ចិន​បង្កើន​ការទិញ​មាស​ដើម្បី​ងាក​ចេញពី​ប្រាក់​ដុល្លារ​អំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​

289
ចែករម្លែក

​តម្លៃ​មាស​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៦​ឆ្នាំ​កាលពី​សប្តាហ៍​មុន ខណៈដែល​ចិន​បាន​បន្ត​បង្កើន​ការ​រក្សាទុក​លោហៈធាតុ​មានតម្លៃ​របស់ខ្លួន ចាប់តាំងពី​ខែធ្នូ​ក្នុង​គោលបំណង​ងាក​ចេញ​ឆ្ងាយ​ពី​ប្រាក់​ដុល្លារ​ក្នុងអំឡុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សម​ភាគី​សេដ្ឋកិច្ច​សំខាន់​របស់ខ្លួន​គឺ សហរដ្ឋ​អាម៉េរិក​។​

​ធនាគារ​ប្រជាជន​ចិន​បាន​ទិញ​មាស​ជាង ៧០ តោន​ចាប់តាំងពី​ខែធ្នូ​មកម្ល៉េះ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​មាស​ពិភពលោក (WGC) ដោយ​កត់សម្គាល់​ពី​ការ​ងាក​ចេញ​ដ៏​សំខាន់ ខណៈ​តួលេខ​ផ្លូវការ​មិនមាន​ការប្រែប្រួល​ទេ​ចាប់ពី​ខែតុលា​ឆ្នាំ ២០១៦ រហូតដល់​ខែវិច្ឆិកា​ឆ្នាំ ២០១៨​។​

​ធនាគារកណ្តាល​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​ក៏​កំពុង​ប្រមូល​ទុក​លោហៈ​មានតម្លៃ​នេះ​ផងដែរ​។ WGC បាន​រាយការណ៍​ថា រុស្ស៊ី​គឺជា​អ្នកទិញ​មាស​ច្រើនជាងគេ ដោយបាន​បន្ថែម​មាស​ប្រហែល ២៧៤ តោន​ក្នុង​មាស​បម្រុង​របស់ខ្លួន​កាលពី​ឆ្នាំមុន ខណៈ​បន្ថែម​មាស ៧៨ តោន​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ចូលទៅ​ឃ្លាំង​មាស​របស់ខ្លួន ដោយ​បង្កើន​ចំណែក​នៃ​មាស​នៅក្នុង​ទុនបម្រុង​អន្តរជាតិ ៣,៧ ភាគរយ​។​

​ក្រុមអ្នកវិភាគ​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើន​មាស​ទ្វេដង “​ដើម្បី​ធ្វើ​មាន​លក្ខណៈ​ចម្រុះ​នូវ​ទុនបម្រុង​របស់ខ្លួន​” ចេញពី​រូបិយប័ណ្ណ​ដុល្លារ​។ ប្រទេស​ចិន​បាន​លក់​ចេញ​ប័ណ្ណ​រតនាគារជាតិ​អាម៉េរិក​កាលពីពេល​ថ្មីៗ​នេះ​ជាមួយនឹង​ការកាន់កាប់​របស់ខ្លួន​ឥឡូវ​បាន​ថយចុះ​ពី​កម្រិត​ខ្ពស់បំផុត ១,៣២ លាន​លាន​ដុល្លារ​នៅ​ចុងឆ្នាំ ២០១៣ មក​នៅត្រឹម​ប្រហែល ១,១ លាន​លាន​ដុល្លារ​នៅ​ខែមេសា ឆ្នាំ​២០១៩​។​

​លោក​ថម ម៉ាក​ហ្គ្រេ​ហ្គ័​រ អ្នកសារព័ត៌មាន​និង​អ្នកវិភាគ​នយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​និយាយថា “​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានការ​ព្រួយបារម្ភ​ថា​ចំណង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អាច​នឹង​កាន់តែ​អាក្រក់​ទៅៗ ដូច្នេះហើយ​ធនាគារកណ្តាល​បាន​បង្កើន​ការ​ស្តុក​ទុក​មាស​របស់ខ្លួន​” ដោយ​បន្ថែមថា “​មាស​គឺជា​ការវិនិយោគ​ដ៏​មាន​សុវត្ថិភាព​”​។

​មាស​ធ្វើ​បានល្អ​ជាង​រូបិយប័ណ្ណ​របស់​ក្រុម​ប្រទេស G-10 ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​បានចាប់ផ្តើម​។ នេះ​បើតាម​លោក នី​ក​គី សៀ​ល អ្នក​យុទ្ធសាស្ត្រ​ទំនិញ​របស់​ក្រុមហ៊ុន Scotiabank បាន​ប្រាប់​ទៅ​វេ​ប​សាយ Kitco News ។ លោក​បាន​ពណ៌នា​អំពី​ការប្រមូលទិញ​មាស​ថ្មីៗ​នេះ​ថា​ជា “​ការ​គេចខ្លួន​របស់​មាស​ដាច់​ដោយឡែក​” ដែល​មិន​រាប់បញ្ចូល​ការជាប់​ទាក់ទង​ដោយផ្ទាល់​ជាធម្មតា​របស់​លោហៈ​មានតម្លៃ​ជាមួយ​ប្រាក់​ដុល្លារ​អាម៉េរិក​។​

​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក​បានចាប់ផ្តើម​កា​លពី​ឆ្នាំមុន​បន្ទាប់ពី​លោក​ដូ​ណា​ល់ ត្រាំ​បាន​ដំឡើង​ពន្ធ ២៥ ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​គោលបំណង​កែតម្រូវ​អ្វីដែល​លោក​ហៅថា​ការអនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ចាប់តាំងពី​ពេលនោះ​មក​ភាគី​ទាំង​ពីរបាន​ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក​ជាច្រើន​ជុំ​៕ ដោយ៖ កញ្ញាដាលីស

ធនាគារកណ្តាល​ចិន​បាន​ទិញ​មាស​ជាង ៧០ តោន​ចាប់តាំងពី​ខែធ្នូ