ចិន​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាម៉េរិក​ចំពោះ​ការលក់​អាវុធ​ឱ្យ​តៃវ៉ាន់​

454
ចែករម្លែក

​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាម៉េរិក​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការលក់​សព្វាវុធ​ទំនើបៗ​ដែល​មាន​តម្លៃ​សរុប​២,២​ពាន់​លាន​​ដុល្លារ​ដល់​តៃវ៉ាន់​ដែល​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​កំហឹង​។​

​លោក​ហ្គេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការលក់​សព្វាវុធ​របស់​អាម៉េរិក​ទៅឱ្យតៃ​វ៉ាន់បាន​រំលោភ​យ៉ាងធ្ងន់ធ្ង​រនូវ​បទ​​ដ្ឋា​ន​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​និង​ទំនាក់ទំនង​អន្តរជាតិ​។ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិចិន​នឹង​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​អាម៉េរិក​ដែល​ចូលរួម​ក្នុង​ការលក់​អាវុធ​ទៅ​ឱ្យ​​តៃវ៉ាន់​” ។​

​ការលក់​អាវុធ​ដែល​បាន​គ្រោងទុក​នេះ​ជា​ការផ្ទេរ​លើកដំបូង​នៃ​សព្វាវុធ​យោធា​ទំនើបៗ​ជាច្រើន​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​តាម​បែប​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ​នេះក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ការលក់​អាវុធ​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបា​ល​​ក្រុង​ប៉េកាំង​បាន​រង​ប៉ះពាល់​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ​។​

​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​យក​មក​គ្រប់គ្រង​វិញ​នៅ​ថ្ងៃ​ណាមួយ ដោយ​កម្លាំងយោធា ប្រសិនបើ​ចាំបាច់​នោះ ។​

​កាលពីដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​ចិន​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ការតវ៉ា​ជា​ផ្លូវការ​តាមរយៈ​បណ្តាញ​ការទូត​ដែល​បង្ហាញ​អំពី​ការ​មិន​ពេញចិត្ត​​និង​ការជំទាស់​ចំពោះ​ការលក់​អាវុធ​ដ៏​មាន​សក្តានុពល​នេះ ដោយ​ដោយ​រួម​ទាំង​រថក្រោះ​ប្រយុទ្ធ​និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​៕

​រូប​៖​លោក​ហ្គេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រតិកម្ម​ចំពោះ​គំរោង​លក់​សព្វាវុធ​របស់​អាម៉េរិក​ទៅឱ្យ​តៃវ៉ាន់​