ចិន​នឹងមិន​ទម្លាក់​ថ្លៃ​ប្រាក់​យ័ន និង​បាន​អំពាវនាវ​អោយមាន​ពាណិជ្ជកម្ម​សេរី​

2888
ចែករម្លែក

នាយករដ្ឋមន្រ្តីចិន លោកលី ឃឹឈាំង និយាយថា ចិននឹងមិនពាក់ព័ន្ធក្នុងការបញ្ចុះថ្លៃរូបិយបណ្ណប្រជែងគ្នាដើម្បីបន្ថោកថ្លៃដើមទំនិញនាំចេញទេ និងការលើកឡើងថាចិននឹងធ្វើដូច្នេះជាការនិយាយគ្មានមូលដ្ឋាន។លោកបានបញ្ជាក់ដូច្នេះបន្ទាប់ពីចិន បានវាយបកលើអាមេរិក តែទម្ងន់ស្រាលជាងនៅក្នុងសង្រ្គាមវាយពន្ធលើទំនិញផងគ្នាទៅវិញទៅមករវាងមហាអំណាចទាំងពីរ។

ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកមួយនៅក្រុងទៀនជីន កាលពីថ្ងៃពុធទី១៩កញ្ញា លោកលីមិនបាននិយាយដោយផ្ទាល់អំពីជម្លោះពាណិជ្ជកម្មជាមួយអាមេរិកទេ តែលោកបាននិយាយថា ការនិយាយដែលថារដ្ឋាភិបាលក្រុងប៉េកាំងបញ្ចុះថ្លៃប្រាក់យ័នរបស់ខ្លួន ជាការលើកឡើង”គ្មានមូលដ្ឋាន”។

លោកបានមានប្រសាសន៍ថា “ការបញ្ចុះប្រាក់យ័នតែមួយមុខនឹងនាំមកគ្រោះថ្នាក់ជាងផលប្រយោជន៍សំរាប់ចិន។ចិនគ្មានផ្លូវពឹងលើការបញ្ចុះថ្លៃប្រាក់យ័នដើម្បីជំរុញការនាំចេញទេ”។

លោកលីបានបន្តថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីរបស់ពិភពលោក គួរបន្តរក្សានិងថាវិធានការពាណិជ្ជកម្មឯកតោភាគីនឹងមិនដោះស្រាយបញ្ហាឡើយ។ជម្លោះត្រូវដោះស្រាយតាមការចរចា។គ្មានឯកតោនិយមណានឹងផ្តល់ដំណោះស្រាយឋិតថេរឡើយ”។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលក្រុងប៉េកាំងបានបន្ថែមពន្ធនាំចូលលើទំនិញអាមេរិកតំលៃ៦០ពាន់លានដុល្លារ នៅក្នុងការសងសឹកការយកពន្ធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ លើទំនិញចិនតំលៃ២០០ពាន់លាន។

ថ្លែងកាលពីថ្ងៃអង្គារ ត្រាំបាននិយាយថា អាមេរិកអាចសំរេចកិច្ចព្រមព្រៀងជាមួយចិននៅដំណាក់កាលណាមួយ និងថាប្រទេសរបស់លោកតែងតែបើកចំហសំរាប់ការពិភាក្សានិងថា” យើងធ្វើអោយមានផលប៉ះពាល់ខ្លាំងលើចិន។យើងកំពុងធ្វើកិច្ចការងារល្អណាស់មួយជាមួយចិន”។

អាមេរិកតាំងពីមុនមក បានវាយពន្ធលើទំនិញនាំចូលចិនចំនួន៥០ពាន់លាន ដើម្បីគាបអោយចិនធ្វើការផ្លាស់ប្តូរទូទៅចំពោះគោលនយោបាយពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យានិងការឧបត្ថម្ភរបស់រដ្ឋចិនសំរាប់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់ខ្លួន តែចិនមិនញញើតនិងបានវាយបកភ្លាមៗ៕ដោយ:វាសនា

លីបានសន្យាថារដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនបញ្ចុះថ្លៃប្រាក់យ័នដើម្បីជំរុញការនាំចេញទេនិងថានិន្នាការសកលូបនីយកម្មមិនអាចបញ្ឈប់បានទេ