ចិន​នឹង​ផ្តល់ជូន​ទិន្នន័យ​ផ្កាយរណប​សម្រាប់​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​

749
ចែករម្លែក

​មន្ដ្រីជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ឧតុនិយម​ផ្កាយរណប​ជាតិ​របស់​រដ្ឋបាល​ឧតុនិយម​ចិន ​បាន​និយាយថា ចិន​នឹង​ផ្តល់​សេវា​ទិន្នន័យ​តាម​តម្រូវការ​សម្រាប់​ការទប់ស្កាត់​គ្រោះមហន្តរាយ​តាមរយៈ​ផ្កាយរណប​ឧតុនិយម Fengyun របស់ខ្លួន​សម្រាប់​បណ្តា​ប្រទេស​នៅតាម​បណ្តោយ​ខ្សែក្រវាត់​និង​ផ្លូវ​។​

​សេវា​កម្មនេះ​នឹងត្រូវ​បានផ្តល់​ជូន​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការស្ទង់មតិ​នៃ​ប្រទេស​ចំនួន ៨១​។​

​គិត​ត្រឹម​ចុងខែ​មេសា ប្រទេស​ចំនួន ២២ រួមមាន​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ា​គី​ស្ថាន អ៊ីរ៉ង់ រុស្ស៊ី លី​ប៊ី និង​ស៊ូដង់​បាន​ឆ្លើយតប​ទៅនឹង​ការស្ទង់មតិ​នេះ​។​

​ប្រទេស​ទាំងអស់​នោះបាន​និយាយថា ពួកគេ​ចង់​ដំឡើង​កម្មវិធី​សូ​ហ្វ​វែ​របស់​ផ្កាយរណប Fengyun សម្រាប់​ការព្យាករណ៍​អាកាសធាតុ​ក៏ដូចជា​ការត្រួតពិនិត្យ​អាកាសធាតុ​និង​បរិស្ថាន​។​

​ពួកគេ​ក៏បាន​ស្នើសុំ​សេវា​ជាច្រើន​ផងដែរ ​ជាពិសេស​ក្នុងការ​ត្រួតពិនិត្យ​ភ្លៀង​ធ្លាក់ ភាពរាំងស្ងួត ព្យុះ​ធូលី អ័​ព្ទ​ធ្ងន់ធ្ងរ និង​រន្ទះ បន្ថែម​ពីលើ​វគ្គ​ហ្វឹកហាត់​ស្តីពី​ការវិភាគ​ទិន្នន័យ​ផ្កាយរណប​ភូមិសាស្ត្រ​ផ្កាយរណប កម្មវិធី​ស្វែងរក​ពី​ចម្ងាយ និង ការប្រមូល​ទិន្នន័យ​។​

​ប្រទេស​ជាច្រើន​នៅតាម​បណ្តោយ​ខ្សែក្រវាត់​និង​ផ្លូវ​គឺមាន​ភ្នំ​ខ្ពស់ៗ វាល​ខ្សាច់ មហាសមុទ្រ​និង​កង្វះខាត​ព័ត៌មាន​ឧតុនិយម​។ រដ្ឋបាល​នេះ​បាន​និយាយថា ចំនួន​នៃ​គ្រោះមហន្តរាយ​ឧតុនិយម​នៅក្នុង​តំបន់​នេះ​គឺ​ច្រើនជាង​ទ្វេដង​នៃ​កម្រិត​មធ្យម​នៅលើ​សកលលោក​៕ ដោយ៖ កញ្ញាដាលីស/Ha

ផ្កាយរណប​ឧតុនិយម Fengyun របស់​ចិន