ចិន​បង្ហាញ​កាំជ្រួច​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ខ្លួន​(វីដេអូ)

840
ចែករម្លែក
  • 454
    Shares

​កងទ័ព​រំដោះប្រជាជន​ចិន​បានបង្ហាញ​កាំជ្រួច​មាន​ឥទ្ធិពល​បំផុត​របស់​ខ្លួន នៅក្នុង​វីដេអូ​ឃោសនា​ថ្មី​មួយ ដើម្បី​សម្ញែង​អំពី​អំណាច​យោធា​របស់​ខ្លួន​។​ឃ្លីប​វីដេអូ​បង្ហាញ​ទាហាន​មក​ពី​កងកម្លាំង​រ៉ុក្កែត​របស់​ចិន​បង្ហាញ​និង​បាញ់​កាំជ្រួច​ក្នុងអំឡុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​។​

​កាំជ្រួច​មួយ​ក្នុងចំណោម​កាំជ្រួច​ដែល​ត្រូវ​បាន​បញ្ចេញ​មក​បង្ហាញ​នោះ គឺ Dongfeng-41 ឬ DF-41​ដែល​មាន​ចម្ងាយ​ហោះ​ឆ្ងាយ​បំផុត​ក្នុងចំណោម​កាំជ្រួច​រ៉ុក្កែត​ផ្លោង​នានា​នៅក្នុង​​លោក​ហើយ​ដែល​អាច​បាញ់​ដល់​អាមេរិក​និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​។​

​កាំជ្រួច​គួរអោយ​ចាប់អារម្មណ៍​ដទៃទៀត​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ រួមមាន កាំជ្រួច​ចម្ងាយ​ខ្លី​បញ្ជា​នាំ​ផ្លូវ DF-2 កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​DF-5B និង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​បញ្ជា​​នាំ​ផ្លូវ​DF-26​។​

DF-26​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​វាយប្រហារ​គោលដៅ​សំខាន់ៗ​នៅលើ​ដី និង​នាវា​នៅក្នុង​សមុទ្រ ដោយ​ត្រង់​បំផុត​។​

​វីដេអូ​ឃោសនា​នេះ​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​ដោយ​កងកម្លាំង​រ៉ុក្កែត​នៅលើ​គណនី​ផ្លូវការ​Weibo​របស់ខ្លួន​។​

​ដូច​ក្នុង​ខ្សែភាពយន្ត​ហូលីវូត ឃ្លី​បរយៈពេល​៨០​វិនាទី​បង្ហាញ​ទាហាន​ចិន​ដ៏​ក្លាហាន​ធ្វើ​ការហាត់​បាញ់​កាំ​ជ្រួច​។​វា​ក៏​បង្ហាញ​ក្បាល​គ្រាប់​ចំរុះ​មុខ​ដែល​ហោះចូល​ក្នុង​អាកាស​និង​បំផ្ទុះ​​គោលដៅ​។​

​ចិន​អះអាងថា ខ្លួន​មាន​កាំជ្រួច​ប្រមាណ​២.៥០០​ដើម​។​កងទ័ព​ចិន​មាន​កាំជ្រួច​២​ស៊េរី គឺ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​Dongfeng(​ខ្យល់​ខាងកើត​)​និង​កាំជ្រួច Julang(​មហា​រលក​)​ដែល​​ដាក់​តាម​នាវាមុជទឹក​។​យោង​តាម​ទស្សនា​វ​ដ្តី​Global People កាំ​ជ្រួច​Dongfeng​ជា​កាំជ្រួច​ផលិត​ទាំងស្រុង​ដោយ​ចិន​លើកដំបូង​និង​ជា​សព្វាវុធ​ចម្បង​របស់​ប្រទេស​សំរាប់​ការ​ការពារជាតិ​។​

​កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​កេណ្ឌ​កាំជ្រួច​នុយក្លេអ៊ែរ​លឿន​ជាង​សម្លេង​DF-26 ក្រោយ​ពី​នាវា​ពិឃាត​អាមេរិក​បើក​ចូល​ដែនទឹក​របស់​​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​សាជាថ្មី​។​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ ទូរទស្សន៍​រដ្ឋ​CCTV បាន​ចាក់​ផ្សាយ​រូប​ការបាញ់​បង្ហោះ​កាំ​ជ្រួច​។​

DF-26 ត្រូវបាន​គេ​ដាក់​ឈ្មោះ​ថា​ជា​«​ជន​ពី​ឃាត​កោះ​ហ្កាំ​» ដោយសារ​តែ​វា​អាច​ហោះ​ដល់​កោះ​ហ្កាំ ដែល​ជា​មូលដ្ឋានទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក នៅ​ចម្ងាយ​ប្រមាណ​២.០០០​គីឡូម៉ែត្រ​​ពី​ឆ្នេរ​ចិន​។​

​ចំណែក​កាំជ្រួច​DF-21​របស់​ចិន​អាច​ហោះ​បាន​ចម្ងាយ​៣.១០០​គីឡូម៉ែត្រ និង​ត្រូវបាន​គេ​ដាក់ឈ្មោះថា​«​ជន​ពិឃាត​នាវា​មុជទឹក​» ដោយសារ​តែ​វា​អាច​ពន្លិច​នាវាមុជទឹក​អាមេរិក​​ដោយ​ការបាញ់​ចេញ​តែ​មួយ​លើក​។​

​យោងតាម​គេហទំព័រ​សារព័ត៌មាន​ចិន​Sina.com. កាំ​ជ្រួច​DF-10 ល្បី​ថា​ជា​កាំជ្រួច​បណ្តែត​ចម្ងាយ​ឆ្ងាយ​នៅក្នុង​លោក​។​អាវុធ​ទម្ងន់​៤៥០​គីឡូក្រាម​នេះ អាច​វាយប្រហារ​គោលដៅ​នៅ​​ចម្ងាយ​២.០០០​គីឡូម៉ែត្រ និង​អាច​ទៅដល់​ជប៉ុន​និង​កោះ​តៃវ៉ាន់ បើ​ត្រូវ​បាញ់​ចេញពី​ដីគោក​ចិន​។​

​លី ហ្សេ​ងលៀន មេបញ្ជាការ​កងកម្លាំង​រ៉ុក្កែត បាន​ប្រាប់​ទូរទស្សន៍​CCTV​ថា​«​ពេល​មាន​បទបញ្ជា ខ្ញុំ​បញ្ចេញ​ទ័ព​ភ្លាម​។​ខ្ញុំ​អាច​បាញ់​កាំជ្រួច​នៅពេលណា​ក៏​បាន​និង​វាយ​ចំ​គោលដៅ​​ល្អ​ណាស់​»៕​ដោយ​៖​វាសនា​