ចិន​នឹង​បង្ហាញ​នាវា​ថ្មី ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្ញែង​សាច់ដុំ​យោធា​នៅ​ខួប​កងទ័ពជើងទឹក​

353
ចែករម្លែក

​ចិន​នឹង​បង្ហាញ​នាវាចម្បាំង​ថ្មីៗ រួម​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​និង​នាវា​ពិឃាត នៅ​ព្យុហយាត្រា​មួយ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​កត់សម្គាល់​ខួប​ទី​៧០​នៃ​ការបង្កើត​កងទ័ពជើងទឹក​​ចិន នេះ​បើ​តាម​ការបញ្ជាក់​ពី​មេបញ្ជាការ​កងទ័ពជើងទឹក​និង​សារព័ត៌មាន​ផ្លូវការ​របស់​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​មេសា​។​

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង នឹង​ត្រួត​មើល​ផែនការ​នេះ​ដើម្បី​កែកុន​ថ្មី​កងទ័ព​រំដោះប្រជាជន​ចិន តាមរយៈ​អភិវឌ្ឍ​គ្រប់យ៉ាង​ចាប់ពី​យន្តហោះ​បំបាំងកាយ​ដល់​នាវា​ដឹក​​យន្តហោះ ខណៈ​ចិន​បង្កើន​វត្តមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ជុំវិញ​កោះ​តៃវ៉ាន់​។​

​កងទ័ព​ជើង​ទឹក​បាន​ទទួលផល​ច្រើន​ពី​ការធ្វើ​ទំនើបកម្ម​កងទ័ព​ចិន ខណៈ​ចិន​សម្លឹង​ទៅ​បង្កើន​អំណាច​ឆ្ងាយ​ហួស​ពី​ឆ្នេរ​របស់ខ្លួន និង​ការពារ​ផ្លូវ​ពាណិជ្ជកម្ម​ព្រមទាំង​ពលរដ្ឋ​​របស់​ខ្លួន​នៅ​ឯ​បរទេស​។​

​កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ចេញ​ថវិកា​ការពារជាតិ ដោយ​កើនឡើង​៧,៥​ភាគរយ ដែល​ទាប​ជាង​កំណើន​កាលពី​ឆ្នាំមុន​តែ​នៅ​តែ​ខ្ពស់​ជាង​កំណើនសេដ្ឋកិច្ច​​របស់​ប្រទស​នេះ​។​

​មេបញ្ជាការរង​នៃ​កងទ័ពជើងទឹក​ចិន លោក​ឈូ​វ យាន​ភឹង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ព្យុហយាត្រា​កងទ័ព​ជើង​ទឹក​នៅ​ថ្ងៃ​អង្គារ​ទី​២៣​មេសា ទំនងជា​នឹង​ត្រួតពល​ដោយ​​លោក​ស៊ី ខ្លួន​លោក​ផ្ទាល់ ។​វា​នឹង​ចូលរួម​ដោយ​នាវា​៣២​គ្រឿង និង​យន្តហោះ​៣៩​គ្រឿង​។​

​ឈូ​វ បាន​និយាយថា​«​កងទ័ពជើងទឹក​នឹង​បង្ហាញ​នាវា​និង​យន្តហោះ​ចម្បាំង រួម​មាន​នាវា​ផ្ទុក​យន្តហោះ​Liaoning នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នាវា​ពិឃាត​ប្រភេទ​​ថ្មី​និង​យន្តហោះ​ចម្បាំង​។​វា​នា​ខ្លះ​ទើប​នឹង​បញ្ចេញ​លើកដំបូង​»​។​

​កងទ័ពជើងទឹក​បរ​ទេស​ជាច្រើន​ប្រទេស​ក៏​នឹង​ចូលរួម ដូចជា​ថៃ រុស្ស៊ី សិង្ហ​បុរី ឥណ្ឌា​និង​វៀតណាម​៕​ដោយ​៖​វាសនា​

ចិន​បាន​និយាយថា​ខ្លួន​គ្មានអ្វី​ត្រូវ​លាក់បាំង​និង​បាន​អញ្ជើញ​សារព័ត៌មាន​បរទេស​ម​ក​យក​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ព្យុហយាត្រា​កងទ័ព​ជើង​ទឹក​នៅ​សប្តាហ៍​ក្រោយ​