ចិន​បង្កើន​ការផលិត​យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ជាមុន ច្រើន​គ្រឿង​បន្ថែមទៀត​

211

​ប្រទេស​ចិន​បាន​បង្កើត​យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ជាមុន ធុន KJ-500 ថ្មីៗ​ជាច្រើន​គ្រឿង ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញថា មូលដ្ឋាន​ឧស្សាហកម្ម​ការពារជាតិ​ចិន​ប្រហែលជា​កំពុង​លូតលាស់​យ៉ាង​ឆាប់រហ័ស​។​

​រូបភាព​ផ្កាយរណប​ថ្មីៗ​ពី​វាល​យន្តហោះ​របស់​ក្រុមហ៊ុន Shaanxi Aircraft Corporation នៅ​ទីក្រុង​ហាន​ចុង ខេត្ត​សាអាន​ស៊ី បាន​បង្ហាញថា ក្រុមហ៊ុន​នេះ​បាន​ផលិត​យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ជាមុន KJ-500 ថ្មី​ចំនួន ៨ គ្រឿង​។ រូបភាព​ទាំងនោះ​ត្រូវបាន​ថត​កាលពី​ពាក់កណ្តាល​ខែធ្នូ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Defense News​។​

​អ្នកជំនាញ​ឈ្មោះ អង់​ឌ្រា​ស រូប​ព្រី​ច បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា យន្តហោះ​ថ្មី​ទាំងនេះ​បាន​នាំឱ្យ​ចំនួន​សរុប​នៃ​យន្តហោះ KJ-500 នៅក្នុង​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ឡើង​ពី ៤ ទៅ ១២ គ្រឿង​។​

​យន្ដហោះ​ផ្តល់​សញ្ញា​ព្រមាន​ជាមុន​ធុន KJ-500 ត្រូវបាន​បំពាក់​ជាមួយ​រ៉ា​ដា​អា​រេ​អេ​ឡិច​ត្រូ​និ​ច​សកម្ម​ធំៗ​ចំនួន ៣ នៅក្នុង​ក្បាល​យន្តហោះ​។ រ៉ា​ដា​នេះ​ត្រូវគេ​និយាយថា​ជា​ផលិតផល​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​លើក​ទី ៣៨ របស់​ចិន ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន China Electronics Technology Group Corporation​។​

​លោក អង់​ឌ្រា​ស រូប​ព្រី​ច និយាយថា ការបង្កើន​ចំនួន​យន្តហោះ KJ-500 បង្ហាញថា ម៉ូត​និង​បច្ចេកវិជ្ជា​របស់​យន្តហោះ​ត្រូវបាន​អភិវឌ្ឍ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​ស្តង់ដារ​សម្រាប់​យន្តហោះ​ព្រមាន​ជាមុន​និង​ត្រួតពិនិត្យ​អាកាសចរណ៍​សម្រាប់​កង​ទ័ពអាកាស​ចិន​។ យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ជាមុន​នេះ​អនុញ្ញាតឱ្យ​កងទ័ពអាកាស​តាមដាន​ពី​ទីតាំង​នៃ​យន្តហោះ​ដទៃទៀត​របស់ខ្លួន ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​ស្វែងរក​យន្តហោះ​ចម្បាំង ឬ​នាវាចម្បាំង​សត្រូវ ដែល​កំពុង​បោះពួយ​សំដៅ​មករក​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ជាមុន ធុន KJ-500 របស់​ចិន