ចិន​នឹង​បញ្ជូន​ផ្កាយរណប​ដើម្បី​រកមើល​រលក​ទំនាញ​នៅ​ចុងឆ្នាំ ២០១៩

1196
ចែករម្លែក

​ចិន​កំពុង​ត្រៀម​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​ចំនួន​៣ ដែល​នឹង​ជួយ​អ្នកស្រាវជ្រាវ​ក្នុង​បេសកកម្ម​របស់​ពួកគេ​ដើម្បី​រកមើល​រលក​ទំនាញ​។​

​សារព័ត៌មាន Asia Times បាន​រាយការណ៍​ថា យានអវកាស​ថ្មី ដែល​គេ​រំពឹងថា​នឹង​បាញ់​បង្ហោះ​នៅ​ចុងឆ្នាំ ២០១៩ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Tianqin របស់​ចិន ដែល​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ក្នុងការ​រកមើល​រលក​ទំនាញ ដែល​គេ​ស្គាល់​ថា​ជា​រលក​ក្នុង​លំហ​អាកាស​។​

​ផ្កាយរណប ដែល​សាងសង់​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ស៊ុន​យ៉ា​ត់​សេន របស់​ចិន​នឹង​ធ្វើការ​ជាមួយគ្នា​ផ្កាយរណប​២​ផ្សេងទៀត​ដើម្បី​បង្កើតជា​ត្រីកោណ​សមមូល​នៅ​ជុំវិញ​ផែនដី​។ លោក លូ ជុន ប្រធាន​សាកលវិទ្យាល័យ​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ថា “​វា​ប្រៀបដូចជា​ចាប៉ី​ធំ​នៅលើ​ទី​អវកាស​អ៊ីចឹង​។ ប្រសិនបើ​រលក​ទំនាញ​ចូលមក ខ្សែ​របស់​ចាប៉ី នឹង​រលាស់​”​។​

​យោងតាម​លោក​លូ បច្ចេកវិជ្ជា​ឡាស៊ែរ​ដែលមាន​ភាពជាក់លាក់​ខ្ពស់​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គណនា​ការផ្លាស់ប្តូរ​ចម្ងាយ​រវាង​ផ្កាយរណប​ទាំង​៣​។​

​ទោះបីជា​រលក​ទំនាញ​ត្រូវបាន​លើកឡើង​ដំបូង​ដោយ​លោក អាល់​បឺ​ក អា​ញ​ស្តា​ញ ក្នុង​ឆ្នាំ ១៩១៦ ក៏ដោយ ក៏ប៉ុន្តែ​វា​មិនទាន់​ត្រូវបាន​រកឃើញ​ទេ​រហូតដល់​ខែកញ្ញា​ឆ្នាំ ២០១៥ ពេលដែល​រលក​ទំនាញ​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​ដោយ​មន្ទីរពិសោធន៍​រល​ក​ទំនាញ​ឡាស៊ែរ​របស់​អាមេរិក (LIGO)​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​លើក​ទី ២ នៅ​ចុងឆ្នាំ​នោះ​គឺ​ខែធ្នូ មុននឹង​បង្ហាញ​ការរកឃើញ​របស់​ពួកគេ​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស

ចិន​នឹង​បង្ហោះ​ផ្កាយរណប ៣ នៅ​ចុងឆ្នាំ ២០១៩ ដើម្បី​រកមើល​រលក​ទំនាញ