ចិន​នឹង​ឈប់​ប្រើ​ប្រព័ន្ធ Microsoft Windows ដោយ​សំអាង​លើ​ការបារម្ភ​អំពី​សន្តិសុខ ចំពេល​អាម៉េរិក​កំពុង​បង្ក្រាប Huawei

1117
ចែករម្លែក

​មុននេះ ក្រុមហ៊ុន Microsoft បាន​ផ្អាក​ការលក់​កុំព្យូទ័រ​យួរដៃ​ម៉ាក Huawei MateBook X Pro ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​នេះ​នៅក្នុង​ហាង​អន​ឡាញ​របស់ខ្លួន ដើម្បី​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ហាមឃាត់​ក្រុមហ៊ុន​ចិន​នេះ​ពី​ទឹកដី​សហរដ្ឋ​អាម៉េរិក​។​

​ទស្សនា​វ​ដ្តី Forbes បាន​រាយការណ៍​ថា ខណៈដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​នៅតែ​បន្ត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​នឹង​បោះបង់ចោល​ប្រព័ន្ធ​ប្រតិបត្តិការ Windows របស់​ក្រុមហ៊ុន Microsoft ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​ដោយ​យោធា​របស់​ចិន និង​ជំនួស​វា​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ថ្មី ដែល​ផលិត​ដោយ​ខ្លួនឯង​។ ចិន​តាម​ដឹង​គឺ​ព្រួយបារម្ភ​ថា​សហរដ្ឋ​អាម៉េរិក​អាច​នឹង​ប្រើ​ចំណុច​ងាយ​រងគ្រោះ​របស់​ប្រព័ន្ធ Windows ដើម្បី​ចូលទៅក្នុង​បណ្តាញ​យោធា​របស់ខ្លួន​។​

​ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត ISILG របស់​កងទ័ព​រំដោះប្រជាជន​ចិន តាម​សេចក្តីរាយការណ៍ នឹងមាន​តួនាទី​ក្នុងការ​បង្កើត​នូវ​ប្រព័ន្ធ​ថ្មី​ជំនួស Microsoft OS និង ប្រព័ន្ធ UNIX ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​ចិន​ផងដែរ​។ កន្លងមក​ប្រទេស​ចិន​បានចាប់ផ្តើម​ជ្រើស​រើសយក​ជម្រើស​បែបនេះ​រួចមកហើយ ទាក់ទង​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ “Red Flag” ដែល​ផ្អែកលើ Linux សម្រាប់​ជា​ប្រព័ន្ធ​មួយ​ដែល​អាច​នឹង​ចូលមក​ជំនួស​ប្រព័ន្ធ​របស់ Microsoft ។ ទោះយ៉ាងណា គំនិត​ទាំងនេះ​មិនបាន​បង្ហាញ​ពី​ការវិវឌ្ឍ​ច្រើន​នោះទេ​។​

​លើក​នេះ គំនិត​នេះ​ត្រូវបាន​លើកឡើង​ម្តងទៀត​ចំពេល​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត​កើតឡើង​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក ដែល​ថ្មីៗ​នេះ​បាន​ឈានដល់​របត់​ថ្មី​មួយ បន្ទាប់ពី​វ៉ាស៊ីនតោន​បាន​ហាមឃាត់​គ្រឿង​បរិក្ខា​អេ​ឡិច​ត្រូ​និ​ច​របស់​ក្រុមហ៊ុន Huawei ពី​ទីផ្សារ​ក្នុងស្រុក​របស់ខ្លួន និង បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ឱ្យធ្វើ​ដូចគ្នានេះដែរ ដោយ​លើកឡើង​ពី​បញ្ហា​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​។ សហរដ្ឋ​អាម៉េរិក​បាន​អះអាងថា ក្រុមហ៊ុន Huawei កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​ចិន និង ដំឡើង​ឧបករណ៍​ស៊ើបការណ៍​នៅក្នុង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់ខ្លួន​ដើម្បី​ធ្វើ​ចារកម្ម​ជំនួស​ឱ្យ​ប៉េកាំង​៕ ដោយ៖ កញ្ញាដាលីស

ចិន​ត្រៀម​ដកចេញ​ប្រព័ន្ធ Windows និង​បង្កើត​ប្រព័ន្ធ​ថ្មី​ដោយ​ខ្លួនឯង