ចិន​បង្ហាញ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ក្រុម​ប្រទេស G7 ជុំវិញ​បញ្ហា​ហុងកុង​

258
ចែករម្លែក

ចិន​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ជាមួយនឹង​សេចក្តីថ្លែងការណ៍​រួម​ចេញ​ដោយ​មេដឹកនាំ​ក្រុម​ប្រទេស G7 ដែល​បាន​គាំទ្រ​ស្វ័យភាព​របស់​ហុងកុង​និង​បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់ បន្ទាប់ពី​មាន​ភាពវឹកវរ​ស៊ីវិល​ជាច្រើន​ខែ​។​

​ពួក​មេដឹកនាំ​ប្រទេស G7 ដែល​ជួបប្រជុំគ្នា​នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ បាន​គាំទ្រ​ស្វ័យភាព​របស់​ហុងកុង ដូចដែល​បានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៨៤ រវាង​អង់គ្លេស​និង​ចិន និង បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ទីក្រុង​ដែល​ញាំញី​ដោយ​ការតវ៉ា​ន​នេះ​។​

​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ប​រទេស​ថា​បាន​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រុង​ហុងកុង ហើយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​កេង សួង​បាន​និយាយថា ក្រុម​ប្រទេស G7 កំពុង “​ជ្រៀតជ្រែក​” និង “​បង្កប់​នូវ​ចេតនា​អាក្រក់​”​។​

​លោក​កេង សួង​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉េកាំង​ថា “​យើង​សម្តែង​ការមិន​ពេញចិត្ត​ខ្លាំង​និង​ការជំទាស់​ដាច់ខាត​រប​ស់​យើង​ចំពោះ​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​មេដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល G7 ស្តីពី​កិច្ចការ​ហុងកុង​។ យើង​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា​កិច្ចការ​របស់​ហុងកុង​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ហើយ​គ្មាន​រដ្ឋាភិបាល​បរទេស អង្គការ ឬ បុគ្គល​ណាមួយ​មាន​សិទ្ធិ​ធ្វើ​អន្តរាគមន៍​បានឡើយ​”​។​

​ទីក្រុង​ហុងកុង​បាន​ផ្ទុះ​ការតវ៉ា​អស់​រយៈពេល​ជាង​ពីរ​ខែ​មកហើយ​ជុំវិញ​ការប៉ុនប៉ង​របស់​រដ្ឋា​ភិ​បាល​ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​ក្នុងការ​អនុម័ត​ច្បាប់​ធ្វើ​បត្យាប័ន ដែល​ក្រុមប្រឆាំង​មើលឃើញថា​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៅក្នុង​ស្វ័យភាព​របស់​ទីក្រុង​នេះ​។​

​ចាប់តាំងពី​ពេលនោះ​មក ការតវ៉ា​បានប្រែក្លាយ​ទៅជា​ការទាមទា​រ​សេរីភាព​ប្រជាធិបតេយ្យ​កាន់តែ​ច្រើនឡើង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ G7 មេដឹកនាំ​អង់គ្លេស​កាណាដា​បារាំង​អាល្លឺម៉ង់​អ៊ីតាលី​ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក​បាន​អំពាវនាវ​ឱ្យមាន​ភាពស្ងប់ស្ងាត់​។​

​កន្លងមក​ចិន​ប៉េកាំង​បាន​ចោទប្រកាន់​អតីត​មហាអំណាច​អាណានិគម​អង់គ្លេស​ថា​បាន​ជ្រៀត​ជ្រែកចូល​ទឹកដី​ចិន​ពាក់កណ្តាល​ស្វយ័ត​នេះ ដែល​បានប្រគល់​ឱ្យទៅ​ចិន​ក្នុង​ឆ្នាំ ១៩៩៧ ។​

​លោក​កេង​សួង និយាយថា “​នីតិរដ្ឋ សណ្តាប់ធ្នាប់​សង្គម ជីវភាព​សេដ្ឋកិច្ច និង​មុខមាត់​អន្តរជាតិ​របស់​ហុងកុង បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ គ្មាន​នរណាម្នាក់​យកចិត្តទុកដាក់​ចំពោះ​ភាពរុងរឿង​និង​ស្ថិរភាព​របស់​ហុងកុង​ជាង​ប្រជាជន​ចិន​និង​ប្រជាជន​ហុងកុង​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

ចិន​នៅ​មិនទាន់​ធ្វើ​អន្តរាគមន៍​នៅ​ហុងកុង​នៅឡើយ​ទេ​ចាប់តាំងពី​ការតវ៉ា​ហិង្សា​បាន​ផ្ទុះឡើង​ជាច្រើន​ខែ​មកនេះ