ចិន​និយាយថា ខ្លួន​នឹងមិន​ឱ្យគេ​បង្វិល​ក្បាល​ស្រេច​ចិត្ត​ឡើយ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

856
ចែករម្លែក
  • 53
    Shares

​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កញ្ញា​ថា ទំនាក់ទំនង​ដ៏​សំខាន់​របស់ខ្លួន​ជាមួយនឹង​សហរដ្ឋអាមេរិក​អាច​នឹង “​បែក​ដូច​កញ្ចក់​” និង​បាន​ប្រើប្រាស់​វេទិកា​សកលលោក​ដើម្បី​ព្រមាន​ដល់​រដ្ឋបាល​ត្រាំ​ថា ខ្លួន​នឹងមិន​ឱ្យ​នរណា​បង្វិល​ក្បាល​ស្រេច​តែ​ចិត្ត​ឡើយ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​ទទូចថា ប្រទេស​របស់លោក “​នឹងមិន​ឱ្យគេ​សំឡុត​កំហែង​” ឬ ឱនក្បាល​ចំពោះ​ការគាបសង្កត់​នោះឡើយ​។ លោក​បាន​ប្រាប់​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​ប្រជុំ​នៅ​មហាសន្និបាត​អ​.​ស​.​ប​ថា “​ការ​គាំពារ​និយម​នឹងធ្វើ​ប៉ះពាល់​តែ​ខ្លួនឯង ហើយ​ចំណាត់ការ​ឯកតោភាគី​នឹង​នាំឱ្យ​ខូចខាត​ដល់​គ្រប់គ្នា​”​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​សប្តាហ៍​នេះ​បាន​បង្កើន​ពន្ធ​ទណ្ឌកម្ម​លើ​ចិន​ហើយ​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​វិញ​តាមរយៈ​ការដំឡើង​ពន្ធ​ដូចគ្នា ដោយ​ធ្វើឱ្យ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​២​នៅលើ​ពិភពលោក​កាន់តែ​រីកធំឡើង​។ លោក​ត្រាំ​ព្យាយាម​ប្រថុយប្រថាន​កេង​យកចំណេញ​លើ​បញ្ហា​នេះ​ដោយ​ចោទប្រកាន់​ប្រទេស​ចិន​ថា​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​របស់​អាមេរិក ព្រោះ​ចិន​ប្រឆាំង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់គាត់​។ គាត់​បានបង្ហាញ​ភស្តុតាង​តិចតួច​ណាស់​ដើម្បី​គាំទ្រ​ការចោទប្រកាន់ ដែល​ចិន​និយាយថា​មិន​ពិត​។​

​នៅក្នុង​សុន្ទរកថា​ដាច់ដោយឡែក​មួយ​នៅឯ​ស្ថាប័ន​ប្រឹក្សា​គំនិត​យោបល់​មួយ លោក​វ៉ាង​បាន​និយាយថា ទំនាក់ទំនង​អាមេរិក​-​ចិន កំពុងស្ថិត​ក្នុង​ចំណុច​សំខាន់​មួយ ពោលគឺ​៤​ទសវត្សរ៍ ចាប់តាំងពី​ចំណង​ទំនាក់ទំនង​ត្រូវបានធ្វើ​ឱ្យមាន​លក្ខណៈ​ប្រក្រតី​ឡើងវិញ​។​

​លោក​វ៉ាង​និយាយថា “​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​២​គឺជា​ទ្រព្យសកម្ម​ទូទៅ​។ វា​ត្រូវតែ​ទទួលបាន​ការថែរក្សា​និង​ឱ្យ​តម្លៃ​។ វា​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មនុស្ស​គ្រប់​ជំនាន់​។ វា​គឺ​ដូចជា​កញ្ចក់​អ៊ីចឹង​។ វា​ងាយ​នឹង​បែក ហើយ​ពិបាក​នឹង​ជួសជុល​ណាស់​”​។​

​ទោះបីជា​លោក​វ៉ាង​បានបង្ហាញ​ប្រទេស​ចិន​ជា​អ្នកគាំទ្រ​ស្ថាប័ន​ពហុភាគី​និយម ដែល​ផ្ទុយស្រឡះ​ពី​ជំហរ​ប្រឆាំង​សកល​ភា​វូប​និ​យក​ម្ម​និយម​របស់លោក​ត្រាំ​ក៏ពិតមែន ក៏ប៉ុន្តែ​អ្នកការទូត​ជាន់ខ្ពស់​របស់​ក្រុង​ប៉េកាំង​បាន​និយាយថា ការសង្ស័យថា​ចិន​កំពុង​ស្វះ​ស្វែងរក​អំណាច​លេខ​១​លើ​សកលលោក​និង​ដើម្បី​ជំនួស​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ប្រទេស​ដឹកនាំ​គេ​នៅលើ​ពិភពលោក គឺ​រឿង​មិន​ពិត​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា វា​ជា​គំនិត​មួយ​ដែល​កំពុង​រីក​រាលដាល ដែល​កាន់តែ​ឱ្យគេ​មើលឃើញ​ច្បាស់​ពី​ភាពខុសគ្នា​រវាង​ប្រទេស​ទាំង​២៕ ដោយ៖ កញ្ញាដាលីស

លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន