ចិន​នឹង​សង់​ស្ថានីយ​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត​

533
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​ដោយ​ដកស្រង់​សម្តី​មន្ត្រី​អវកាស​កំពូល​ម្នា​ក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​គម្រោង​បញ្ជូន​បេសកកម្ម​ដែលមាន​មនុស្ស​មួយក្រុម​ទៅកាន់​ឋាន​ព្រះ​ចន្ទ​និង​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​នៅ​ទីនោះ​ក្នុង​ទសវត្សរ៍​ក្រោយនេះ​។

​ចិន​មានបំណង​សម្រេចបាន​នូវ​ឋានៈ​ជា​មហាអំណាច​អវកាស​និង​បាន​បោះជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​គោលដៅ​នេះ នៅពេលដែល​ចិន​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ចុះចត​យាន​នៅ​ចុង​ឆ្ងាយ​បំផុត​នៃ​ឋាន​ព្រះ​ចន្ទ​កាលពី​ខែមករា​។​

​លោក​ចាង កេ​ចៀន (Zhang Kejian) ប្រធាន​រដ្ឋបាល​អវកាស​ជាតិចិន បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​កត់សម្គាល់ “​ទិវា​អវកាស​” យ៉ាង​ដូច្នេះ​ថា បច្ចុប្បន្ន​ចិន​មាន​គម្រោង​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​នៅលើ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះ​ចន្ទ​ក្នុង​រយៈពេល ១០ ឆ្នាំ​ទៀត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​។​

​លោក​ក៏បាន​បន្ថែមទៀត​ផងដែ​រថា ប៉េកាំង​គ្រោង​នឹង​ចាប់ផ្តើម​បង្ហោះ​យាន​ស្រាវជ្រាវ​ភព​អង្គារ​មួយគ្រឿង​នៅ​ឆ្នាំ ២០២០ ហើយ​បាន​បញ្ជាក់ថា យាន​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​ទី​បួន ដែលមាន​ឈ្មោះថា Chang’e-5 នឹង​បាញ់​បង្ហោះ​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​

​ចិន​កាលពី​ថ្ងៃ​ពុធ​ក៏បាន​ប្រកាស​ផងដែរ​ថា​រ៉ុក្កែត Long March-5B របស់ខ្លួន​នឹងធ្វើ​ការហោះហើរ​ជា​លើកដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ ដោយ​ដឹក​ឧបករណ៍​សំខាន់ៗ​សម្រាប់​សង់​ស្ថានីយ​អវកាស​។​

​ការិយាល័យ​វិស្វកម្ម​អវកាស​ចិន​បាន​និយាយថា យាន Tiangong ឬ “​ព្រះរាជវាំង​ឋានសួគ៌​” នឹង​ហោះ​ទៅ​ដង​តារាវិថី​នៅ​ឆ្នាំ ២០២២​។​

​យាន​នេះ​គ្រោង​នឹង​ចូល​ជំនួស​ស្ថានីយ​អវកាស​អន្ដរជាតិ ដែលជា​កិច្ចសហការ​រវាង​សហរដ្ឋអាមេរិក​រុស្ស៊ី​កាណាដា​អឺរ៉ុប​និង​ជប៉ុន ដែល​នឹងត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០២៤​។​

​ប៉េកាំង​កាលពី​សប្តាហ៍​មុន​ក៏បាន​និយាយ​ផងដែរ​ថា​ខ្លួន​នឹង​ចាប់ផ្តើម​បេសកកម្ម​រុករក​អាចម៍ផ្កាយ​ហើយ​បាន​អញ្ជើញ​អ្នក​សហការ​នានា​ដើម្បី​ដាក់​ការសាកល្បង​របស់​ពួកគេ​នៅលើ​យាន​ស៊ើបអង្កេត​របស់ខ្លួន​។​

​បច្ចុប្បន្ន​ប្រទេស​ចិន​បាន​ចំណាយ​ច្រើន​លើ​កម្មវិធី​អវកាស​ស៊ីវិល​និង​យោធា​ជាង​ប្រទេស​រុស្ស៊ី​និង​ជប៉ុន​និង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​ចំណាយ​ច្រើនជាងគេ​។ បើទោះជា​ពុំមាន​តម្លាភាព ថវិកា​ឆ្នាំ ២០១៧ របស់​ចិន​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៨,៤ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៕ ដោយ៖ កញ្ញាដាលីស

ចិន​នឹង​សង់​ស្ថានីយ​នៅ​ឋាន​ព្រះ​ចន្ទ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត
#