ចិន​និយាយថា អ្នក​ជំងឺទី​៤​ស្លាប់​ដោយ​វីរុស​រលាក​សួត​នៅ​វូ​ហាន​,WHO​កោះប្រជុំ​

202
ចែករម្លែក

​មនុស្ស​ទី​៤​បាន​ស្លាប់​ដោយ​ជំងឺរលាក​សួត​នៅ​ទីក្រុង​វូ​ហាន​របស់​ចិន​ភាគ​កណ្តាល​ចំ​ពេល​មាន​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​នេះ​ក្នុងចំណោមម​នុស្ស សូម្បី​តែ​បុគ្គលិក​​ពេទ្យ នេះ​បើ​តាម​ការប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មករា​។​

​បុរស​អាយុ​៨៩​ឆ្នាំ បានបង្ហាញ​រោគសញ្ញា​រលាក​សួត​កាលពី​ថ្ងៃ​១៣​មករា និង​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​៥​ថ្ងៃក្រោយ​បន្ទាប់ពី​ពិបាក​ដកដង្ហើម​ខ្លាំង​។​គាត់​​បាន​ស្លាប់​កាលពី​ថ្ងៃ​១៩​មករា​។​

​ក្រៅពី​រលាក​សួត អ្នក​ជំងឺ​វ័យ​ចំណាស់​នេះ​ក៏​មាន​ជំងឺលើសឈាម បេះដូង​និង​ទឹកនោម​ផ្អែម​ផងដែរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន​ បាន​និយាយថា បុគ្គលិក​ពេទ្យ​១៥​នាក់​នៅក្នុង​ទីក្រុង​បានបង្ហាញ​រោគ​​សញ្ញា​រលាក​សួត និង​ម្នាក់​ទៀត​ស្ថិត​ក្នុង​ការសង្ស័យ​។​ក្នុងចំណោម​បុគ្គលិក​ពេទ្យ​ដែល​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​នេះ ម្នាក់​ស្ថិត​ក្នុង​សភាព​ជំងឺ​ធ្ងន់ធ្ងរ​។​

​ការផ្ទុះ​ជំងឺ​រលាក​សួត​នេះ​បាន​ចាប់ផ្តើម​នៅ​ក្រុង​វូ​ហាន តែ​ឥឡូវ​រាលដាល​ដល់​ទីក្រុង​ចិន​កាន់តែច្រើន រួម​មាន​រដ្ឋធានី​ប៉េកាំង ក្រុង​សៀង​ហៃ​និង​ខេត្ត​សាន់​ទុង​ ហើយ​៤​ករណី​ទៀត​​ត្រូវ​បានរក​ឃើញ​នៅ​ក្រៅប្រទេស​ចិន តែ​សុទ្ធតែ​មាន​ប្រភព​មក​ពី​ចិន​ទាំងអស់​។​

​ឥឡូវ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ត្រៀម​បើក​កិច្ចប្រជុំ​គ្រាអាសន្ន​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​វិបត្តិ​វីរុស​ថ្មី​ស្រដៀង​គ្នា​នឹង​វីរុស​សា​(Sars)​ដែល​បាន​​បង្ក​កា​ភ័យខ្លាច​ទូទាំង​ពិភពលោក​កាលពី​១៧​ឆ្នាំមុន​។​

​គណៈកម្មាធិការ​WHO​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​ទី​២២​មករា ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ប្រកាស​ការផ្ទុះ​ជំងឺ​នេះ​ថា​ជា​«​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ដែល​ជា​ការ​ព្រួយ​បា​​រម្ភជា​អន្តរជាតិ​មួយ​» ដែរ​ឬ​អត់​។​

​ការកោះប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយថា វីរុស​បង្ក​ជំងឺ​រលាក​សួត​នេះ​លែង​ជា​វីរុស​ដែល​ចម្លង​ត្រឹមតែ​សត្វ​មក​​មនុស្ស​ តែឥឡូវ​វា​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​តែម្តង និង​ចំនួន​អ្នក​ឆ្លង​បាន​ហក់​ឡើង​យ៉ាងគំហុក​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​បុគ្គលិក​វេជ្ជសាស្ត្រ​១៥​នាក់​ហើយ​បាន​ឆ្លង​កូរ៉ូណា​វីរុស​នៅក្រុង​វូ​ហាន និង​មនុស្ស​ជាង​២០០​នាក់​បាន​ឆ្លង​វា​នៅ​ចិន​។​ឥឡូវ​បុគ្គលិក​ពេទ្យ​ពាក់​ខោអាវ​ការពារ​ប្រៀប​​ចូល​ជា​អ្នក​សម្អាត​សារធាតុ​គីមី​វិទ្យុ​សកម្ម​