ចិន​នឹង​បង្កើន​កម្រិត​នៃ​ការប្រឈមមុខ​ជាមួយ​ក​ង​ទ័ពជើងទឹក​អាម៉េរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

632
ចែករម្លែក
លោក​ស៊ី ជីន​ពីង និង កងទ័ពជើងទឹក​ចិន

​អ្នកសង្កេតការណ៍​ចិន​ម្នាក់​បាន​និយាយថា យុទ្ធសាស្ត្រ​ហៅថា “​តំបន់​ប្រផេះ​” ដែល​ធ្វើឡើង​ដោយ​កងទ័ពជើងទឹក​អាម៉េរិក​បាន​បង្កើន​ឱកាស​នៃ​ជម្លោះ​យោធា​រវាង​មហាអំណាច​ទាំងពីរ​។ លោក ចិន យ៉ុង ជំនួយការ​ស្រាវជ្រាវ​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​សៀង​ហៃ​បាន​និយាយ​នៅក្នុង​ឯកសារ​សិក្សា​ស្រាវជ្រាវ​មួយ​ថា “​ខណៈ​យោធា​ចិន​អាច​នឹងមាន​ចំនួន​កើនឡើង ដូច្នេះ​សហរដ្ឋ​អាម៉េរិក​នឹង​ងាក​ទៅរក​ប្រតិបត្តិការ​តំបន់​ប្រផេះ​ដែល​កាន់​តែមាន​គ្រោះថ្នាក់​ជាង​មុន​”​។ លោក​ចិន​បាន​បន្ថែមថា ខណៈ​ការ​ប្រជែង​រវាង​ចិន​និង​អាម៉េរិក​នៅក្នុង​តំបន់​សន្តិសុខ​នេះ​កាន់តែ​កើនឡើង ដូច្នេះ​វ៉ាស៊ីនតោន​បានដាក់​ពង្រាយ “​កម្លាំង​ពេញលេញ​នៅ​តំបន់​ប្រផេះ​ដើម្បី​ដាក់​សម្ពាធ​លើ​ប៉េកាំង​”​។

​តំបន់​ប្រផេះ​គឺជា​ពាក្យ​មួយ​ដែល​គេ​ផ្តល់ឱ្យ​ចំពោះ​ស្ថានភាព​រវាង​សង្គ្រាម​និង​សន្តិភាព និង​នៅ​ក្នុងនោះ​ប្រទេសមួយ​ស្វះស្វែង​រក​ចំណេញ​ខាង​នយោបាយ​ឬ​ទឹកដី​ប្រឆាំងនឹង​ប្រទេសមួយ​ផ្សេងទៀត​ដោយ​មិន​ងាក​ទៅរក​ការប្រយុទ្ធ​គ្នា​ជាក់ស្តែង​។​

​លោក​ក៏បាន​សន្និដ្ឋាន​ផងដែរ​ថា​ការសន្យា​ដែល​វ៉ាស៊ីនតោន​បានធ្វើ​ចំពោះ​ប្រជាជាតិ​ដទៃទៀត​នៅក្នុង​តំបន់​អាច​នាំឱ្យមាន​ការប្រឈមមុខ​គ្នា​ជាមួយ​ប៉េកាំង​។​

​លោក​ចិន​និយាយ​ពី​ការសង្ស័យ​យ៉ាង​ជ្រាលជ្រៅ​របស់​ចិន​ថា “​យុទ្ធសាស្ត្រ​តំបន់​ប្រផេះ​” របស់​កងទ័ពជើងទឹក​អាម៉េរិក​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ជា​អន្តរជាតិ​អំពី​របៀប​ដែល​តំបន់​នេះ​ត្រូវបាន​គ្រប់គ្រង​។​

​លោក​បាន​និយាយថា “​ទាំងអស់នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើឱ្យប៉ះពាល់​ដល់​គុណប្រយោជន៍​នៃ​តំបន់​ប្រផេះ​របស់​ចិន​និង​បង្ខំ​ឱ្យ​ចិន​ទទួលយក​នូវ​សណ្តាប់ធ្នាប់​សមុទ្រ​អន្តរជាតិ​តាម​លំនាំ​របស់​សហរដ្ឋ​អាម៉េរិក​”​។​

​លោក​បាន​បន្ថែមថា “​ការសន្យា​អំពី​សន្តិសុខ​ដែល​អាម៉េរិក​បានធ្វើ​ចំពោះ​បណ្តា​ប្រទេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ខ្ពស់​ពេក​” ហើយ​នោះ​អាច​នាំឱ្យ​សហរដ្ឋ​អាម៉េរិក​និង​ចិន “​មាន​ជម្លោះ​ដែល​មិន​ចង់បាន​”​។​

​លោក​សាស្ត្រាចារ្យ​ហ៊ូបូ​ប្រធាន​កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តីពី​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ក្រុម​ស្រាវជ្រាវ​មួយ​នៅក្រោម​វិទ្យាស្ថាន​ស្រាវជ្រាវ​មហាសមុទ្រ​របស់​សាកលវិទ្យាល័យ​ប៉េកាំង​បាន​និយាយថា សម្រាប់​ប្រទេស​ចិន​ដើម្បី​ទប់ទល់​នឹង​សកម្មភាព​របស់​អាម៉េរិក ចិន​ចាំបាច់​ត្រូវ​វាយបក​ទៅវិញ​ឱ្យ​ខ្លាំង​បំផុត​។​

​គាត់​បាន​និយាយថា “​នៅក្នុង​ល្បែង​នេះ ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​គឺ​ត្រូវ​បង្កើន​កម្រិត​នៃ​ការប្រឈមមុខ​និង​បង្កើន​ហានិភ័យ​”​។​

​អ្នកស្រាវជ្រាវ​ចិន​រូបនេះ​និយាយថា នៅ​ថ្ងៃ​នីមួយៗ យ៉ាងហោចណាស់​មាន​នាវា​កងទ័ពជើងទឹក​អាម៉េរិក ៣ គ្រឿង​ឃើញ​បើក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ខណៈ​ប៉េកាំង​អះអាង​កាន់កាប់​អធិបតេយ្យភាព​លើផ្លូវ​ទឹក​ប្រមាណ ៩០ ភាគរយ​ដោយ​ផ្អែកលើ “​ខ្សែបន្ទាត់​៩​ត្រេ​” របស់ខ្លួន វៀតណាម​ហ្វីលីពីន​ម៉ាឡេស៊ី​ព្រុយ​ណេ​និង​តៃវ៉ាន់​ក៏​ប្រជែង​គ្នា​ទាមទារ​ដែនទឹក​នេះដែរ ខណៈ​សហរដ្ឋ​អាម៉េរិក​និយាយថា​ខ្លួន​មាន​ផលប្រយោជន៍ខាង​នយោបាយ​យោធា​និង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ express.co.uk