ចិន​នឹង​បញ្ជូន​បេសកកម្ម​ស្រាវជ្រាវ​នៅ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៨

180

​ឆ្នាំ ២០១៨ នេះ​អាច​នឹង​ឃើញ​នូវ​របកគំហើញ​មួយ​នៅក្នុង​ការរុករក​ភព​ព្រះ​ចន្ទ នោះ​គឺ ប្រទេស​ចិន​កំពុង​រៀបចំ​ផែនការ​បេសកកម្ម​មួយ ប្រសិនបើ​ទទួលបាន​ជោគជ័យ នោះ​នឹង​ឃើញ​ការ​ចុះចត​នៅ​ទី​ឆ្ងាយ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះ​ចន្ទ​ជា​លើកដំបូង​។​

​ផ្នែក​ដំបូង​នៃ​បេសកកម្ម​អវកាស Chang’e 4 របស់​ចិន​នឹង​ចាប់ផ្តើម​នៅ​ខែមិថុនា​ខាងមុខនេះ​។ រ៉ុក្កែត Long March 4C នឹង​ដឹក​ផ្កាយរណប​មួយ ទម្ងន់ ៤២៥ គីឡូក្រាម ហើយ​ដាក់​វា​នៅ​ចម្ងាយ ៦០.០០០ គីឡូម៉ែត្រ​នៅ​ពីក្រោយ​ព្រះ​ចន្ទ (​ផ្នែក​ងងឹត​)​។ បេសកកម្ម​លើក​ទី​ពីរ​នៅ​ចុង​ឆ្នាំនេះ​គឺ​នឹង​បញ្ជូន​យានអវកាស​មួយ​និង​យាន Rover មួយ​ទៅ​ទី​ដ៏​សែនឆ្ងាយ​នៃ​ផ្នែក​ម្ខាង​ទៀត​របស់​ឋាន​ព្រះ​ចន្ទ ដែល​នឹង​នាំ​ផ្លូវ​ចុះចត​ដោយ​សុវត្ថិភាព​តាមរយៈ​ផ្កាយរណប​។​

​នៅលើ​ផ្កាយរណប​នឹង​បំពាក់​សម្ភារៈ​បរិក្ខារ​ដើម្បី​សិក្សា​ពី​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៃ​ឋាន​ព្រះ​ចន្ទ​ក៏ដូចជា​កូន​ធុង​មួយ​ធ្វើ​ពី​អាលុយមីញ៉ូម ដែល​ផ្ទុក​ដោយ​គ្រាប់ពូជ​និង​សត្វល្អិត​។ ពួកវា​នឹង​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើតេស្ត​មើលថា​តើ​រុក្ខជាតិ​និង​សត្វ​អាច​ដាំ​ដុះ​និង​រស់​នៅលើ​ភព​ព្រះ​ចន្ទ​បានដែរ​ឬ​អត់​។​

​លោក ចាង យួន​ស៊ុន ប្រធាន​អ្នក​រចនា​ម៉ូដ​នៃ​ធុង​នេះ​បាន​ប្រាប់​កាសែត Chongqing Morning Post ថា “​កូន​ធុង​នេះ​នឹង​បញ្ជូន​ដំឡូងបារាំង គ្រាប់ស្វាយចន្ទី និង​ស៊ុត​ដង្កូវនាង​ទៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។ ស៊ុត​នឹង​ញាស់​ទៅជា​ដង្កូវនាង ដែល​អាច​ផលិត​ឧស្ម័ន​កាបូនឌីអុកស៊ីត ខណៈពេលដែល​ដំឡូង​និង​គ្រាប់ស្វាយចន្ទី​នឹង​បញ្ចេញ​អុកស៊ីសែន​តាមរយៈ​ការធ្វើ​រស្មី​សំយោគ​។ ពេល​រួមបញ្ចូល​គ្នា ពួកវា​អាចបង្កើត​ប្រព័ន្ធ​អេកូ​ដ៏​សាមញ្ញ​មួយ​នៅលើ​ឋាន​ព្រះ​ចន្ទ​”៕ ដោយ៖ កញ្ញាដាលីស

ចិន​នឹង​បញ្ជូន​ផ្កាយរណប​ទៅ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះ​ចន្ទ នៅ​ខែមិថុនា ខាងមុខ