ចិន​និយាយថា ហុងកុង​មិន​ចាំបាច់​មាន​ការជ្រៀតជ្រែក​ពី​កម្លាំង​«​ដៃ​ខ្មៅ​»​លោក​ខាងលិច​ទេ​

750
ចែករម្លែក

​អ្នកការទូត​កំពូល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​១៩​មិថុនា​ថា ហុងកុង​មិន​ចាំបាច់​មាន​ការជ្រៀតជ្រែក​ពី​កម្លាំង​«​ដៃ​ខ្មៅ​»​លោកខាងលិច​ដើម្បី​បំផ្លាញ​ស្ថិរភាព​របស់​ទឹកដី​នេះ​ទេ​។​

​សូមបញ្ជាក់​ថា ការប្រឆាំង​តវ៉ា​នឹង​ពង្រាង​ច្បាប់​បត្យាប័ន​ហុងកុង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​បណ្តាល​ឲ្យ​ទីក្រុង​នេះ​ជួប​មហា​បាតុកម្ម​ធំ​បំផុត​និង​អំពើហិង្សា​អាក្រក់​បំផុត​​មិន​ដែល​ធ្លាប់​មាន​ចាប់តាំងពី​វា​ត្រូវបាន​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​

​រដ្ឋាភិបាល​ហុងកុង​បាន​បង្ខំចិត្ត​ពន្យារពេល​ពិភាក្សា​អនុម័ត​ច្បាប់ និង​មេដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ ទោះ​ជា​មិន​បាន​ដក​ចេញ​ច្បាប់​នេះ​ជា​អចិន្ត្រៃយ៍​ទេ​បាន​បញ្ជាក់ថា​ វា​​នឹង​មិន​ត្រូវ​លើក​មក​ពិភាក្សា​ទៀត​ទេ​ដរាបណា​លោកស្រី​នៅ​ក្នុង​តំណែង​ជា​មេដឹកនាំ​ហុងកុង​និង​បាន​សុំទោស​សាធារណជន​ចំពោះ​ការដោះស្រាយ​ច្បាប់​នេះ​នាំ​ឲ្យ​ប្រជាជន​ហុង​​កុង​មិន​សប្បាយចិត្ត​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​និយាយថា ខ្លួន​គោរព​និង​គាំទ្រ​ការសម្រេចចិត្ត​របស់​លោក​ស្រី​ឡាំ តែ​ខឹង​នឹង​ការរិះគន់​មកពី​បណ្តា​រដ្ឋ​លោកខាងលិច រួម​មាន​អាម៉េរិក និង​អង់គ្លេស​​អំពី​ពង្រាងច្បាប់​នេះ​។​

​ទីប្រឹក្សា​រដ្ឋ​លោក វ៉ាង យី បាន​និយាយថា ច្បាប់​របស់​រដ្ឋាភិបាល​ហុងកុង​នេះ​វា​«​សមស្រប​ទាំងស្រុង​នឹង​ផលប្រយោជន៍​របស់​ប្រជាជន​ហុងកុង​។​តែ​ដោយសារ​តែ​ភាគី​ទាំងអស់​ត្រូវ​​ការយោគយល់​និង​ពិភាក្សា​បន្ថែម រដ្ឋាភិបាល​ហុងកុង​បានសម្រេច​​ពន្យារ​ពេល​ពិភាក្សា​អនុម័ត​វា​។​រដ្ឋាភិបាលកណ្តាល​សូម​សម្តែង​ការគាំទ្រ យោគយល់​និង​គោរព​ការសម្រេចចិត្ត​​នេះ​»​។​

​លោក​បាន​បន្ថែមថា​« អ្វី​ដែល​យើង​ប្រយ័ត្ន គឺ​ការពារ​ទល់​នឹង​កម្លាំង​ខាងលិច​ដែល​កំពុង​កេងចំណេញ​ពី​បញ្ហា​នេះ​ដើម្បី​បង្ក​បញ្ហា និង​ញុះញង់​ការប្រឆាំង​ក្នុង​បំណង​បំផ្លាញ​ស្ថិរ​​ភាព​សង្គម​ហុងកុង​និង​ការអនុវត្ត​គោលការណ៍​”​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​”​។​យើង​ត្រូវតែ​ឈរ​នៅ​ទីនេះ អ្នក​ត្រូវ​តែ​ដក​ដៃ​ខ្មៅ​របស់​អ្នកចេញ​។​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​​យើង​មិន​ត្រូវកា​រការ​លូក​ដៃ​របស់​អ្នក​នៅ​ទី​នេះ​ទេ​។​ហុងកុង​មិនមែន​ជា​កន្លែង​អ្នកលេង​ស្រេច​តែ​ចិត្ត​ទេ​»​។​

​ពួក​អ្នក​រិះគន់​និយាយថា ពង្រាង​ច្បាប់​នេះ​នឹង​ធ្វើឲ្យ​ខូច​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​និង​នីតិរដ្ឋ​ហុងកុង ដែល​ត្រូវបាន​ធានា​ក្រោម​រូបមន្ត ប្រទេស​មួយ​ប្រព័ន្ធ​ពីរ កាល​​ពី​ចិន​ទទួលយក​វា​មក​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៩៧​។​ការចាប់​បញ្ជូន​ខ្លួន​មនុស្ស​ទៅ​កាត់ទោស​នៅ​ចិនដីគោក​នាំឲ្យគេ​បារម្ភ​ថា​វា​នឹង​មិន​ធានា​បាន​ការកាត់ក្តី​ដោយ​យុត្តិធម៌​ទេ​​ដោយសារ​តុលាការ​ចិន​គ្រប់គ្រង​ដោយ​បក្ស​កុំម្មុយនីស្ត​៕​ដោយ​៖​វាសនា​/Ha

បាតុកម្ម​មហាជន​នៅ​ហុងកុង​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​នាំអោយ​ទីក្រុង​នេះ​ជួប​អំពើហិង្សា​អាក្រក់​បំផុត​មិន​ដែល​ធ្លាប់​ជួប​ចាប់តាំងពី​វា​ត្រូវបាន​ប្រគល់​មក​អោយ​ចិន​គ្រប់គ្រង​​វិញ​នៅ​ឆ្នាំ​១៩៩៧