ចិន​បង្ហាញ​គំរូ​យន្តហោះ​ចម្បាំង​លឿន​ជាង​សំឡេង​

279

​របាយការណ៍​ព័ត៌មាន​មួយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍ CCMF របស់​ចិន​បានបង្ហាញ​ឱ្យឃើញ​មួយ​ភ្លែត​នូវ​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​សាកល្បង​យន្តហោះ​លឿន​ជាង​សំឡេង​ដ៏​សម្ងាត់​របស់ខ្លួន ហើយ​យន្តហោះ​យោធា​ដែល​គេ​ជឿថា​ជា​ប្រភេទ JF-12 កំពុង​ត្រូវបាន​សាកល្បង​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​នេះ​។​

​ផ្លូវ​រូង​ក្រោម​ដី​នេះ​ត្រូវបាន​ប្រើ​ជាទូទៅ​ដើម្បី​ធ្វើតេស្ត​លក្ខណៈសម្បត្តិ​របស់​ម៉ាស៊ីន មុនពេល​ចាប់ផ្តើម​ផលិតកម្ម​ពេញលេញ​។ ក្នុងករណី​យន្តហោះ​នោះ​មាន​ទំហំ​ធំ​និង​មានតម្លៃ​ថ្លៃ គេ​ប្រើ​យន្ដហោះ​គំរូ​តូចៗ​ហើយ​ហោះ​សាកល្បង​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​នេះ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​យន្តហោះ​ថ្មី​នេះ​ទប់​ទល់នឹង​កម្លាំង​ខ្យល់​បក់​ដ៏​ខ្លាំង​ក្នុង​រូង​នេះ​។​

​ក្នុងករណី​ជា​យន្ដហោះ​លឿន​ជាង​សំឡេង​វិញ គេ​តម្រូវឱ្យមាន​ផ្លូវ​រូង​ក្រោម​ដី ដែល​អាចធ្វើឱ្យ​យន្តហោះ​មួយ​បើក​ក្នុង​ល្បឿន​លឿន​ជាង​ល្បឿន​របស់​សំឡេង​។ ប្រទេស​ចិន​ឥឡូវនេះ​បានបង្ហាញ​ពី​យន្តហោះ​ថ្មី​ដែលជា​របស់​ផ្ទាល់ខ្លួន​លឿន​ជាង​សំឡេង​បាន​ហើយ​។​

​ផលិត​ក្នុង​ឆ្នាំ ២០១២ យន្តហោះ JF-12 រហស្សនាម​ថា “​កំពូល​នាគ​” ត្រូវបាន​រក្សា​ជាសម្ងាត់​កំពូល​។ ការបង្កើត​រូង​ក្រោម​ដី​ដែលមាន​ទទឹង​ប្រវែង ២,៥ ម៉ែត្រ និង​បណ្តោយ​ប្រវែង ២៦៥ ម៉ែត្រ​នេះ ត្រូវបាន​រាយការណ៍​ថា​មានតម្លៃ​ជិត ៧ លាន​ដុល្លារ​និង​មាន​សមត្ថភាព​បង្កើត​ល្បឿន​ខ្យល់​ដល់​ទៅ ១០ ដង​នៃ​ល្បឿន​សំឡេង ឬ​ប្រហែល ១២.៣៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នៅឯ​ល្បឿន​កម្រិត​នេះ សីតុណ្ហភាព​ខ្យល់​នៅក្នុង​ផ្លូវ​រូង​ក្រោម​ដី​នេះ​អាច​ឡើងដល់​ទៅ ២.៩៨២ អង្សា ដូច្នេះ​គេ​អាចធ្វើ​តេស្ត​ពី​ផលប៉ះពាល់​នៃ​ល្បឿន​ដ៏​ខ្លាំង​នេះ​មកលើ​សមាសធាតុ​សម្រាប់​ផលិត​តួ​យន្តហោះ​ដើម្បី​ទប់ទល់​។​

​ឥឡូវនេះ ទូរទស្សន៍ CCMF របស់​ចិន​បានបង្ហាញ​ពី​ម៉ាស៊ីន​មួយចំនួន​កំពុង​ត្រូវបាន​សាកល្បង​នៅក្នុង​រូង​ក្រោម​ដី​។​

​តួយ៉ាង យន្ដហោះ​លឿន​ជាង​សំឡេង​នាពេល​អនាគត​មួយ​ប្រភេទ ដែលមាន​រាង​ដូច​ព្រួញ ត្រូវគេ​ជឿថា​ជា​គំរូ​នៃ​យន្តហោះ​ឈ្មោះ DF-ZF ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា យន្តហោះ WU-14 ។​

​ក្រុម​អ្នកសង្កេតការណ៍​យោធា​និង​បច្ចេកវិជ្ជា ជឿជាក់ថា ម៉ាស៊ីន​នេះ​អាចមាន​ល្បឿន​លឿន​ជាង​សំឡេង ១០ ដង ដែល​អាចធ្វើឱ្យ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ដែលមាន​សព្វថ្ងៃ​ប្រឈម​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​លឿន​ជាង​សំឡេង JF-12 ត្រូវគេ​ជឿថា​កំពុង​សាកល្បង​នៅ​រូង​ក្រោម​ដី​នៅ​ចិន