ចិន​បង្កើត​រ៉ូ​បូត​ដើម្បី​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លឿន​ជាង​មុន ៣ ដង ចំពេល​ប៉េកាំង​និង​វ៉ាស៊ីនតោន​មាន​ជម្លោះ​ជុំវិញ​ការដឹក​ប្រេង​ឱ្យ​កូរ៉េខាងជើង​

898

​ប្រព័ន្ធ​ផ្សព្វផ្សាយ​យោធា​ចិន​បាន​អះអាងថា កងទ័ព​ចិន​ឥឡូវនេះ​អាច​ប្រើប្រាស់​មនុស្ស​យន្ត​រ៉ូ​បូត​ដើម្បី​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប ក្រោយ​ការអភិវឌ្ឍ​ដ៏​ជោគជ័យ​នូវ​ប្រព័ន្ធ​បាញ់​ដោយ​ស្វ័យប្រវត្តិ​។​

​ប្រព័ន្ធ​ដ៏​ទំនើប​នេះ​អាចជួយ​ប្រទេស​ចិន​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លឿន​ជាង​មុន ៣ ដង និង​កាត់បន្ថយ​ចំនួន​ទាហាន​ចូលរួម​ពាក់ព័ន្ធ​ដល់​ទៅ​ពាក់កណ្តាល​។​

​ដំណឹង​នេះ​លេចឡើង​ខណៈ​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​វ៉ាស៊ីនតោន​បាន​កើនឡើង​ខ្លាំង​ជុំវិញ​ការ​អះអាងថា​ប្រទេស​ចិន​បានអនុញ្ញាត​ឱ្យ​ប្រេង​ចូលទៅក្នុង​ប្រទេស​កូរ៉េខាងជើង ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ ប៉េកាំង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​វេ​ប​សាយ People’s Daily Online ដែល​ដកស្រង់​ពី​កាសែត​ទ័ព​ចិន PLA បាន​រាយការណ៍​ថា ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រ៉ុក្កែត​ចិន​។​

​ជាក់ស្តែង​ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើត​រួចរាល់​តាំងពីដើម​ខែតុលា​ម្ល៉េះ ហើយ​ត្រូវបាន​ពណ៌នា​ថា ជា “​របកគំហើញ​” សម្រាប់​អ្នកវិទ្យាសាស្ត្រ​ចិន​។​

​លោក ចាង ជី​ង​យ៉ាំង អ្នកដឹកនាំ​គម្រោង​ផលិត​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​នេះ​បាន​និយាយថា ប្រព័ន្ធ​នេះ​អាច​កាត់បន្ថយ​ពេលវេលា ដែល​ទាហាន​ចំណាយ​ដើម្បី​រៀបចំ​ការបាញ់​បាន​ពាក់កណ្តាល​។ ក្រៅពីនេះ ការដែល​ប្រើប្រាស់​រ៉ូ​បូត​ដើម្បី​បាញ់​មី​ស៊ី​ល​នៅ​សមរភូមិ គឺ​ត្រូវការ​ទាហាន​តែ​ចំនួន​ពាក់កណ្តាល​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​គ្រា​មុនៗ ហើយ​វា​អាច​បាញ់​មី​ស៊ី​ល​បាន​លឿន​ជាង​មុន​ដល់​ទៅ ៣ ដង​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​រ៉ូ​បូត​នឹង​ជួយ​ចិន​បាញ់​មី​ស៊ី​ល​លឿន​ជាង​មុន ៣ ដង និង​កាត់បន្ថយ​ចំនួន​ទាហាន​ចូលរួម​ពាក់ព័ន្ធ​ដល់​ទៅ​ពាក់កណ្តាល