ចិន​បង្ហាញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ​និង​នាវា​ពិឃាត​ដំបូង​របស់​ខ្លួន​

253
ចែករម្លែក

​ក្នុងអំឡុង​ព្យុហយាត្រា​កងទ័ព​ជើង​ទឹក​ដើម្បី​រំលឹក​ខួប​ទី​៧០​នៃ​ការបង្កើត​វា​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា មហា​ចិនដីគោក​បានបង្ហាញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ​​ជា​លើកដំបូង​របស់​ខ្លួន​។​នាវា​ពិឃាត​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​ធុន Type 055 ឈ្មោះ​Nanchang ក៏​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ផង​ដែរ​។​

នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ​របស់​ចិន​ក្នុង​ព្យុយាត្រា​នាវា​កាលពី​ថ្ងៃ​អង្គារ​

​ការ​ដង្ហែរ​ក្បួន​នាវា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​កំពង់ផែ​គីង​ដាវ ដោយ​មាន​ការចូលរួម​ពី​នាវា​៣២​គ្រឿង ដឹកនាំ​ផ្លូវ​ដោយ​នាវាមុជទឹក​ធំ​បំផុត​Type 094​។​

​ចិន​កំពុង​ធ្វើ​ពិធី​បង្ហាញ​កម្លាំង​ទ័ពជើងទឹក​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​២២​ដល់​២៥​មេសា​ដើម្បី​ប្រារព្វ​ខួបកំណើត​កងទ័ពជើងទឹក​របស់ខ្លួន ដោយ​មាន​ការចូលរួម​ពី​នាវា​បរទេស​២០​គ្រឿង​ផង​ដែរ​។​

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង ដែល​បាន​ត្រួតពល​ទាហានជើងទឹក​ក្នុង​ពិធី​កាលពី​ថ្ងៃ​អង្គារ​បាន​មានប្រសាសន៍ថា​« សូម​គោរព​អ្នក សម​មិត្ត​រាល់គ្នា​។​សម​មិត្ត ខ្ញុំ​សូម​អរគុណ​​ចំពោះ​ការងារ​ដ៏​លំបាក​របស់​អ្នក​» ខណៈ​ពួក​ពលទាហាន​បាន​ស្រែក​ថា​« ស្វាគមន៍​លោក​ប្រធាន​។​ស្ម័គ្រចិត្ត​បំរើប្រជាជន​»​។​

​នាវា​ដឹក​យន្តហោះ​ផលិត​ក្នុង​ប្រទេស​ចិន​លើកដំបូង ដែល​កំពុង​ស្ថិត​ដំណាក់កាល​សាកល្បង មិន​មាន​វត្តមាន​ក្នុង​ក្បួន​នេះ​ទេ​តែ​នាវា​មុជទឹក​Liaoning​ដែល​ទិញ​មកពី​​អ៊ុយ​ក្រែន​មក​កែកុន​ប្រើ​បាន​មាន​វត្តមាន​។​​

ប្រធានាធិបតី​ចិន​ត្រួតពល​ក្នុង​ពិធី​ប្រារព្វ​ខួបកំណើត​កងទ័ពជើងទឹក​ចិន​

​មុន​ជួប​ជាមួយ​នាយ​ទាហានជើងទឹក​បរទេស លោក​ស៊ី​បាន​មានប្រសាសន៍ថា កងទ័ព​ជើង​ទឹក​នៃ​ពិភពលោក​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​សន្តិភាព​និង​សណ្តាប់ធ្នាប់​សមុទ្រ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​ស្រង់​សម្តី​របស់​លោក​ស៊ី ដែល​មាន​ប្រសាសន៍ថា​« ប្រជាជន​ចិន​ស្រឡាញ់​សន្តិភាព ហើយ​នឹង​ដើរ​តាម​ផ្លូវ​នៃ​ការអភិវឌ្ឍន៍​ដោយ​សន្តិវិធី​។​គ្រប់​​គ្នា​គួរ​គោរព​គ្នា ចាត់ទុក​គ្នា​ស្មើភាព ជំរុញ​ការជឿទុកចិត្ត​គ្នា ពង្រឹង​ការពិភាក្សា​អំពី​សមុទ្រ​និង​បង្កើន​កិច្ចសហការ​រវាង​កង​ទ័ពជើងទឹក​…​ជំរុញ​ការដោះស្រាយ​ជម្លោះ​ពាក់ព័ន្ធ​​សមុទ្រ​ដោយ​សមស្រប​»៕​ប្រែ​សម្រួល​៖​វាសនា​

ទូរទស្សន៍​រដ្ឋ​បង្ហាញ​រូប​នាវា​ពិឃាត Nanchang​ដែល​បំពាក់​ដោយ​កាំជ្រួច​នាំ​ផ្លូវ​របស់​ចិន​ជា​លើកដំបូង​