ចិន​នៅតែ​មិន​ព្រម​ចុះ​ញ៉ម​ការដាក់​សម្ពាធ​រប​ស់​អាមេរិក ខណៈ​សហភាព​អឺរ៉ុប​បាយៗ​ប្រេង​របស់​អ៊ីរ៉ង់​

794
ចែករម្លែក

​ប្រទេស​ចិន ដែល​កំពុង​ព្យាយាម​បញ្ចៀស​ពី​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក នឹង​ប្រើ​នាវា​ដឹក​ប្រេង​ពី​អ៊ីរ៉ង់​សម្រាប់​ការទិញ​ប្រេង​ឆៅ​របស់​ប្រទេស​នេះ ដោយ​ប្រោះ​ជីវិត​ដល់​អ៊ីរ៉ង់​ឡើងវិញ ខណៈ​ក្រុមហ៊ុន​អឺរ៉ុប​ដូចជា Total របស់​បារាំង​កំពុង​ដើរចេញ ដោយសារតែ​ការភ័យខ្លាច​ការសង​សឹក​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​បញ្ឈប់​ការនាំចេញ​ប្រេង​អ៊ីរ៉ង់​នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្ខំ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​មួយ​និង​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​ប្រទេស​ចិន​ដែល​បាន​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ឆៅ​របស់​អាមេរិក​ក្នុងអំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​វ៉ាស៊ីនតោន​បាន​និយាយថា​ខ្លួន​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​និង​ការពារ​ចំណង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​សីហា​ប្រភព​នានា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុមហ៊ុន​ចិន​ដែល​ទិញ​ប្រេង​អ៊ីរ៉ង់ កំពុង​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទំនិញ​របស់ខ្លួន​ទៅកាន់​នាវា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​នាវា​ដឹក​ប្រេង​ជាតិ​អ៊ីរ៉ង់ (NITC) សម្រាប់​ការនាំ​ចូល​របស់​ពួកគេ​ស្ទើរតែ​ទាំងស្រុង​។​

​ការផ្លាស់ប្តូរ​នេះ​បង្ហាញថា​ប្រទេស​ចិន​ដែលជា​អតិថិជន​ប្រេង​ដ៏​ធំ​បំផុត​របស់​អ៊ីរ៉ង់ ចង់​បន្ត​ទិញ​ប្រេង​ឆៅ​អ៊ីរ៉ង់ បើទោះបីជា​ទណ្ឌកម្ម​ត្រូវ​បានដាក់​ឡើងវិញ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញ​កាលពី​ខែឧសភា​ពី​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ក៏ដោយ​។​

​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ប្រេង​អ៊ីរ៉ង់​លោក ប៊ី​ចាន ហ្សា​ន​ហ្គា​ណេ​ស បាន​និយាយថា ក្រុមហ៊ុន Total បាន​ចាក​ចេញពី​គម្រោង​ឧស្ម័ន​ភាគខាងត្បូង​អ៊ីរ៉ង់​ជា​ផ្លូវការ​។​

​ក្រុមហ៊ុន Total ក្រោយមកទៀត​បានបញ្ជាក់​ថា ខ្លួន​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​អ៊ីរ៉ង់​អំពី​ការដកខ្លួន​របស់​ក្រុមហ៊ុន Total ពី​គម្រោង​ប្រេង​នៅ​តំបន់ South Pars បន្ទាប់ពី​ខ្លួន​មិនអាច​សុំ​ការលើកលែង​ពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​បាន​។​

​ក្រុមមន្ដ្រី​អ៊ីរ៉ង់​មុននេះ​បាន​លើកឡើងថា ក្រុមហ៊ុន​រដ្ឋ​ចិន CNPC អាច​កាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Total បាន ហើយ​លោក​ហ្សា​ន​ហ្គា​ណេ​សបាន​និយាយថា ដំណើរការ​ដើម្បី​ជំនួស​ក្រុមហ៊ុន​បារាំង​នេះ​កំពុង​ប្រព្រឹត្ត​ទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

ចិន​នៅតែ​បន្ត​ជួយ​ទិញ​ប្រេង​អ៊ីរ៉ង់ ទោះបី​អាមេរិក​កំពុង​ដាក់​សម្ពាធ​យ៉ាងណាក៏ដោយ
#