុំ​ដែល​បានគ្រោង​ទុក​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​រប​ស់​ពួកគេ​កាលពី​ខែសីហា​ត្រូវបាន​លុបចោល​នៅ​ខាងក្រៅ​កិច្ចប្រជុំ​ក្នុង​តំបន់​នៅ​ទីក្រុង​ម៉ានីល ចំពេល​មានការ​ប្រកែក​គ្នា​អំពី​ការធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការសាងសង់​កោះ​សិប្បនិម្មិត​។​

​ទោះយ៉ាងណា ហាណូយ​និង​ប៉េកាំង​បាន​ស្វះស្វែង​ធ្វើឱ្យ​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ ជាមួយ​មេដឹកនាំ​កំពូល​របស់​ចិន​បាន​ប្រាប់​ម្ចាស់ផ្ទះ​វៀតណាម​កាលពី​ខែកញ្ញា​ថា គណបក្ស​កុម្មុយនីស្ត​របស់​ប្រទេស​ទាំងពីរ​មាន “​ជោគវាសនា​រួមគ្នា​”​។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​វៀត​ណា​ម​នៅ​ទីក្រុង​ហាណូយ​នៅ​សប្តាហ៍​នេះ​។​

​ថ្លែង​នៅមុន​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ទៅ​ប្រទេស​វៀតណាម​នៅ​សប្តាហ៍​ក្រោយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​និង​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក ចិន សៀវ​ទុង បាន​និយាយថា មេដឹកនាំ​ជាតិ​ទាំងពីរ​នេះ​មាន “​ការពិភាក្សា​យ៉ាង​ស៊ីជម្រៅ​និង​ស្មោះត្រង់​” អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​ចិន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ពួកគេ​បាន​ឈានដល់​ការមូល​មតិ​គ្នា​ដ៏​សំខាន់​។ ភាគី​ទាំងពីរ​នឹង​រក្សាទុក​គោលការណ៍​នៃ​ការពិគ្រោះ​យោបល់​មិត្តភាព​និង​កិច្ចពិភាក្សា​ដើម្បី​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ជម្លោះដែនសមុទ្រ​រួមគ្នា និង​ការពារ​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​វៀតណាម​ក្នុង​រូបភាព​ធំ​ជាង​នេះ និង​ស្ថិរភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​”​។​

​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាំ បិ​ញ​មិញ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​វិច្ឆិកា​ថា លោក​បានស្នើ​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​លោក​វ៉ាង​ថា ប្រទេស​ទាំងពីរ​ត្រូវ​ដោះស្រាយ​ជម្លោះ​ដោយ​ឈរលើ​មូលដ្ឋាន​សុភ​វិនិច្ឆ័យ​និង​ច្បាប់​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (​ឆ្វេង​) និង ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាំ បិ​ញ​មិញ ជួបពិភាក្សា​គ្នា​នៅ​ហាណូយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍