ចិនថា Apple ប្រើ​កម្មវិធី​ចារកម្ម​តាមដាន​អ្នកប្រើប្រាស់​

380
ចែករម្លែក

​ចិន​បាន​ចោទប្រកាន់​ក្រុមហ៊ុន Apple ថា​បាន​តាមដាន​អ្នកប្រើប្រាស់​របស់ខ្លួន​តា​មរយៈ​កម្មវិធី​ចារកម្ម​នៅលើ​ទូរស័ព្ទ​និង​កុំព្យូទ័រ​របស់ខ្លួន​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា​ថា ពិភពលោក​គួរតែ​ប្រយ័ត្នប្រយែង​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាម៉េរិក​នេះ ព្រោះ​វា​បាន​ជួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឱ្យ​ស៊ើបការណ៍​លើ​អ្នកប្រើប្រាស់​ធម្មតា​ក៏ដូចជា​មេដឹកនាំ​ប្រទេស​លើ​ពិភពលោក​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ​។​

​អ្នកនាំពាក្យ​របស់​ទីក្រុង​ប៉េកាំង​បានធ្វើការ​ចោទប្រកាន់​បែបនេះ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​អះអាងថា ក្រុមហ៊ុន​ចិន Huawei អាច​នឹង​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​សម្រាប់​ទីក្រុង​ប៉េកាំង​និង​ជំ​រុញឱ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​រារាំង​ក្រុមហ៊ុន​នេះ​ពី​បណ្តាញ 5G របស់​ពួកគេ​។​

​លោកស្រី​ហួ ឈុន​យី​ង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ក៏បាន​ចោទប្រកាន់​ក្រុមហ៊ុន​ផ្តល់ព័ត៌មាន​វិទ្យា​អាម៉េរិក Cisco ពីបទ​ប្រមូល​ព័ត៌មាន​ពី​អ្នក​ប្រើ​របស់ខ្លួន​ដោយ​សម្ងាត់​តាមរយៈ​ឧបករណ៍​របស់​ក្រុមហ៊ុន​ផងដែរ​។​

​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei ពីបទ​ធ្វើ​ចារកម្ម​លើ​អ្នកប្រើប្រាស់​របស់ខ្លួន​ស​ម្រា​ប់​ទីក្រុង​ប៉េកាំង ជាការ​ចោទប្រកាន់​មួយ ដែល​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន​និង​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​។​

​កាលពី​ខែឧសភា ប្រធានាធិបតី​អាម៉េរិក​លោក​ត្រាំ​បានចេញ​បទបញ្ជា​រារាំង​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ពី​ការប្រើប្រាស់​គ្រឿងបន្លាស់ អ្នកផ្គត់ផ្គង់ និង​បច្ចេកវិជ្ជា​អាម៉េរិក ដោយសារ​បារម្ភ​អំពី​សន្តិសុខ​ជាតិ​។​

​បន្ទាប់មក​ក្រុមហ៊ុន Google បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សិន​ចិន​នេះ ដោយ​រារាំង Huawei ពី​ការប្រើប្រាស់​ប្រព័ន្ធ Android របស់ខ្លួន​នៅលើ​ទូរស័ព្ទ​៕ ដោយ ៖ កញ្ញាដាលីស

ចិន​ថា​ក្រុមហ៊ុន Apple ប្រើ​កម្មវិធី​ចារកម្ម​តាមដាន​អ្នកប្រើប្រាស់​របស់ខ្លួន​នៅលើ iPhone និង​កុំព្យូទ័រ