ចិន​បង្ហាញ​កម្មវិធី​អវកាស​ពោរពេញ​ដោយ​មហិច្ឆតា​

256

​យោងតាម​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ឆ្នាំ ២០១៧-២០៤៧ ដែល​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់​សាជីវកម្ម​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​អវកាស​ចិន (China Aerospace Science and Technology Corporation) បានឱ្យដឹងថា ចិន​គ្រោង​នឹង​ជំរុញ​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​អវកាស​របស់ខ្លួន ខណៈ​ប្រទេស​នេះ​អនុវត្ត​គោលដៅ​យុទ្ធសាស្ត្រ​ក្នុងការ​ក្លាយជា​មហាអំណាច​អវកាស​។​

​កាលវិភាគ​នេះ​បានកំណត់​ទិសដៅ​ប្រកបដោយ​មហិច្ឆតា​ជាច្រើន ដែល​បង្ហាញឱ្យឃើញ​នូវ​អ្វីដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចង់​សម្រេច​ឱ្យបាន​នៅ​ទី​អវកាស ក្នុង​ទសវត្សរ៍​ខាងមុខនេះ​។​

​ត្រឹម​ឆ្នាំ ២០២០ ប៉េកាំង​មាន​ផែន​ការធ្វើ​ទំនើបកម្ម​គ្រួសារ​រ៉ុក្កែត​ឈ្មោះ Long March ជាមួយ​រ៉ុក្កែត Long March 8 រំពឹងថា​នឹង​បញ្ចប់​ជើងហោះហើរ​សាកល្បង​លើកដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៩​។​

​កំពូល​រ៉ុក្កែត Long March 9 ដែលមាន​សមត្ថភាព​ផ្ទុក​លើសពី ១០០ តោន និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​បញ្ជូន​មនុស្ស​ធ្វើ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ​និង​បេសកម្ម​គ្មាន​មនុស្ស​ទៅកាន់​ភព​អង្គារ នឹងធ្វើ​ការហោះហើរ​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ ២០៣០ ដែលជា​ផ្នែក​នៃ​កម្មវិធី​រុករក​រ៉ែ​នៅលើ​ភព​ព្រះ​ចន្ទ​និង​ភព​អង្គារ​របស់​ចិន​។​

​យោងតាម​ផែនទី​បង្ហាញផ្លូវ​នេះ ប៉េកាំង​ក៏​នឹង​ចាប់ផ្តើម​ផ្តល់នូវ​សេវាកម្ម​ដឹកជញ្ជូន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០២០ ដែល​នឹងមាន​តម្លៃថោក និង​មិនចេះ​ខកខាន​ជើង​ដឹកជញ្ជូន ដោយសារតែ​ការធ្វើ​ទំនើបភាវូបនីយកម្ម​ក​ម្ម​សិទ្ធិ​បញ្ញា និង​ការធ្វើឱ្យ​ទំនើប​នៃ​រ៉ុក្កែត​ដឹកជញ្ជូន​របស់ខ្លួន​។​

​ចិន​ក៏​គ្រោង​នឹងមាន​យន្តហោះ​អវកាស​ដែល​អាច​ប្រើ​បាន​ឡើងវិញ​នៅ​ឆ្នាំ ២០២៥ ផងដែរ និង​ធ្វើឱ្យ​យាន​ទាំងអស់​របស់ខ្លួន​អាច​ប្រើ​ឡើងវិញ​បាន​នៅត្រឹម​ឆ្នាំ ២០៣៥​។ នេះ​នឹង​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​នៅក្រៅ​ស្រទាប់ផែនដី ជាមួយ​យានអវកាស​ដឹកជញ្ជូន​ទៅវិញទៅមក​ទី​១​របស់​ចិន​នឹងធ្វើ​ការហោះហើរ​លើកដំបូង​ក្នុង​ឆ្នាំ ២០២០​។​

​ទន្ទឹមនឹង​នេះដែរ ចិន​គ្រោង​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​អាច​ប្រើ​ឡើង​វី​ញ​ប្រភេទ​ថ្មី​ដែលមាន​ពីរ​ដំណាក់កាល​និង​យានអវកាស​ដឹកជញ្ជូន​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដើម្បី​ស្វែងរក​និង​អភិវឌ្ឍ​ធនធាន​រ៉ែ​លើ​ភព​និង​អាចម៍ផ្កាយ​តូចៗ និង​បង្កើត​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ទី​អវកាស​។​

​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​គេ​បាន​មើលឃើញ ប្រទេស​ចិន​ធ្វើឱ្យមាន​វឌ្ឍនភាព​ដ៏​អស្ចារ្យ​នៅក្នុង​វិស័យ​រុករ​កនៅ​ទី​អវកាស​។ ពួកគេ​មានបំណង​ទៅដល់​ផ្នែក​ងងឹត​នៃ​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០១៨ និង ទៅដល់​ភព​អង្គារ នៅមុន​ដំណាច់​ទសវត្សរ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស