ចិន​បង្កើន​វិធានការ​ទប់ទល់​នឹង​វីរុស​រលាក​សួត​ថ្មី​

145
ចែករម្លែក

​ចិន​បង្កើន​កិច្ចខិតខំ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​នៅ​ទីក្រុង​វូ​ហាន នៅ​មុន​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំថ្មី នៅពេល​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​​វីរុស​ប្រភេទ​ថ្មី​នេះ​បាន​កើនឡើង ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​ខ្លាចក្រែង​វា​ឆ្លង​រាលដាល​ទៅ​កាន់​ប្រទេស​ផ្សេងៗ​។​

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មករា បាន​និយាយ​ថា​បណ្តា​ស្ថាប័ន​គួរ​រួម​គ្នា​អនុវត្ត​វិធានការ​បង្ការ ហើយ​«​គណៈកម្មាធិការ​របស់​យើង​​នឹង​បង្កើន​ការឃ្លាំមើល​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី ហើយ​ណែនាំ​អោយ​អនុវត្ត​វិធានការ​បង្ការ​និង​គ្រប់គ្រង​»​។​

​ការប្រកាស​អំពី​វិធាន​ការបង្ការ​នេះ​កើតឡើង​ចំពេល​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មករា បាន​រាយការណ៍​អំពី​ការរកឃើញ​អ្នក​ជម្ងឺ​រលាក​សួត​ចំនួន​១៧​នាក់​ទៀត រួមមាន​៣​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ជាហេតុ​នាំ​អោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​ជម្ងឺ​បង្កឡើង​ដោយ​វីរុស​ស្រដៀង​គ្នា​នឹង​វីរុស​បង្ក​ជម្ងឺ​សា​(SARS)​ដែល​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។​

បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​ក្រុង​វូ​ហាន​សែង​អ្នក​ជម្ងឺ​ដែល​ឆ្លង​វីរុស​ស្រដៀ​គ្នា​នឹង​វីរុស​SARS

​ការ​រក​ឃើញ​អ្នក​ជម្ងឺ​ថ្មី​ទាំង​១៧​នាក់​នៅ​ស្ថិតនៅក្នុង​ទីក្រុង​វូ​ហាន ដែល​ជា​ប្រភព​ផ្ទុះ​ជម្ងឺ​។​វីរុស​នេះ​ឥឡូវ​ចម្លង​មនុស្ស​៦២​នាក់​នៅ​វូ​ហាន ក្នុងនោះ​៨​នាក់​ធ្ងន់ធ្ងរ ១៩​នាក់​ព្យាបាល​ជា និង​នៅ​សល់​ប៉ុន្មាន​កំពុង​ត្រូវ​ព្យាបាល​ដោយ​ដាក់​នៅ​ដាច់​ពី​គេ​។​

​តាំងពី​មុន​មក មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​វីរុស​នេះ រួម​មាន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​។​

​វីរុស​រលាក​សួត​បច្ចុប្បន្ន​បង្ក​ឡើង​ពី​វីរុស​ម្យ៉ាង​ក្នុង​កូរ៉ូណា​វីរុស​ដែល​បាន​បង្កជ​ម្ងឺ​SARS​នៅ​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​និង​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ទូទាំង​​ពិភពលោក តែ​អ្នកជំនាញ​និយាយថា វីរុស​ថ្មី​នេះ​ហាក់​មិន​សាហាវ ឬ​សម្លាប់​មនុស្ស​ច្រើន​ដូច​វីរុស​SARS​ទេ តែ​គេ​នៅ​យល់ដឹង​តិចតួច​អំពី​វា ដូច​ជា​ប្រភព​និង​​ការចម្លង​រវាង​មនុស្ស​ជាដើម​។​

​លោក​ចេន យ៉ាន់​ស៊ីន អភិបាលរង​ក្រុង​វូ​ហាន បាន​និយាយថា​កាលពី​ថ្ងៃអាទិត្យ​ក្រុង​នឹង​ពង្រឹង​ការត្រួតពិនិត្យ​ពិធី​ជួបជុំ​នានា​និង​បន្ថយ​ចំនួន​មនុស្ស​​ចូលរួម​។​

​មន្ត្រី​ក្រុង​វូ​ហាន ចាប់តាំងពី​ថ្ងៃ​១៤​មករា​មក​បាន​ប្រើ​ឧបករណ៍​វាស់​កំដៅ​នៅ​តាម​អាកាសយានដ្ឋាន​ស្ថានីយ​រថភ្លើង​និង​ចំណត​អ្នកដំណើរ​ដើម្បី​ស្វែងរក​ជនសង្ស័យ​​ឆ្លង​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​