ចិន​បង្ហាញ​កាំជ្រួច​ថ្មី​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ព្យុហយាត្រា​

561
ចែករម្លែក

រថយន្ត​ដឹក​សព្វាវុធ​ចម្រុះ​រួមមាន កាំជ្រួច​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ផលិតឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ​របស់​អាម៉េរិក បានធ្វើ​ដំណើរ​កាត់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​ទី​១​តុលា នៅពេល​គណបក្ស​កុម្មុយនីស្ត​ប្រារព្វ​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយនឹង​ព្យុហយាត្រា​យោធា​ដែល​បង្ហាញ​ការ​លេចមុខ​មាត់​របស់​ខ្លួន​ជា​មហាអំណាច​ពិភពលោក​។​

​ក្នុងការ​ដង្ហែ​ក្បួន​នៅ​ទីលាន​ធៀន​អាន់​មេន​ក្នុង​ក្រុង​ប៉េកាំង យោធា​ចិន​បានបង្ហាញ​សព្វាវុធ​ទំនើប​បំផុត​ខ្លះ​របស់​ចិន ដោយ​ខ្លះ​ទើបត្រូវ​បញ្ចេញ​ឲ្យ​ឃើញ​ជា​លើកដំបូង​នៅពេល​ទាហាន​ទាំង​ជួរ​ដើរ​កាត់មុខ​ប្រធានាធិបតី ស៊ី ជីន​ភីង និង​មេដឹកនាំ​ដទៃទៀត​។​អ្នកទស្សនា​រាប់ពាន់នាក់​បាន​គ្រវីទង់ជាតិ​ចិន ហើយ​យន្តហោះ​ប្រយុទ្ធ​បញ្ចេញ​សំឡេង​នៅលើ​ក្បាល​។​

​ដោយ​ពាក់អាវ​កាក់​ពណ៌​ប្រផេះ​ដូច​លោក​ម៉ៅ សេទុង លោក​ស៊ី​បាន​ថ្លែងថា​« គ្មាន​កម្លាំង​ណា​អាច​អង្រួន​គ្រិះ​មាតុភូមិ​ដ៏​អស្ចារ្យ​របស់​យើង​បានទេ និង​គ្មាន​កម្លាំង​ណា​អាច​បញ្ឈប់​ការរីកចម្រើន​របស់​ប្រជាជន​និង​ប្រជា​ជាតិចិន​បានឡើយ​»​។​

ព្យុហយាត្រា​នៅ​ក្រុង​ប៉េកាំង​បង្ហាញ​គ្រឿង​បរិក្ខា​យោធា​ថ្មី​របស់​ចិន រួមមាន​កាំជ្រួច​និង​ដ្រូ​ន

​លោក​ស៊ី ត្រូវបាន​ចូលរួម​ដោយ​នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង និង​អតីត ប្រធានាធិបតី ហ៊ូ ជីន​តាវ និង​ជាំ​ង ហ្សេ​មិន​។​ព្រឹត្តិការណ៍​នេះ​កត់សម្គាល់​ការប្រកាស​ប​ង្កើ​ត​សាធារណរដ្ឋ​ចិន​ដោយ​លោក​ម៉ៅ សេទុង កាលពី​ថ្ងៃ​១ តុលា ឆ្នាំ​១៩៤៩ ក្រោយ​សង្គ្រាមស៊ីវិល​មួយ​។​

​ក្បួន​យន្តហោះ​ប្រយុទ្ធ បញ្ចេញ​ផ្សែង​ពណ៌ និង​នាំមុខ​ដោយ​យន្តហោះ​មាន​រ៉ា​ដា​រាង​ថាស​មូល​នៅ​ពីលើ​បាន​ហោះ​លើ​រដ្ឋធានី​នៅពេល​លោក​ស៊ី បក់ដៃ​ទៅកាន់​អាកាសយានិក​។​ព្រឹត្តិការណ៍​នេះ​រំលេច​អំពី​ការអភិវឌ្ឍ​យ៉ាង​លឿន​បច្ចេកវិទ្យា​សព្វាវុធ​ចិន ដែល​ពួក​អ្នកវិភាគ​និយាយថា​វា​ជិត​តាម​ទាន់​អាម៉េរិក រុស្ស៊ី និង​អឺរ៉ុប​ខាង​កាំជ្រួច ដ្រូ​ន​និង​ផ្នែក​ផ្សេងទៀត​។​​យោធា​ចិន ក៏​ត្រូវគេ​ដឹងថា​ផលិត​យន្តហោះ​ប្រយុទ្ធ នាវា​ដឹក​យន្តហោះ និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ​ជំនាន់​ថ្មី​។​

ព្យុហយាត្រា​នៅ​ក្រុង​ប៉េកាំង​បង្ហាញ​គ្រឿង​បរិក្ខា​យោធា​ថ្មី​របស់​ចិន រួមមាន​កាំជ្រួច​និង​ដ្រូ​ន

​អាវុធ​ដែល​គេ​តាម​តាមមើល​បំផុត​កាលពី​ថ្ងៃ​អង្គារ​គឺ កាំជ្រួច​Dongfeng-17 ដែល​អ្នកវិភាគ​បរទេស​និយាយថា ត្រូវ​ចិន​ផលិតឡើង​ដើម្បី​គេច​ចេញពី​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​។​កាំជ្រួច​មី​ស៊ី​ល​មួយ​ប្រភេទ​ទៀត​ដែល​ត្រូវបាន​យកមក​បង្ហាញ​ផងដែរ គឺ​Dongfeng-41​ដែល​ត្រូវគេ​ជឿថា​អាច​ហោះ​បាន​១៥.០០០​គីឡូម៉ែត្រ ដែល​ធ្វើអោយ​វា​ជា​កាំជ្រួច​យោធា​ចម្ងាយ​ឆ្ងាយ​បំផុត​នៅក្នុង​លោក​។​

​ការផ្តោត​របស់​ចិន​លើ​កាំជ្រួច​និង​សព្វាវុធ​ចម្ងាយ​ឆ្ងាយ​ដទៃទៀត ឆ្លុះបញ្ចាំង​បំណង​របស់​ចិន​ប៉េកាំង​ដើម្បី​ជំនួស​អាម៉េរិក​ជា​កងក​ម្លាំ​ង​មាន​ឧត្តមភាព​នៅក្នុង​តំបន់​និង​ចាប់បង្ខំ​អនុវត្ត​ការអះអាង​ជា​កម្មសិទ្ធិ​លើ​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង​និង​បណ្តា​ទឹកដី​មាន​ជម្លោះ​ផ្សេងៗ​៕ ប្រែ​សម្រួល​:​វាសនា​